ជាតិ
សម្ដេច ហ៊ុន សែន នឹង​ទៅ​ប្រទេស​ហុង​គ្រី និង​តា​ហ្ស៊ី​គី​ស្ថាន នៅ​ចុង​សប្ដាហ៍​នេះ​
11, Jun 2019 , 7:59 am        
រូបភាព
​ភ្នំពេញ ៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី ហើយនឹង​ចូលរួម​សន្និសីទ​កំពូល​លើក​ទី​៥ ស្តីពី អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី នៅ​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដោយឡែក​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ ដល់​១៥ មិថុនា​។​

 
​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី​១៣​ដល់​១៤ មិថុនា​នោះ សម្តេច ហ៊ុន សែន នឹង​ជួបពិភាក្សា​ជាមួយ Viktor Orbán នាយករដ្ឋមន្ត្រី​ហុង​គ្រី រួមទាំង​ថ្នាក់ដឹកនាំ​ហុង​គ្រី លើ​បញ្ហា​ជាច្រើន​សំដៅ​លើកកម្ពស់ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែលមាន​ស្រាប់ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៅលើ​វេទិកា​ពហុភាគី​នានា​។ 
 
​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ ក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ​ដែរ គឺ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង កម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ ។​
 
​ដោយឡែក​នៅ​ថ្ងៃទី​១៥ មិថុនា​វិញ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​នឹង​បន្ត​ចូលរួម​សន្និសីទ​កំពូល​លើក​ទី​៥ (5th CICA Summit) ស្តីពី អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី នៅ​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​។​
 
​នៅក្នុង​កិច្ចប្រជុំ​នោះ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​នឹង​ថ្លែង​សុន្ទរកថា​ដោយ​ផ្តោតលើ​បញ្ហា​គន្លឹះ ទាក់ទង​នឹង​បញ្ហា​ប្រឈម​រួម​នៅ​តំបន់​អាស៊ី និង​ចែករំលែក​ទស្សនៈ​ស៊ីជម្រៅ​ពី​យុទ្ធសាស្ត្រ អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ តាមរយៈ​ការពង្រឹង​ជំនឿ​ទំនុកចិត្ត និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA ។​
 
​សម្ដេច ហ៊ុន សែន ក៏​ជួបពិភាក្សា​ជាមួយ​លោក អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុ​ន ប្រធានាធិបតី​តា​ហ្ស៊ី​គី​ស្ថាន និង​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀតផង​។​
 
​គួរ​បញ្ជាក់ថា CICA គឺជា​វេទិកា​ពហុភាគី​ដែលមាន​វត្ថុបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​សមាជិក​របស់ខ្លួន ក្នុង​វិស័យ​មួយចំនួន​ដូចជា សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​អាស៊ី និង​ពិភពលោក ទាំងមូល​។ បច្ចុប្បន្ន  សន្និសីទ​នេះ មាន​សមាជិក​អចិ​ន្រៃ្ត​យ៍​ចំនួន ២៦ ប្រទេស ហើយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១ ៕

Tag:
 ហ៊ុន សែន​
  ហុង​គ្រី​
  តា​ហ្ស៊ី​គី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com