ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ “ស្ងាប” មិនឈប់មែនទេ? អានអត្ថបទនេះ! 
×![]()
ការស្ងាបអាចចាត់ទុកជាសកម្មភាពធម្មតាមួយរបស់រាងកាយ ប៉ុន្តែប្រសិនបើអ្នកស្ងាបមិនឈប់សោះ ច្រើនដងពេកនោះវាអាចបណ្ដាលមកពីបញ្ហាសុខភាពហើយ។ ថាតើការស្ងាបសឹងគ្រប់ពេលបណ្ដាលមកពីមូលហេតុអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីមូលហេតុទូទៅបំផុតនៃការស្ងាបច្រើន ៖
១. បញ្ហាពាក់ព័ន្ធនឹងការគេង
ជាពិសេសប្រសិនបើអ្នកការស្ងាបរបស់អ្នកអមមកជាមួយនឹងស្នាមខ្មៅដក់ក្រោមរង្វង់ភ្នែក ហើយងងុយគេងខ្លាំង។ ការស្ងាបមិនឈប់ ស្នាមខ្មៅក្រោមភ្នែក និងអារម្មណ៍ងងុយគេង គឺអាចបណ្ដាលមកពីការដែលអ្នកគេងមិនបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៩ ម៉ោងនៅពេលយប់។
២. បញ្ហាថប់អារម្មណ៍
តើអ្នកធ្លាប់ដឹងទេថាក្រៅពីចង្វាក់បេះដូងលោតញាប់ តឹងថប់ទ្រូង ភាពខ្លីនៃដង្ហើម មានអារម្មណ៍រកកល់នឹងសន្លប់ ខ្សោយកម្លាំង និងបែកញើសច្រើនហើយនោះការស្ងាបសឹងគ្រប់ពេលក៏ជាអាការៈនៃបញ្ហាថប់អារម្មណ៍ដែរ? ដូច្នេះដើម្បីបញ្ឈប់ការស្ងាបច្រើន ចូរព្យាយាមគ្រប់គ្រងការថប់បារម្ភរបស់អ្នក។
៣. ជំងឺធ្លាក់ទឹកចិត្ត (Depression)
ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តមួយដែលអាចបណ្ដាលឲ្យមនុស្សម្នាក់ស្ងាបសឹងគ្រប់ពេល។ វាជាអ្វីមួយដែលអាចបណ្ដាលឲ្យផ្លូវចិត្តនិងរាងកាយហត់នឿយអស់កម្លាំងបង្កអាការៈស្ងាបច្រើនដង។
៤. បញ្ហាបេះដូង
វេជ្ជបណ្ឌិតជាច្រើននិយាយថាវាក៏អាចទៅរួចដែរ ដែលបញ្ហាបេះដូងជាមូលហេតុនៃការស្ងាបមិនឈប់របស់មនុស្សណាម្នាក់។ នោះក៏ព្រោះតែបញ្ហាបេះដូងអាចរាំងស្ទះសរីរាង្គផ្សេងៗក្នុងរាងកាយពីការទទួលបានអុកស៊ីតសែនគ្រប់គ្រាន់។ ភាគច្រើននៃការស្ងាបមិនឈប់កើតមានចំពោះអ្នកដែលកំពុងប្រឈមមុខជាមួយបញ្ហាគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាល។
៥. បញ្ហាថ្លើម
ការស្ងាបសឹងគ្រប់ពេលក៏ច្រើនឃើញមានលើអ្នកដែលមានបញ្ហាខ្សោយថ្លើម ជាពិសេសអ្នកដែលស្ថិតក្នុងដំណាក់កាលចុងក្រោយ។ អ្នកជំនាញផ្នែកសុខភាពជាច្រើនជឿថាវាអាចកើតឡើងដោយសារតែភាពអស់កម្លាំងខ្សោយខ្លាំងនៃអ្នកជំងឺ។ ក្រៅពីការស្ងាបច្រើន រោគសញ្ញាមួយចំនួនផ្សេងទៀតនៃបញ្ហាខ្សោយថ្លើមរួមបញ្ចូលទាំងការងងុយគេងខ្លាំងកំឡុងពេលថ្ងៃ ស្បែកនិងភ្នែកឡើងលឿង បាត់បង់ចំណង់អាហារ ចង្អោរចង់ក្អួត ភាន់ភាំង និងរបកស្បែកដៃ ឬជើង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com