ជាតិ
សេដ្ឋកិច្ច
អាមេរិកប្រាប់កម្ពុជាពីផលប្រយោជន៍ដែលទទួលបានពីកម្មវិធីអនុគ្រោះពន្ធ GSP
× លោក Karl Ehlers (កាល អ៊ីលើ) ឧបការីតំណាងពាណិជ្ជកម្មអាមេរិក បានបង្ហាញពីផលប្រយោជន៍ជាច្រើនដែលជួយជំរុញឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងតាមរយៈកម្មវិធីអនុគ្រោះពន្ធ GSP របស់រដ្ឋាភិបាលអាមេរិក។ នេះបើយោងតាមការលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។
លោក Karl Ehlers បាននិយាយថា៖«ប្រទេសកម្ពុជា ជាប្រទេសទទួលផលធំទី៨ ពីកម្មវិធី GSP ហើយការរីកចម្រើននេះផងដែរ ក៏បានឆ្លុះបញ្ចាំងពីចំណុចវិជ្ជមានជាច្រើនក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជា»។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានទទួលស្គាល់ពីសារៈសំខាន់នៃកម្មវិធីអនុគ្រោះពន្ធ GSP ផងដែរ។ ដោយលោកបានលើកឡើងពីការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកមានការកើនឡើងជាលំដាប់ ជាពិសេសក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ដែលមានទំហំប្រមាណជិត ៥០០ លានដុល្លារ ហើយតាមរយៈកម្មវិធីមួយនេះក៏បានជួយជំរុញឲ្យវិនិយោគិនអាមេរិកមកវិនិយោគនៅកម្ពុជាផងដែរ។
លោកបាននិយាយថា៖«ការផ្ដល់ការអនុគ្រោះពន្ធគយនេះ ក៏បានទាក់ទាញវិនិយោគិនអាមេរិកផងដែរ ដូចជាក្រុមហ៊ុនផលិតកាបូបប្រណិតម៉ាក Tumi ជាដើម»។
រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ ក៏បានជំរុញឲ្យមានកិច្ចពិភាក្សារបន្តែមទៀតដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
គួររម្លឹកថា នាពេលថ្មីៗនេះសមាជិកសភាអាមេរិកបានស្នើឲ្យរដ្ឋាភិបាលរបស់ខ្លួនដក ឬព្យួរប្រព័ន្ធពីកម្ពុជាវិញ ដោយបានអៈអាងថារដ្ឋាភិបាលកម្ពុជាបានរំលោភសិទិ្ធមនុស្ស និងប្រជាធិបតេយ្យ៕
Tag:
អាមេរិក
GSP
លោក ប៉ាន សូរស័ក្កិ
© រក្សាសិទ្ធិដោយ thmeythmey.com