អន្តរជាតិ
លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន បើ​មិនបាន​ជួប​លោក ស៊ី នៅ​ជប៉ុន
11, Jun 2019 , 10:03 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីអាមេរិក ដូណាល់ ត្រាំ ជួបគ្នាក្រៅកិច្ចប្រជុំ G20 នៅអាហ្សង់ទីន។ រូបភាព AFP
ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីអាមេរិក ដូណាល់ ត្រាំ ជួបគ្នាក្រៅកិច្ចប្រជុំ G20 នៅអាហ្សង់ទីន។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១០ ខែមិថុនា បាន​គំរាម​ដាក់​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន ប្រសិនបើ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង មិន​បង្ហាញមុខ​នា​ជំនួប​នៅ​ជប៉ុន​ទេនោះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក មិន​ត្រឹម​គំរាម​ដំឡើង​ពន្ធ​លើ​ចិន​ឡើយ លោក ត្រាំ ប្រកាសថា អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក នឹងមិន​ឲ្យ​សេដ្ឋកិច្ច​ចិន​វ៉ា​ដាច់​ទៅមុន​ឡើយ ហើយ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម នឹង​សម្រេចបាន​មិន​ខាន​។​

 
​មុន​កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស​រីកចម្រើន​ទាំង​២០ (G20) នៅ​ជប៉ុន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​តឹងរ៉ឹង​មួយ​ទៅកាន់​សម​ភាគី​ចិន ស៊ី ជិន​ភីង ។ តាម​គម្រោង លោក ត្រាំ និង​លោក ស៊ី នឹងត្រូវ​ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ​នេះ ដែលមាន​សង្គ្រាម​ពាណិជ្ជកម្ម​ជា​ប្រធានបទ​សំខាន់​។ មកទល់​សព្វថ្ងៃ តំណាង​ចរចា​ប្រទេស​ទាំងពីរ​បាន​អាក់ខាន​ជួបគ្នា​យូរ​គួរសម​ហើយ ខណៈ​កិច្ចព្រមព្រៀង​មិនទាន់​លេច​រូបរាង​នៅឡើយ​។​
 
​នា​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CNBC លោក ត្រាំ ត្រូវបាន​សួរថា បើ​លោក ស៊ី មិន​ទៅ​ជួប​លោក​នៅ​ជប៉ុន អាមេរិក​នឹងដាក់​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន​នៅ​សេសសល់​ដែលមាន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​ឬ​យ៉ាងណា​។ លោក ត្រាំ ក៏​ឆ្លើយថា អាមេរិក​នឹង​យកពន្ធ​នាំចូល​នោះ​មិន​ខាន​។ លោក​បន្តថា ជំនួប​ចរចា​ទ្វេភាគី ត្រូវបាន​រៀបចំ​រួច​អស់ហើយ ដូចនេះ​លោក​រំពឹងថា នឹង​បាន​ជួប​លោក ស៊ី មិន​ខាន​។ តែ​លោក​ពិតជា​ភ្ញាក់ផ្អើល​បើ​ប្រធានាធិបតី​ចិន​មិន​មក​តាម​ការ​ណាត់​នោះ​។ 
 
​ទីក្រុង​ប៉េកាំង មិនទាន់​ចេញ​ព័ត៌មាន​លម្អិត​ទាក់​ទំនង​ជំនួប​មេដឹកនាំ​នៅក្រៅ​កិច្ចប្រជុំ G-20 នៅ​ទីក្រុង​អូ​សា​ការបស់​ជប៉ុន​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែមិថុនា​ខាងមុខ​។ យ៉ាងណាមិញ បើ​ធ្វើឡើង​មែន​នោះ ជំនួប​ចរចា​រវាង​លោក ត្រាំ និង​លោក ស៊ី ទំនង​យក​គម្រូ​តាម​ជំនួប​នៅ​ទឹកដី​អា​ហ្ស​ង់​ទីន ដោយ​មេដឹកនាំ​ទាំងពីរ​ជួបចរចា​នៅ​តុ​អាហារ​ពេល​ល្ងាច​តែម្ដង​។​
 
​និយាយ​ពី​រឿង​ពន្ធ​នាំចូល​វិញ តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​ឆេះ​ឡើង​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ អាមេរិក​បាន​បានដាក់​ពន្ធ​ចំនួន​២៥​ភាគរយ​ហើយ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ ខណៈ​ចិន​វិញ​បាន​ឆ្លើយតប​តាមរយៈ​ការយកពន្ធ​លើ​ទំនិញ​ចិន​៦០​ពាន់​លាន​ដុល្លារ​។ កាលពី​ខែ​មុន លោក ត្រាំ ក៏​គំរាម​យកពន្ធ​លើ​ទំនិញ​ចិន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​ថែមទៀត ដែល​វា​ស្មើនឹង​វ៉ាស៊ីនតោន​យកពន្ធ​លើ​គ្រប់​ទំនិញ​ចិន​នាំ​ចូលទៅ​អាមេរិក​ទៅហើយ​។​
 
​ការយកពន្ធ​នាំចូល បាន​ក្លាយជា​អាវុធ​សម្រាប់​រដ្ឋបាល​ប្រធានាធិបតី ត្រាំ ដើម្បី​គំរាម​សម្ព័ន្ធមិត្ត​ផ្សេងទៀត​ឲ្យ​បន្ទន់​ជំហរ​របស់ខ្លួន ហើយ​ធ្វើតាម​ការទាមទារ​រប​ស់​ខ្លួន​។ ក្នុង​កិច្ច​សម្ភាស​វែង​អន្លាយ​ជាមួយ​ទូរទស្សន៍​អាមេរិក លោក ត្រាំ បង្ហាញ​គោលដៅ​ចម្បង​របស់ខ្លួន គឺ​ធ្វើ​យ៉ាងណាក៏ដោយ ក៏​មិនត្រូវ​ឲ្យ​អាមេរិក​វ៉ា​ដាច់​អាមេរិក​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ដែរ​។ បើតាម​លោក ត្រាំ បើ​បក្ស​ប្រជាធិបតេយ្យ​កាន់អំណាច ចិន​ទៅ​ផុត​អាមេរិក​ហើយ​៕ 

Tag:
 ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com