ជាតិ
សង្គមជាតិ
មេរៀនរដ្ឋធម្មនុញ្ញ នឹងមានចាប់ពីថ្នាក់ទី៤ឡើង
10, Jun 2019 , 6:32 pm        
រូបភាព
កិច្ចប្រជុំរវាង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ (ឆ្វេងដៃ) និង លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
កិច្ចប្រជុំរវាង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ (ឆ្វេងដៃ) និង លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជ្រើសរើសយក២៣មាត្រាក្នុងធម្មនុញ្ញ បញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំង៣កម្រិត គឺនៅបឋមសិក្សា មធ្យមសិក្សា និងមធ្យមសិក្សាទុតិយភូមិ។ ការសម្រេចនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រុមប្រឹក្សាធម្មនុញនិងក្រសួងអប់រំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។



ក្រុមបច្ចេកទេសនៃក្រុមប្រឹក្សាធម្មនុញ្ញ នឹងសិក្សាបន្ថែមទៀត ហើយក្រុមបច្ចេកទេសជាអ្នករៀបចំបច្ចេកទេស និងមេរៀនសម្រាប់បញ្ជ្រាបចូលក្នុងកម្មវីធីសិក្សា ចំណែក ក្រសួងអប់រំជាអ្នកបោះពុម្ភផ្សាយ។ ក្រុមប្រឹក្សាធម្មនុញ្ញនិងក្រសួងអប់រំ បានចុះអនុស្សារណៈជាមួយគ្នា ស្ដីពីការដាក់បញ្ចូលបទប្បញ្ញតិ្តគ្រឹះមួយចំនួននៃធម្មនុញ្ញចូលទៅក្នុងកម្មវិធីសិក្សា។

យោងតាមអនុស្សរណៈនោះ មាត្រាទាំង២៣នៃរដ្ឋធម្មនុញ្ញ ដែលនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធអប់រំ រួមមាន មាត្រា១ មាត្រា៣ មាត្រា៤ មាត្រា៥ មាត្រា៧ មាត្រា៨ មាត្រា៣១ មាត្រា៤០ មាត្រា៤១ មាត្រា៤៣ មាត្រា៤៧ មាត្រា៤៩ថ្មី មាត្រា៥០ មាត្រា៥១ថ្មី មាត្រា៥៣ថ្មី មាត្រា៥៦ មាត្រា៦៨ មាត្រា៧០ មាត្រា៧១ មាត្រា១៣៦ថ្មី មាត្រា១៥២ថ្មី មាត្រា១៥៤ថ្មី និង មាត្រា១៥៥ថ្មី។

លោក តាំង រតនា អគ្គលេខាធិការនិងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងក្រោយពីបញ្ចប់កិច្ចប្រជុំថា មាត្រាខាងលើជាមាត្រាសំខាន់សម្រាប់ពលរដ្ឋគ្រប់រូបត្រូវយល់ដឹង។ លោក បន្តថា នៅបឋមសិក្សា គឺចាប់ពីថ្នាក់៤ ដល់ថ្នាក់ទី៦ នឹងមានមេរៀនរដ្ឋធម្មនុញ្ញ។

យ៉ាងណា អ្នកនាំពាក្យរូបនេះ អះអាងថា កិច្ចប្រជុំនេះ មិនទាន់សម្រេចនៅឡើយទេថា នឹងបញ្ចូលមេរៀនរដ្ឋធម្មនុញ្ញ ទៅក្នុងប្រព័ន្ធអប់រំជាផ្លូវការនៅពេលណា។ លោក បន្ថែម ក្រុមប្រឹក្សាធម្មនុញ្ញ និង ក្រសួងអប់រំ នឹងមានកិច្ចប្រជុំជាមួយគ្នាលើកក្រោយទៀត។

អ្នកនាំពាក្យ បញ្ជាក់ដូច្នេះថា «រដ្ឋធម្មនុញ្ញ មានក្នុងកម្មវិធីសិក្សាជាយូរមកហើយ តែដើម្បីឲ្យប្រជាពលរដ្ឋនិងយុវជនយល់កាន់តែច្បាស់ ក្រុមប្រឹក្សាធម្មនុញ្ញ បានពិភាក្សាដាក់ចូលក្នុងកម្មវិធីសិក្សាបន្ថែមទាំង៣កម្រិត។ ការដាក់បញ្ចូលនេះ មិនមែនបង្កើតមុខវិជ្ជារដ្ឋធម្មនុញ្ញទេ គឺបញ្ចូលក្នុងមុខវិជ្ជាតាមក្រុមបច្ចេកទេសកំណត់។»

លោក តាំង រតនា អះអាងថា  ក្រុមបច្ចេកទេសនៃក្រុមប្រឹក្សាធម្មនុញ្ញ កំពុងសិក្សាពីវិធីសាស្រ្តក្នុងការបញ្ជ្រាបចូលមាត្រាណាមួយចូលក្នុងកម្រិតសិក្សាទាំង៣ ពោលគឺ «មិនមែនដាក់ទាំង២៣មាត្រា នៅគ្រប់កម្រិតនោះទេ»។ «ឧទាហរណ៍ថា ថ្នាក់៤ ថ្នាក់៥ និងថ្នាក់៦ យើងត្រូវដាក់មាត្រាណា ហើយថ្នាក់ផ្សេងទៀត យើង ត្រូវដាក់មាត្រាណា ដើម្បីឲ្យសមស្របនឹងកម្រិតរបស់សិស្ស»។


លោក តាំង រតនា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ (រូបទី៣ រាប់ពីឆ្វេងទៅស្តាំ) ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)  

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ បានចេញសេចក្តីសម្រេចមួយស្តីពីការបង្កើតក្រុមការងារ ដើម្បីសិក្សាពីការដាក់រដ្ឋធម្មនុញ្ញ ចូលទៅក្នុងកម្មវិធីសិក្សា។ បើតាមសេចក្តីសម្រេចនោះ មេរៀនរដ្ឋធម្មនុញ្ញ នឹងត្រូវបញ្ចូលទៅក្នុងមុខវិទ្យាសីលធម៌ និងពលរដ្ឋវិទ្យា។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន រដ្ឋធម្មនុញ្ញកម្ពុជា មានរយៈពេល២៦ឆ្នាំហើយ ដោយឆ្លងកាន់ការធ្វើវិសោធនកម្មដល់ទៅ៩លើក។ រដ្ឋធម្មនុញ្ញនេះ មាន១៧ជំពួក និង១៦០មាត្រា៕

Tag:
 រដ្ឋធម្មនុញ្ញ
  អប់រំ
  តាំង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com