ONE Championship
កីឡាជាតិ
ជាតិ
​សាន សៅ​យ៉ាន់ បង្ហាញ​អារម្មណ៍​ឈឺចាប់ និង​សប្បាយចិត្ត​ពេល​នាំ​សុខ ធី ទៅ​សង្វៀន ONE
11, Jun 2019 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​គ្រូបង្វឹក សាន សៅ​យ៉ាន់ ដែល​បាន​ដឹកនាំ​ជើង​ខ្លាំង សុខ ធី ទៅ​ប្រកួត​ចំនួន​៣​ដង​នៅ​សង្វៀន​ផ្សេងគ្នា​នៅ​ម៉ា​កាវ ឥណ្ឌូណេស៊ី និង ថៃ ក្រោម​ការជួយជ្រោមជ្រែង​ពី​សំណាក់​ម្ចាស់​ក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទ​រាជ្យ បាន​រៀបរាប់​អំពី​រឿងរ៉ាវ​ឈឺចាប់ និង សប្បាយចិត្ត​មួយចំនួន​កន្លងមក​។


 
​គ្រូបង្វឹក​វ័យ ៤០ ឆ្នាំ​មកពី​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អំពី​រឿង​ឈឺចាប់​ថា ៖«​ខ្ញុំ​សោកស្ដាយ​ដែល​គេ​សុទ្ធ​ខ្លាំងៗ និង ឈ្នះ​ខ្សែក្រវាត់​នៅ​ថៃ​ជាច្រើន ហើយ យើង​មិនទាន់​ឈ្នះ ១ ប្រកួត​សោះ​ក្នុង ៣ លើកចុងក្រោយ​នៅ ONE​។ ខ្ញុំ​តូចចិត្ត​ខ្លាំង យើង​ចង់បាន​លុយ និង កិត្តិយស មិនមែន​ទៅ​វ៉ៃ​លំៗ​យកតែ​លុយ​ទេ​។ ខ្ញុំ​ក៏​ឈឺចាប់ បងប្អូន​អ្នកគាំទ្រ​មួយចំនួន​ក៏​ឈឺចាប់​ដូចគ្នា​។

ប៉ុន្តែ​មានរឿង​ពីរ​ត្រូវ​យោគយល់ ទី​១ យើង​មាន​កិច្ចសន្យា​ជាមួយ​គេ​រួចហើយ ដែល​យើង​មិនអាច​ប្រកែក​បាន​ពេល​គេ​ចាប់​គូ​ត្រូវតែទៅ​វ៉ៃ​។ ទី​២ គីឡូ សុខ ធី ត្រឹម ៥៦,៧ គីឡូក្រាម ហើយ​គេ​អត់​មាន​គីឡូ​ស្រាល​ដូច​យើង​ទេ​ក្នុង​ការប្រកួត Kickboxing គេ​មានតែ​គីឡូ​លើ​យើង​។ ប៉ុន្តែ​បើ​ប្រកួត MMA ទើប​មាន​គីឡូ​ស្រាល ដូច្នេះ​យើង​មានតែ​ដំឡើង​ទៅ​វ៉ៃ​គីឡូ​គេ​។ វា​ជា​រឿង​លំបាក​ពេល​គីឡូ​តូច​ត្រូវ​ដំឡើង​ទៅ​វ៉ៃ​ដូច​គីឡូ​ធំ រាង​យ៉ាប់​ណាស់​។ សូម្បី​យើង​គិត​ក៏​ពិបាក​ហើយ​ព្រោះ​យក​អាតូច​ទៅ​វ៉ៃ​អា​ធំ​មិន​ងាយ​ទេ​។ មួយទៀត​ពេល​ដំឡើង​ទៅ​យើង​តូច​ជាងគេ​និង​ទាប​ជាង​។ ពេលខ្លះ​អា​រឿង​នាំទៅ​វ៉ៃ អត់​សង្ឃឹម​ឈ្នះ ក៏​រឹតតែ​ឈឺចាប់ ប៉ុន្តែ​យើង​ជា​ទឹកចិត្ត​កីឡាករ​ត្រូវតែ​ប្រឹង​ឲ្យ​អស់កម្លាំង​កាយ​ចិត្ត​»​។ 


 
​ក្នុងការ​បង្ហាញខ្លួន ៣ លើក​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE សុខ ធី ចាញ់​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់​ជាច្រើន​នៅ​ថៃ Leardsila ចំនួន ២ លើក និង ចុងក្រោយ​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​ថៃ Rodtang Jitmuangnon នៅ​សង្វៀន ONE: WARRIORS OF LIGHT កាល​ថ្ងៃទី ១០ ខែ ឧសភា នៅ​ក្រុង​បាងកក​។ គ្រូបង្វឹក​វ័យ ៤០ ឆ្នាំ​ដដែល​រំពឹងថា ខាង ONE អាច​ចាប់​គូ​ឲ្យ​ស្របាក់ស្របាល​គ្នា​ក្នុងការ​ប្រកួត​លើក​ក្រោយ ពោល កុំ​ឲ្យ​ល្អ​លើស​បែបនេះ​ពេក​។  បន្ទាប់ពី​ប្រកួត​ចប់ បច្ចុប្បន្ន សុខ ធី ទើប​ចាប់ផ្ដើម ហ្វឹកហាត់ រត់​បាន​តិចៗ ដោយសារ​របួស​ជើងឆ្វេង កាល​ប្រកួត​ទល់នឹង Rodtang​។ គ្រូបង្វឹក​បន្តថា ការត្រៀមខ្លួន​ទៅ​ប្រកួត​នៅ​សង្វៀន​មួយ​នៅ​ថៃ គឺ អត់​ទេ ព្រោះ​គេ​ដាក់ឈ្មោះ​កូនសិស្ស​របស់លោក​ដោយ​មិនបាន​ប្រាប់​មុន ដូច្នេះ លោក​បាន​ដកខ្លួន ទាំង​សុខ ធី និង ប៉េ​ប៉េ​។ 
 
​យ៉ាងណាក្ដី អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់ ៥៧ គីឡូក្រាម​កាល​ឆ្នាំ ២០០២​សរសើរ​ស្ញប់ស្ញែង​ទៅកាន់ ONE ថា ៖« ONE រៀបចំ​បានល្អ ការ​ស្នាក់​សណ្ឋាគារ​ល្អៗ ហូបចុក​គ្រប់គ្រាន់ ការធ្វើដំណើរ និង ការចំណាយ​ផ្សេងៗ គឺ​មិនមាន​បញ្ហា​។ ហើយ​មុន​ការប្រកួត​មានការ​ពិនិត្យ​សុខភាព​តឹងតែង​ណាស់​។ បើសិនជា​ពិនិត្យ​សុខភាព​ធ្លាក់ ឬ មាន​បញ្ហា​តិចតួច​ក៏​គេ​មិន​ឲ្យ​ឡើង​ប្រកួត​ដែរ​»​។ 
 
​គ្រូបង្វឹក សាន សៅ​យ៉ាន់ បច្ចុប្បន្ន​ជា​គ្រូបង្វឹក​នៅ​ក្លិប​របស់ខ្លួន​ឈ្មោះ «​សៅ​យ៉ាន់​នាគា​» ស្ថិតនៅ​ខេត្តបន្ទាយមានជ័យ​។ លោក​បាន​ចូល​ហ្វឹកហាត់​ប្រដាល់​តាំងពី​រៀន​ថ្នាក់​ទី ៨ ជាមួយ​គ្រូ ដុន ផូ និង ពូ​របស់ខ្លួន មុន​បន្តទៅ​ហ្វឹកហាត់​ជាមួយ គ្រូ ឈុត សេរី នៅ​ខេត្តបាត់ដំបង​។ លោក​ហក់​ល្បី​ខ្លាំង​ជំនាន់​ហ្វឹកហាត់​ជាមួយ​គ្រូ​ឈុត​សេរី​។ កាល​នៅ​ជា​កីឡាករ​លោក​ធ្លាប់​ខ្សែក្រវាត់ M150 ទម្ងន់ ៥៧ គីឡូក្រាម នៅ​ឆ្នាំ ២០០២​។ អំឡុង​ឆ្នាំ ២០០៣ និង ២០០៤ លោក​ធ្លាប់​វ៉ៃ​ជាមួយ​ជើង​ខ្លាំង ជ័យ កុសល ចំនួន ៣ ដែរ ហើយ​លទ្ធផល ឈ្នះ​១ ស្មើ ១ និង ចាញ់ ១ ដង​។ លោក​រំលឹកថា ពេល​ប្រកួត​ជាមួយ​ជ័យ កុសល លោក​ប្រើ​កម្លាំង​រហូតដល់ បាក់ដៃ​ចំនួន ២​លើក ដែល​កាលនោះ​មាន​បាក់​ប្រអប់ដៃ និង ម្រាមដៃ​ខាងស្ដាំ​។ បន្ទាប់មក​លោក​ឈប់​ឡើង​ប្រកួត​ដោយសារ​មាន​របួស មុន​ចូល​រោងការ​បង្កើត​គ្រួសារ​នៅ​ឆ្នាំ ២០០៥៕
 

Tag:
 MMA
  សាន សៅ​យ៉ាន់​
  សុខ ធី​
© រក្សាសិទ្ធិដោយ thmeythmey.com