ជាតិ
២៥ខេត្ត/រាជធានី
ក្រសួងបរិស្ថាន នឹង​ពិនិត្យ​លើ​ការសហការ​ជាមួយ​សមាគម​អៃ​រាវ​ត្តា បង្កើត​មជ្ឈមណ្ឌល​បង្កា​ត់​ពូជ​ដំរី​នៅ​កម្ពុជា​
10, Jun 2019 , 9:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សាយ សំ​អាល់ នឹង​ពិនិត្យ​លើ​កា​សហការ​គាំទ្រ​ទាំង​ស្មារតី និង​បច្ចេកទេស​ដល់​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជ​ដំរី​ខ្មែរ​ដំបូង​គេ នៅ​កម្ពុជា ដើម្បី​បង្កើន​ចំនួន​សត្វ​ដំរី ព្រមទាំង​រួមចំណែក​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ ទន្ទឹមនឹង​ការគាំទ្រ​នេះ សមាគម​អៃ​រាវ​ត្តា​បាន​ព្យាយាម​អភិរក្ស​សត្វ​ដំរី​ចំនួន​៤​ក្បាល នៅក្នុង​ខេត្តរតនគិរី យ៉ាង​ស្វិតស្វាញ​។​





​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នឹង​ពិនិត្យ​លើ​ការសហការ​គាំទ្រ​ទាំង​ស្មារតី​និង​បច្ចេកទេស ដើម្បី​ជួយ​ឱ្យ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា ដែលមាន​ទីតាំង​ក្នុង​ខេត្ត​រតនគីរី  មានលទ្ធភាព​និង​គុណភាព​ក្នុងការ​បង្កើន​ពូជ​ដំរី​ឱ្យបាន​ច្រើន ដែលជា​ការរួមចំណែក​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន នា​ជំនួប​ជាមួយ​លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​


                (រូបភាពពីគេហទំ​ព័រហ្វេសក្រសួងបរិស្ថាន)

​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​និង​គាំទ្រ​ដល់​សមាគម​ដំរី​របស់​លោកស្រី ចិន្តា បង្កើត​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​លើ​សារៈសំខាន់​នៃ​ការអភិរក្ស​ដំរី​ដល់​កុមារ នៅតាម​សាលារៀន ដើម្បី​ជួយ​បណ្តុះ​គំនិត​វិជ្ជមាន ដែល​អាច​ចូលរួម​ដល់​ការអភិរក្ស​ថនិកសត្វ​ប្រភេទ​ធំ និង​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក​។​

​ឆ្លើយតប​នឹង​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោកស្រី ខៃ ចិន្តា ប្រធាន​សមា​គ​អភិរក្ស​ដំរី​អៃ​រាវ​ត្តា សម្តែង​នូវ​សេចក្តី​រីករាយ​និង​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​សហការ​ពី​ក្រសួងបរិស្ថាន ជាពិសេស ការគាំទ្រ​ដល់​សកម្មភាព​ការអភិរក្ស​ដំរី និង​គម្រោង​បង្កើត​កន្លែង​បង្កាត់​ពូជ​ដំរី​ដំបូង​គេ​នៅ​កម្ពុជា​។​

                      (រូបភាពពីគេហទំ​ព័រហ្វេសក្រសួងបរិស្ថាន)

លោកស្រី ចិន្តា បាន​បញ្ជាក់ថា ដើម្បី​ថែរក្សា និង​អភិរក្ស​សត្វ​ដំរី​កម្ពុជា និង​ប្រពៃណី​ហ្មដំរី​តាំងពី​បរម​បុរាណ ដែល​មាននៅ​សេសសល់ ក្នុង​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស មូលនិធិ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា ត្រូវបាន​បង្កើត​កាលពី ៤​ឆ្នាំមុន ដោយ​ផ្ដល់ឱកាស​ឲ្យ​ភ្ញៀវទេសចរ​ទទួលបាន​ភា​ព​ស្និទ្ធស្នាល​ជាមួយ សត្វ​ដំរី​ចិញ្ចឹម​ក្នុង​បរិស្ថាន​នៃ​ព្រៃ​ធម្មជាតិ​។ មូលនិធិ​នេះ​នឹង​រួមចំណែក​អភិរក្ស​ព្រៃឈើ​ជា​ជម្រក​សត្វព្រៃ​ក៏ ដូចជា​ធ្វើ​ឲ្យ​រស់រាន​ឡើងវិញ​នូវ​ប្រពៃណី​ចិញ្ចឹម​មើលថែ​សត្វ​ដំរី​។​

អត្ថបទទាក់ទង


សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៦ ខែ​កក្ត​ដា ឆ្នាំ​២០១៩​នេះ សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា នឹង​រៀបចំ​ទិវា​ដាំ​កូនឈើ​នៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​ពីរ ស្រុក​លំផាត់ ដែលជា​កន្លែង​អភិ​ក្សស​ត្វ​ដំរី​របស់​សមាគម ដើម្បី​ការពារ​បរិស្ថាន ផ្តល់​ជម្រក​ដល់​សត្វ​ដំរី បង្កើត​ទេសចរណ៍​បៃតង​នៅក្នុង​ខេត្តរតនគិរី ទឹកដី​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ នៅក្នុង​ទិវា​ដាំ​កូនឈើ​នោះ​ក៏មាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក លោក ខៀវ កាញារីទ្ធ ចូលរួម​ផងដែរ​។


                    (រូបភាពពីគេហទំ​ព័រហ្វេសក្រសួងបរិស្ថាន)

សូម​ទំនាក់ទំនង​ព័ត៌មាន​បន្ថែម​សម្រាប់​លោកអ្នក​ដែល​ចូលរួម​ដាំ​កូនឈើ​៖
​កញ្ញា ឌួង ហ្សូ​រី​ដា ៖ ០៩៥ ៧៧ ៧៧ ១៤
​លោក មុំ សា​ម៉េ​ត (VJ Hero)៖ ០១២ ៥៣ ៦៦ ៧៦
​អ្នកនាង ភួង ស្រី​មាស ៖ ០១៦ ៦៩ ១៥ ៩៩


© រក្សាសិទ្ធិដោយ thmeythmey.com