ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​ថ្នាក់ដឹកនាំ​ប្រឆាំង រៀប​ផែន​ការលើក​ទី​ពីរ​ពី «​ការវិល​ត្រឡប់មក​ក​ម្ពុ​ជា​»
11, Jun 2019 , 10:40 am        
រូបភាព
គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ បើកកិច្ចប្រជុំជាលើកទី២ នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ពីថ្ងៃទី៨-ទី៩ ខែមិថុនា ឆ្នាំ២០១៩ (រូបពីលោកទំព័រហ្វេសបុក Mu Sohua)
គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ បើកកិច្ចប្រជុំជាលើកទី២ នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ពីថ្ងៃទី៨-ទី៩ ខែមិថុនា ឆ្នាំ២០១៩ (រូបពីលោកទំព័រហ្វេសបុក Mu Sohua)
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅក្រៅ​ប្រទេស​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​៨​-​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​ផែនការ​ធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នេះ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ អតីត​គណបក្សប្រឆាំង បានប្រកាស​ជាថ្មីថា ថ្នាក់ដឹកនាំ​របស់ខ្លួន នឹង​វិល​មក​កម្ពុជា​វិញ​ក្នុង​ពេលខាងមុខ​ដ៏​ខ្លី​នេះ​។


 
​បើតាម​សេចក្តីថ្លែងការណ៍ ការវិលត្រឡប់​របស់​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង គឺ​ដើម្បី​ត​ស៊ូ​នយោបាយ​អហិង្សា ទាមទារ​ឲ្យ​គណបក្ស​របស់​ពួកគេ​រស់​ឡើងវិញ ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​បញ្ចៀស​ការ​កាត់ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋអាមេរិក​។ 

អត្ថបទទាក់ទង

 
«​ដើម្បី​សម្រេច​គោលបំណង​នេះ គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​ដល់​ជនរួមជាតិ​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ និង​គ្រប់​គណបក្ស រួម​កម្លាំង​គ្នា​រក្សា​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP ដើម្បី​បញ្ចៀស​ការឈឺចាប់ និង​សេចក្តី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​»​។ នេះ​ជា​ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្សប្រឆាំង​។​
 
​លោក សម រង្ស៊ី និង អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ប្រកាស​ជា​ញឹកញាប់​ថា ពួកគេ នឹង​វិលមក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ លោក សម រង្ស៊ី ជឿជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា​ជាមួយ​លោក​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ចំអក​ថា​លោក សម រង្ស៊ី មិន​ធ្វើ​មាតុភូមិ​និវត្ត​តាម​ការកំណត់​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​នោះទេ​។  លោក សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា «​ទណ្ឌិត​រត់ចោលស្រុក​និយាយថា មាន​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​គាំទ្រ​ខ្លួន បើ​ដូច្នេះ​មែន ទណ្ឌិត​នេះ នឹង​ចូលមក​ក្នុងប្រទេស​ភ្លាមៗ​ហើយ មិនមែន​នៅ​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត​ទេ​»៕ 

Tag:
 សម រង្ស៊ី
  មាតុភូមិ​និវត្ត​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com