ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេង​ទាំង​សក់​សើម ក្រៅពី​ធ្វើ​ឲ្យ​ខូច​សក់ វា​ក៏​ប៉ះពាល់​ដល់​សុខភាព​ទាំង​នេះដែរ​
11, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​មិនបាន​ងូតទឹក​នៅពេល​យប់​ដោយសារតែ​អស់កម្លាំង​ខ្លាំងពេក អាចជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​អ្នកផ្ទះ​ចេះតែ​ដេញ​ឲ្យ​ទៅ​ងូតទឹក​ទាំងយប់​ជ្រៅៗ​បាន​។ យ៉ាងណាមិញ ការដែល​គេង​ទាំង​សក់​សើម មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខូច​សរសៃសក់​ទេ តែ​ក៏​អាចធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ដែរ​។ តើ​ជំងឺ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​មាន​ជំងឺ​
 
​ការឆ្លង​ជំងឺ​ផ្តាសាយ​គឺជា​ជំងឺ​មួយ​ដែល​កើត​ឡើងជា​ញឹកញាប់​បើសិនជា​ប្រព័ន្ធ​ភាពស៊ាំ​ស្រាប់តែ​ចុះខ្សោយ​។ យ៉ាងណាមិញ វា​មិនមាន​អំណះអំណាង​ណាមួយ​ដែល​បញ្ជាក់ថា មនុស្ស​ម្នាក់​អាច​ឆ្លង​ជំងឺ​ផ្តាសាយ​ដោយសារតែ​គេង​ទាំង​សក់​សើម​នោះទេ​។ នៅពេល​មនុស្សម្នា​ក់មាន​ជំងឺ​ផ្តាសាយ វា​ច្រើនតែ​បង្កឡើង​ដោយ​វីរុស​។ 
 
​ជំងឺ​ផ្តាសាយ​មិន​ប្រាកដថា ទាក់ទង​នឹង​ភាព​ត្រជាក់​ទាំងអស់ តែមាន​វីរុស​ច្រើនណាស់​រហូតដល់ ២០០​ប្រភេទ​ឯណោះ​ដែល​បង្ក​ជា​ជំងឺ​នេះ ហើយ​ច្រើនតែ​ជា​វីរុស​ឈ្មោះថា Rhinovirus​។ នៅពេល​វីរុស​នេះ​ចូលទៅក្នុង​រាងកាយ​តាមរយៈ​ច្រមុះ មាត់ ឬ​ភ្នែក និង​រាលដាល​តាម​ដំណកទឹក​ក្នុង​ខ្យល់អាកាស នៅពេល​អ្នកជំងឺ​កណ្តាស ឬ​ក្អក ឬ​និយាយ​។ អ្នក​ក៏​អាច​ឆ្លង​ជំងឺ​នេះ​តាមរយៈ​ការប៉ះពាល់​កន្លែង​ដែល​អ្នកជំងឺ​ប៉ះពាល់​ដែរ​។ ជំងឺ​ផ្តាសាយ​ទំនងជា​កើតឡើង​ជា​ញឹកញាប់​ក្នុង​អាកាសធាតុ​ត្រជាក់ ដោយសារតែ​មនុស្ស​នៅក្នុង​ផ្ទះ​ច្រើន ដូច្នេះ​វីរុស​នឹង​នៅក្នុង​ផ្ទះ​បង្ក​ជំងឺ​បាន​កាន់តែច្រើន​។ 

​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​
 
​ថ្វីបើ​ការ​គេង​ទាំង​សក់​សើម​មិន​ប្រាកដថា​ធ្វើ​ឲ្យ​ផ្តាសាយ​ក៏ដោយ តែ​វា​ក៏​បង្កើន​ការ​ប្រឈម​នឹង​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​លើ​ស្បែកក្បាល​បាន​។ មេរោគ​ផ្សិត​មួយ​ឈ្មោះថា Malassezia អាច​នាំ​ឲ្យ​កើត​ជំងឺ​ជាច្រើន​ដូចជា រលាក​ស្បែក ឬ​អង្គែ​ស្បែកក្បាល​បាន​។ 
 
​ជាមួយនឹង​មេរោគ​ផ្សិត​មាន​ជាធម្មតា​លើ​ស្បែកក្បាល តែ​ខ្នើយ​ក៏​ជា​កន្លែង​បង្ក​មេរោគ​ផ្សិត​ផងដែរ​។ វា​អាច​រស់នៅក្នុង​មជ្ឈដ្ឋាន​ក្តៅ​ឧណ្ហៗ និង​ស្រោមខ្នើយ​ដែល​ហើម​ផងដែរ​។ ការសិក្សា​មួយ​ទៅលើ​មេរោគ​ផ្សិត​ដែលមាន​លើ​គ្រែ បាន​រកឃើញថា មេរោគ​ផ្សិត​ប្រភេទ Aspergillus Fumigatus ដែល​ច្រើនតែ​ធ្វើ​ឲ្យ​មានការ​បង្ក​រោគ​ធ្ងន់ធ្ងរ​លើ​អ្នកជំងឺ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ក៏​ធ្វើ​ឲ្យ​អាកា​រៈ​ជំងឺហឺត​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​។ 

​ខូច​សរសៃសក់​
 
​ការ​គេង​ទាំង​សរសៃសក់​សើម​ពិតជា​ប៉ះពាល់​ទៅលើ​សរសៃសក់​ខ្លួនឯង​ណាស់​។ ជាមួយនឹង​ការ​គេង​រើ​ចុះ​ឡើយ ក្បាល​ក៏ត្រូវ​រើ​ចុះឡើង​ដែរ ដូច្នេះ​សរសៃសក់​ដែល​សើម ជាមួយគ្នា​នឹង​ការបត់​ចុះ​ឡើយ​បែបនេះ​គឺ​ពិតជា​ងាយ​ខូច​ខ្លាំងណាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com