FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ជើង​ទី​ពីរ ​ស្រីលង្កា​-​ម៉ា​កាវ ត្រូវ​លុបចោល ដោយសារ​ម៉ា​កាវ​អត់​ហ៊ាន​ទៅ​ស្រីលង្កា​
10, Jun 2019 , 10:14 pm        
រូបភាព
ស្រីលង្កា ធ្វើសន្និសីទសារព័ត៌មានមុន​ការប្រកួត មុនពេលដែល​ FIFA សម្រេចលុបចោលការប្រកួតផ្លូវការ
ស្រីលង្កា ធ្វើសន្និសីទសារព័ត៌មានមុន​ការប្រកួត មុនពេលដែល​ FIFA សម្រេចលុបចោលការប្រកួតផ្លូវការ
ដោយ: ថ្មីៗ
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានសម្រេច​លុបចោល​ជា​ផ្លូវការ​ជំនួប​ជើង​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​បឋម World Cup រវាង​ម្ចាស់ផ្ទះ​ស្រីលង្កា និង​ម៉ា​កាវ ដែល​គ្រោង​រៀបចំឡើង​នា​ថ្ងៃទី​១១ ខែមិថុនា នៅ​ក្រុង​កូឡុំបូ​។ នេះ​បើតាម​ការអះអាង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ស្រីលង្កា (FFSL) ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។​


អត្ថបទទាក់ទង

​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ា​កាវ (MFA) បានប្រកាសថា ពួកគេ​សម្រេច​មិន​បញ្ជូន​ក្រុម​ទៅ​ប្រកួត​ជើង​ទី​ពីរ​នៅ​ទឹកដី​ស្រីលង្ការ​វិញ​ឡើយ បើទោះបីជា​ពួកគេ​មានប្រៀប​ជាមួយនឹង​លទ្ធផល ១-០ ក៏ដោយ​។ MFA បញ្ជាក់ថា ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កីឡាករ និង​ក្រុម​ទាំងមូល​ដោយសារតែ​ស្រីលង្កា ទើបតែ​រង​ការវាយប្រហារ​ដោយ​ភេរវកម្ម​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​

MFA ស្នើ​ឲ្យ​រៀបចំ​ប្រកួត​នៅ​ទឹកដី​កណ្តាល ប៉ុន្តែ FFSL អះអាងថា ពួកគេ​ធានា​សន្តិសុខ​ពិសេស​សម្រាប់​ជំនួប​នៅ​កូឡុំបូ ដោយ​ស្រីលង្កា​ចង់​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ និង​បង្ហាញ​ជំហរ​រួមគ្នា​ក្នុង​សហគមន៍​ក្នុងការ​បង្ហាញ​សាមគ្គីភាព​ក្នុង​វិស័យ​កីឡា​។​

​ជាធម្មតា ស្រីលង្កា នឹង​ឡើងទៅ​ជុំ​ទី​ពីរ​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ពួកគេ​រង់ចាំ​ការប្រកួត និង​ការកំណត់​លទ្ធផល​ជា​ផ្លូវការ​ពី​សំណាក់ FIFA ជាមុនសិន​។​

​សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​ស្រីលង្កា បានរៀបចំ​ធ្វើ​សន្និសីទ​មុន​ការប្រកួត​តែម្នាក់ឯង ដោយឡែក​មន្ត្រី​រៀបការ​ប្រកួត​របស់ FIFA ក៏ត្រូវ​ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​កំណើត​រៀងៗ​ខ្លួន​ផងដែរ​។​

​ ​

តាមពិតទៅ ក្រុម​កីឡាករ​ម៉ា​កាវ ពិតជា​ចង់​លេង​នៅ​ជើង​ទី​ពីរ​ក្នុងប្រទេស​ស្រីលង្កា​ខ្លាំងណាស់ ប៉ុន្តែ​ពួកគេ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ហ​ព័ន្ធ​បាល់ទាត់​ខ្លួន​៕


Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com