ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្មវិធី​ចែករំលែក​ម​តិ​TedxRUPP​លើកទឹកចិត្ត​ឱ្យ​និស្សិត​ខ្មែរ​«​ជ្រែក​ដែន​កំណត់​»
11, Jun 2019 , 7:59 pm        
រូបភាព
លោក ជា សេងហ៊ី សហស្ថាបនិក​នៃ​កម្មវិធី​ TedxRUPP ឈរ​នៅ​ខាង​មុខកម្មវិធី TedxRUPP ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ០៩ មិថុនា ឆ្នាំ២០១៩។(ទុំ ម្លិះ/វីអូអេ)
លោក ជា សេងហ៊ី សហស្ថាបនិក​នៃ​កម្មវិធី​ TedxRUPP ឈរ​នៅ​ខាង​មុខកម្មវិធី TedxRUPP ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ០៩ មិថុនា ឆ្នាំ២០១៩។(ទុំ ម្លិះ/វីអូអេ)
ដោយ: VOA
​វ៉ាស៊ីនតោន ៖​កាលពី​ថ្ងៃទី​៩ ខែមិថុនា កន្លងទៅ យុវជន​ខ្មែរ​វ័យក្មេង​ដែល​ភាគច្រើន​កំពុង​សិក្សា​កម្រិត​មហាវិទ្យាល័យ​បាន​ចូលរួម​ស្តាប់​កម្មវិធី TedxRUPP ដែលជា​កម្មវិធី​ស្តង់ដារ​អន្តរជាតិ ដែល​ប្រមូលផ្តុំ​អ្នកជំនាញ​ដើម្បី​មក​ធ្វើការ​ថ្លែង​នៅលើ​វេទិកា​អំពី​បទពិសោធន៍​ជីវិត​និង​បញ្ហា​ដែល​ពួកគេ​យកចិត្តទុកដាក់​។

 
​នេះ​ជា​លើកដំបូង ដែល​កម្ពុជា​បានរៀបចំ​កម្មវិធី Tedx ផ្តោតលើ​តែ​សាកលវិទ្យាល័យ ហៅថា TedxRUPP​។​
 
​លោក ជា សេង​ហ៊ី សហ​ស្ថាបនិក​នៃ​កម្មវិធី TedxRUPP បាន​និយាយប្រាប់ VOA កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ថា ការផ្តួចផ្តើម​កម្មវិធី TedxRUPP នេះ គឺ​ដើម្បី​ចង់​ប្រមូលផ្តុំ​អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ឲ្យ​បានមក​ជួបជុំ ចែករំលែក​គំនិត​និង​បទពិសោធន៍​គ្នា​ទៅវិញទៅមក ជាពិសេស​ទៅកាន់​យុវជន​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​មេរៀន​ជីវិត​ឬ​គំនិត​ប្លែក​ថ្មី​ដើម្បី​អនុវត្ត​ដោយ​ជោគជ័យ​។​
 
​លោក​បាន​ប្រាប់ VOA ថា​៖
 
«​អ៊ីចឹង​សង្ឃឹមថា​គាត់​មក​ស្តាប់​នេះ គាត់​មិនមែន​មក​ស្តាប់​ទេ គាត់​ស្តាប់​ហើយ គាត់ យក​អាហ្នឹង​ទៅ​គិត យកពាក្យ​សម្តី​ដែល​វាគ្មិន​និយាយ​ជា​បទ​បង្ហាញ​យកទៅ​គិត ហើយ​យកគំនិត​ហ្នឹង​ទៅ​អនុវត្ត យកទៅ​ធ្វើ​អ្វីមួយ​ដែល​ល្អ​ចំពោះ​ខ្លួន​គាត់ អភិវឌ្ឍ​ខ្លួនឯង​ហើយ​អភិវឌ្ឍ​ខ្លួន​គាត់​ដែរ​»​។​


និស្សិត​កំពុង​តម្រង់ជួរ​ចាំ​ចុះ​ឈ្មោះ​ចូល​ស្តាប់​កម្មវិធី TedxRUPP ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ០៩ មិថុនា ឆ្នាំ២០១៩។(ទុំ ម្លិះ/វីអូអេ)​
 
​វាគ្មិន​និង​អ្នកជំនាញ​ចំនួន​១០​នាក់​បាន​ចូលរួម​ចែករំលែក​នៅក្នុង​កម្មវិធី TedxRUPP ឆ្នាំ​២០១៩​ក្រោម​ប្រធានបទ​ធំ​រួមមួយ​គឺ «​ជ្រែក​ដែន​កំណត់​» ដោយ​ពួកគេ​បាន​នាំយកមក​នូវ​ប្រធានបទ​ខុសៗ​គ្នា​រួមមាន​ការបំផ្លិចបំផ្លាញ​បរិស្ថាន ការសម្រេច​ក្តី​សុ​បិ​ន្ត ឬ​ការ​ស្គាល់​ខ្លួនឯង​ជាដើម​។​
 
​លោក អ៊ុង សុ​ឆិ​កា ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន សុវណ្ណ​ភូមិ ឡា​ហ្វ៍ ជា​វាគ្មិន​ម្នាក់​ក្នុង​កម្មវិធី​TedxRUPP កាលពី​ថ្ងៃអាទិត្យ​នេះ​។ លោក​បាន​និយាយថា ការប្រមូលផ្តុំ​របស់​យុវជន​មហាវិទ្យាល័យ ជា​មូលហេតុ​ចម្បង​ដែល​បាន​ជម្រុញ​ឲ្យ​លោក​មក​ធ្វើ​វាគ្មិន​នៅក្នុង​កម្មវិធី​នេះ ហើយ​លោក​សង្ឃឹមថា យុវជន​នឹង​ទទួលបាន​នូវ​ភាពក្លាហាន​និង​អាច​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​បាន​បន្ទាប់ពី​ពួកគេ​ស្តាប់​ការ​ថ្លែង​របស់លោក​ហើយ​នោះ​។​
 
​លោក សុ​ឆិ​កា បាន​និយាយប្រាប់ វី​អូ​អេប​ន្ទា​ប់​ពី​បាន​ថ្លែង​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ទៅកាន់​យុវជន​រាប់រយ​នាក់​ថា ៖
 
«​ខ្ញុំ​គិតថា ខ្ញុំ​មានរឿង ដែលជា​ប្រធានបទ​របស់ខ្ញុំ​អំបាញ់មិញ​ហ្នឹង​អាច​ចែករំលែក ដើម្បី​ឲ្យ​គាត់​ដោះស្រាយ​បញ្ហា​នៅពេល​គាត់​ជួប​បញ្ហា​ដូច​ខ្ញុំ​ជួប​ដែល​កាលដែល​ខ្ញុំ​នៅ​រៀន បាទ​អ៊ីចឹង​ខ្ញុំ​គិតថា​កុំ​ឲ្យ​ពិបាក​គាត់​រក​អ្នក​ដែល​ប្រឹក្សា​រក​អ្នក​ដែល​ជួយ​ដោះស្រាយ សង្ឃឹមថា​ចំណុច​បួន​ប្រាំ​នេះ អាចជួយ​គាត់​ដើម្បី​ឲ្យ​គាត់​ដោះស្រាយ​បញ្ហា​របស់គាត់​បាន​»​។​


អ៊ុង សុឆិកា ថ្លែង​ទៅកាន់​និស្សិត​រាប់​រយ​នាក់ក្នុងកម្មវិធី​ TedxRUPP ឈរ​នៅ​ខាង​មុខកម្មវិធី TedxRUPP ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ០៩ មិថុនា ឆ្នាំ២០១៩។(ទុំ ម្លិះ/វីអូអេ)​
 
​ទោះយ៉ាងណា លោក​ថា កម្ពុជា​នៅ​មិនទាន់មាន​កម្មវិធី​ថ្លែង​ចែករំលែក​នេះ​គ្រប់គ្រាន់​នៅឡើយ​ទេ ហើយ​លោក​ចង់​មានការ​រៀបចំ​កម្មវិធី​បែបនេះ​ញឹកញាប់​ជាង​មុន​ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ទទួលបាន​គំនិត បរិបទ​ថ្មីៗ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​។​
 
​ពិសិដ្ឋ វីរៈ និស្សិត​ឆ្នាំ​ទី​១ ផ្នែក​គណនេយ្យ នៃ​វិទ្យាស្ថាន ខេ​ម​អេ​ដ (CamEd)​អាយុ​១៩​ឆ្នាំ ជា​អ្នកចូលរួម​ស្តាប់​ម្នាក់​ហើយ​បានបង្ហាញ​ការពេញចិត្ត​នូវ​ប្រធានបទ​របស់​វា​គ្មិ​ន​នីមួយៗ​។​
 
​វីរៈ​បាន​ប្រាប់ VOA​ថា​៖
 
«​ចំពោះ​ខ្ញុំ ដោយសារ​ខ្ញុំ​ឃើញថា​កម្មវិធី Ted ហ្នឹង​វា​ជា​កម្មវិធី​ដែល​វាគ្មិន​អាច​(Share)​ចែករំលែក​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ហើយក៏​ដូចជា (Motivation) ការលើកទឹកចិត្ត​អី​ផ្សេងៗ អ៊ីចឹងទៅ​ខ្ញុំ​គិតថា ពេលដែល​ខ្ញុំ​ចូលមក​ហ្នឹង​! ខ្ញុំ​អាច​រៀន​ជា​(Motivation)​ការលើកទឹកចិត្ត​ខ្លះ​សម្រាប់​ខ្ញុំ ហើយ​ពេលដែល​ខ្ញុំ​ទទួលបាន ខ្ញុំ​ចង់ (Share)​ចែករំលែក​ទៅ​មិត្តភក្តិ ឬក៏​អ្នក​ដែល​អត់​បាន​ចូលរួម​ផ្សេងៗ​»​។​
 
​យុវជន​វ័យក្មេង​ម្នាក់ទៀត​ឈ្មោះ ពៅ រតនា អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​នៅក្នុង​ហាង​កាហ្វេ​ក្នុង​រាជធានី​ភ្នំពេញ​ក៏បាន បង្ហាញ​នៅ​ការពេញចិត្ត​ដូចគ្នានេះដែរ​បន្ទាប់ពី​បាន​ស្តាប់​ការបកស្រាយ​ពី​វាគ្មិន​មួយចំនួន កាលពី​រសៀល​ថ្ងៃអាទិត្យ​នេះ​។​
 
​លោក​បាន​និយាយប្រាប់​វី​អូ​អេ​ថា​៖
 
«​ហ្នឹងហើយ ហ្អឺ​អាច​នឹង​និយាយបានថា​វា​មេរៀន​ដែល​សាលា​អត់​បាន​បង្រៀន​ព្រោះ​សាលា​អាច​នឹង​បង្រៀន​ជា​មេរៀន តែ​អានេះ​វា​ជា​មេរៀន​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​ដែល​ពួកគាត់​បានមក គាត់​ចែករំលែក​បទពិសោធន៍ ពួកគាត់​ប្រាប់ថា​ពួកគាត់​ជួប​អី​គេ​ខ្លះ ពួកគាត់​បានធ្វើ​អី​គេ​ខ្លះ​ហើយ​ពួកគាត់​បាន​បន្ថែម​ឲ្យ​(Young Generation)​យុវជន​ជំនាន់​ក្រោយ​ទៅលើ​អី​ទៀត​បន្ថែមទៀត​»​។​
 
TED គឺជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​មួយ​ដែល​ផ្តោតទៅលើ​ការចែក​ចាយ​គំនិត ក្នុង​ទម្រង់​កិច្ចសន្ទនា​ខ្លី ដែល​ផ្តល់​ដោយ​អ្នក​គិត​និង​អ្នកដឹកនាំ​ឈានមុខ​នាពេល​បច្ចុប្បន្ននេះ​។ កិច្ចពិភាក្សា​ទាំងនេះ​ត្រូវបាន​រៀបចំឡើង​នៅ​សន្និសីទ​ប្រចាំឆ្នាំ​របស់ TED នៅ​ទីក្រុង Vancouver និង​ទីក្រុង British Columbia ក្នុងប្រទេស​កាណាដា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com