ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩)៖Train Square Co. Ltd., ដែលជាក្រុមហ៊ុនមកពីអាមេរិក និងអឺរ៉ុប និងជាក្រុមហ៊ុនទទួលខុសត្រូវ លើការជួសជូលស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញ បានប្រកាសជាផ្លូវការថា ក្រុមហ៊ុននេះបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការជួលរយៈពេលវែងមួយ ជាមួយក្រុមហ៊ុន Royal Group និងលោក គិត ម៉េង ដែលជាអគ្គនាយករបស់ក្រុមហ៊ុន។
លោក Scott Bolls មេធាវីផ្នែកច្បាប់អចលនទ្រព្យ និងការអភិវឌ្ឍ ហើយនឹងក្លាយជាអ្នកដឹកនាំដ៏សំខាន់លើគម្រោងនេះ បានឲ្យដឹងថា៖«អគារ Royal Train Square គឺជាគម្រោងថ្មីចុងក្រោយគេបំផុត ក្នុងទស្សនវិស័យរបស់លោក គិត ម៉េង ក្នុងការធ្វើឲ្យប្រព័ន្ធផ្លូវដែករបស់កម្ពុជា និងរចនាសម្ព័ន្ធពាក់ព័ន្ធរបស់ផ្លូវដែក មានភាពទាន់សម័យ។ ដែលនេះគឺជាផ្នែកមួយ ដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ»។
Royal Train Square នឹងក្លាយជាអគារមួយ ក្នុងចំណោមអគារដែលមានការអភិវឌ្ឍថ្មីដ៏គួរឲ្យទាក់ទាញបំផុត នៅរាជធានីភ្នំពេញ ដើម្បីស្វាគមន៍អ្នកដំណើរដោយរថភ្លើង ទាំងទៅ ទាំងមក ក៏ដូចជានឹងក្លាយជាកន្លែងជួបជុំគ្នាថ្មីមួយ ក្នុងតំបន់អាជីវកម្មដែលកំពុងរីកចម្រើនមួយនេះ។
អគារនេះ នឹងមានទំហំចំនួន៣,០០០ម៉ែត្រការ៉េ សម្រាប់ការសាងសង់ធ្វើជាកន្លែងពាណិជ្ជកម្ម ក្នុងនោះរាប់បញ្ចូលទាំងការសាងសង់ហាងទំនើបផ្សេងៗ ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូរ ATM ជាច្រើន និងជាកន្លែងសម្រាប់ជួលធ្វើជាការិយាល័យ សម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីពិព័រណ៌ផ្សេងៗ។
ស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរអាណានិគមបារាំង ក្នុងឆ្នាំ១៩៣២ ខណៈដែលស្ថានីយ៍មួយនេះ ទើបតែបានបំពេញការសាងសង់ខ្សែផ្លូវដែករបស់ខ្លួន ទៅកាន់ខេត្តបាត់ដំបង កាលពេលថ្មីៗនេះ។
យោងតាមលោក John Guiry ប្រធានក្រុមហ៊ុន Royal Railways ស្ថានីយ៍រថភ្លើងនេះ ត្រូវបានជួសជុលឡើងវិញ កាលពីឆ្នាំ២០១២ ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railways បានដាក់ឲ្យដំណើរជាធម្មតាឡើងវិញ នូវសេវាធ្វើដំណើរដោយរថភ្លើង ទៅកាន់ខេត្តកំពត ព្រះសីហនុ ពោធិ៍សាត់ និងប៉ោយប៉ែត ក៏ដូចជាសេវាដឹកជញ្ជូនជាទៀងទាត់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក Bolls មានប្រសាសន៍ថា៖ «ស្របពេលមានការរីកលូតលាស់ ក្នុងតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់រាជធានីភ្នំពេញ វាជាពេលវេលាដ៏ត្រឹមត្រូវ ក្នុងការនាំយកស្ថានីយ៍រថភ្លើងមួយនេះ ទៅកាន់សតវត្សរ៍ទី២១ ក្នុងនាមជាគោលដៅមួយសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរ ក្នុងការទៅសម្រាកលំហែ នៅកន្លែងដែលពោរពេញផាសុកភាពមួយ»។
លោក Bolls បានប្រាប់បន្តថា៖ «វានឹងច្របាច់បញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងហាងជុំវិញនោះ ជាពិសេសតំបន់កណ្តាលរាងការ៉េដ៏ស្រស់ស្អាត នៅពីមុខស្ថានីយ៍ ហើយយើងជឿជាក់ថា វានឹងក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងដ៏ពេញនិយមបំផុតក្នុងទីក្រុងនេះ ដើម្បីជួបជុំគ្នា និងទទួលទានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ ទិញទំនិញ និងជាកន្លែងរៀបចំព្រឹត្តិការណ៍ ក៏ដូចជាពិព័រណ៌ផ្សេងៗដ៏ពិសេសតែមួយ ដែលផ្ទុយគ្នាស្រឡះ ទៅនឹងរូបរាងដែលយើងធ្លាប់បានឃើញពីមុន»។
គម្រោងជួសជុលឡើងវិញ មានទឹកប្រាក់៥លានដុល្លារអាមេរិកមួយនេះ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល៣ ទៅ៤ខែខាងមុខទៀត ស្របពេលដែលក្រុមហ៊ុនជាអាជីវករជួលជាច្រើន នឹងតម្រង់ជួរគ្នា ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្ម នៅហាងផ្សេងៗដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត។ លោក Bolls បានបញ្ជាក់ថា៖ «យើងគិតទុកជាមុនរួចជាស្រេច ពីអត្ថប្រយោជន៍ដ៏ពិសេស ដែលបានមកពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ និងពិតជាចង់ផ្សារភ្ជាប់ក្នុងពេលឆាប់ៗនេះ ជាមួយនឹងក្រុមហ៊ុនជួលដ៏សំខាន់មួយ ដែលអាចធ្វើការជាមួយយើង ដើម្បីជួយបង្កើតចេញរូបរាង លើគម្រោងដែលកំពុងបន្តមួយនេះ»។
គម្រោងនេះ អនុវត្តយ៉ាងយកចិត្តទុកដាក់ ស្របតាមគម្រោងរយៈពេលវែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រែក្លាយរូបរាងស្ថានីយ៍រថភ្លើងរបស់កម្ពុជាទាំងស្រុង និងដើម្បីផ្តល់សេវាផ្សេងៗ ក្នុងគោលបំណងធ្វើឲ្យការធ្វើដំណើរដោយផ្លូវដែក ក្លាយជាជម្រើសប្រកបដោយអត្ថប្រយោជន៍មួយ សម្រាប់អ្នកដំណើរ។
លោក Simon Griffiths នាយកផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន Urban Asset Solution ដែលនឹងទទួលខុសត្រូវលើការធ្វើទីផ្សារក្នុងគម្រោងនេះ ទៅកាន់ក្រុមហ៊ុនជួលសំខាន់ៗ បានបញ្ជាក់ថា៖«ជាលើកទី១ សម្រាប់ភ្ញៀវដែលធ្វើដំណើរមកដល់ទីក្រុងនេះ ដោយរថភ្លើង។ ស្ថានីយ៍នេះ មិនធ្លាប់ផ្តល់ការស្វាគមន៍ជាពិសេសពីមុនមកឡើយ។ ជាមួយនឹងការអភិវឌ្ឍឡើងវិញនេះ យើងចង់ឲ្យភ្ញៀវទាំងអស់ ដឹងពីកម្រិតដែលទីក្រុងភ្នំពេញ និងប្រទេសកម្ពុជា បានអភិវឌ្ឍ ក៏ដូចជា មើលឃើញពីកម្រិតដែលការជួសជុល ប្រកបដោយការយកចិត្តទុកដាក់ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ អាចធ្វើឡើងដោយផ្អែកទៅលើសក្តានុពល របស់អគារជាបេតិកភណ្ឌដ៏ស្រស់ស្អាតជាច្រើនរបស់យើង»៕
ដើម្បីសាកសួរព័ត៌មានពីការជួល សូមទាក់ទងទៅកាន់ក្រុមហ៊ុន The Mall Company តាមរយៈអ៊ីម៉ែល
[email protected] ឬតាមរយៈទូរស័ព្ទលេខ: 089 999 681 និង 093 999 621៕
(អត្ថបទពាណិជ្ជកម្ម)