FIFA
កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ គួច សុគ​ម្ភៈ រកបាន​៣​គ្រាប់​ស្មើ សំអែល ណា​សា ខណៈ​កីឡាករ​៤​ទៀត​រកបាន​ម្នាក់​២​គ្រាប់​
11, Jun 2019 , 3:07 pm        
រូបភាព
គ្រាប់​បាល់​បញ្ចូល​ទី​គ្រាប់​ទី​ពីរ​ក្នុង​ជ័យជម្នះ ២-០ របស់​កម្ពុជា​លើ​ប៉ា​គី​ស្ថាន នា​វគ្គ​ជម្រុះ​បឋម​ជើង​ទីមួយ​នៃ​ព្រឹត្តិការណ៍ World Cup 2022 បាន​នាំ​ឲ្យ គួច សុគ​ម្ភៈ តាម​ស្មើ​កំណត់ត្រា​របស់ សំអែល ណា​សា ដែល​រកបាន​សរុប​៣​គ្រាប់​ឲ្យ​កម្ពុជា​។ កាលពី​ថ្ងៃទី​៦ ខែមិថុនា សុគ​ម្ភៈ បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​អាយុ​៣២​ឆ្នាំ ក្នុងនាម​ជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅក្នុង​ក្រុម​នាពេល​បច្ចុប្បន្ន​។ កីឡាករ​រូបនេះ រំពឹង​ក្លាយជា​ចំណែក​ដ៏​សំខាន់​សម្រាប់​ក្រុម​បន្ថែមទៀត នា​ជំនួប​ជើង​ទី​ពីរ​នៅ​ក្រុង​ដូ​ហា ប្រទេស​កាតា ដែល​ប៉ា​គី​ស្ថាន​ប្រើប្រាស់​សម្រាប់​ជំនួប​ក្នុង​ដី​ខ្លួន​។​



​កាលពី​ឆ្នាំ​២០១១ គួច សុគ​ម្ភៈ បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ ខណៈ​កម្ពុជា​ឈ្នះ​ឡាវ ៤-២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ហើយ រកបាន​១​គ្រាប់​ទៀត ពេលដែល​កម្ពុជា​ហាលអាវ​ដ៏​ខកចិត្ត​នៅ​ទឹកដី​ឡាវ​វិញ ក្នុង​លទ្ធផល ៦-២​។ ក្រោម​ការដឹកនាំ​របស់​លោក Keisuke Honda រួមជាមួយ​លោក Felix Dalmas សុគ​ម្ភៈ រកបាន​១​គ្រាប់​ទៀត​នា​រយៈពេល​៨​ឆ្នាំ​ក្រោយមក​។​

​ប្រធាន​ក្រុម​ណាហ្គា​វើ​លដ៍ សុគ​ម្ភៈ តាម​ស្មើ​កំណត់ត្រា​របស់ សំអែល ណា​សា​។ ណា​សា អតីត​ខ្សែប្រយុទ្ធ​ព្រះខ័ន​រាជ រកបាន​គ្រាប់​ទី​១ នា​ការប្រកួត​ជម្រុះ​កាលពី​ឆ្នាំ​២០០៧ នៅពេលដែល​កម្ពុជា​ចាញ់​តួ​កមេ​នី​ស្ថាន ៤-១ នៅក្រៅ​ដី ហើយ​រកបាន​២​គ្រាប់​ទៀត​នា​វគ្គ​ជម្រុះ​ឆ្នាំ​២០១១ ខណៈ​កម្ពុជា​ឈ្នះ​ឡាវ ៤-២ ។

​ក្រៅពីនេះ អតីត​កីឡាករ និង​កីឡាករ ៤​រូប មានកំណត់​ត្រា​រកបាន​គ្រាប់​បញ្ចូល​ទី​ម្នាក់​២​គ្រាប់​នា​ការប្រកួត​ជម្រុះ World Cup វគ្គ​បឋម​។ កីឡាករ ហុក សុចិ​ត្រា ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ខណៈ​កម្ពុជា ស្មើ ឥណ្ឌូណេស៊ី ១-១ កាលពី​ឆ្នាំ​១៩៩៧ ហើយ​រកបាន​១​គ្រាប់​ទៀត នា​បរាជ័យ ៤-១ ដោយសារ​អ៊ូ​ស​បេ​គី​ស្ថាន នៅ​ឆ្នាំ​ដដែល​។​

​ឈានដល់​ឆ្នាំ​២០០១ ខ្សែប្រយុទ្ធ ជា មករា ក្លាយជា​កីឡា​ករទី​ពីរ​ដែល​រក​គ្រាប់​បញ្ចូល​ទី​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​វគ្គ​ជម្រុះ World Cup​។ អតីត​កីឡាករ​ឆ្នើម​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ ខណៈ​កម្ពុជា​ស្មើ ម៉ា​ល់​ឌី​វ ១-១ នៅ​ភ្នំពេញ និង​១​គ្រាប់​ទៀត​ពេលដែល​កម្ពុជា​ចាញ់​ម្ចាស់ផ្ទះ​ចិន ៣-១​។​

​នា​ការប្រកួត​ជម្រុះ​ជើង​ទីមួយ​ជាមួយ​ឡាវ កាលពី​ឆ្នាំ​២០១១ ផងដែរ ឃួន ឡាបូរ៉ា​វី ដែល​បច្ចុប្បន្នកំពុង​លេង​ឲ្យ​បឹងកេត រួមចំណែក​១​គ្រាប់​ក្នុង​ជ័យជម្នះ ៤-២ ហើយ​៤​ឆ្នាំ​ក្រោយមក ខ្សែប្រយុទ្ធ​រូបនេះ រកបាន​គ្រាប់​ទី​២ ពី​ការប្រកួត​ជម្រុះ​បឋម World Cup ខណៈ​កម្ពុជា​ឈ្នះ​ម៉ា​កាវ ៣-០ នៅក្នុង​ដី​។​

​ជ័យជម្នះ ៣-០ លើ​ម៉ា​កាវ កាលពី​ឆ្នាំ​២០១៥​កន្លងមក​នោះ ក៏បាន​សាង​ភាព​លេចធ្លោ​សម្រាប់ ចាន់ វឌ្ឍនាកា ផងដែរ ដោយ​កីឡាករ​ដែល​ពោរពេញ​ទៅដោយ បទពិសោធន៍​អន្តរជាតិ​រូបនេះ ក្លាយជា​កីឡា​ករទី​ពីរ បន្ទាប់ពី​សំអែល ណា​សា ដែល​រកបាន​២​គ្រាប់​ក្នុង​១​ប្រកួត​នា​វគ្គ​ជម្រុះ World Cup សម្រាប់​ជម្រើសជាតិ​កម្ពុជា​។​

​កម្ពុ​ជាមាន​គ្រាប់​សរុប​១៨​គ្រាប់​ពី​ការប្រកួត​ជម្រុះ World Cup ដែល​ក្នុងនោះ សុះ ស៊ូ​ហា​ណា ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទីនា​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ ពេលដែល​កម្ពុជា​ចាញ់​ម្ចាស់ផ្ទះ​សិង្ហ​បុរី ២-១ នៅ​ឆ្នាំ​២០១៥​។

​កីឡាករ​៣​រូប​ទៀត ដែលមាន​ចំណែក​រក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​នោះ រួមមាន ឈិន ឈឿន (១​គ្រាប់​ពេល​កម្ពុជា​ចាញ់​ឡាវ ៦-២ នៅ​ឆ្នាំ​២០១១) ប៊ិន ធា​រី (១​គ្រាប់​ពេលដែល​កម្ពុជា​ស្មើ​ម្ចាស់ផ្ទះ​ម៉ា​កាវ ១-១ នៅ​ឆ្នាំ​២០១៥) និង​១​គ្រាប់​របស់ សៀង ច​ន្ធា នា​ជ័យជម្នះ ២-០ លើ​ប៉ា​គី​ស្ថាន សម្រាប់​ការប្រកួត​ជម្រុះ​ជើង​ទីមួយ​នៅ​ឆ្នាំ​២០១៩​នេះ​៕


Tag:
 ជម្រើសជាតិ
  Asian Cup
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com