អន្តរជាតិ
ពលរដ្ឋ​ហុងកុង ប្រមូលផ្ដុំ​តវ៉ា​ជាថ្មី ខណៈ​រដ្ឋាភិបាល​មិន​ចុះ​ញ៉ម​រឿង​ច្បាប់​បត្យាប័ន​ជាមួយ​ចិន​
11, Jun 2019 , 3:59 pm        
រូបភាព
ការធ្វើបាតុកម្មនៅហុងកុងនៅថ្ងៃទី៩ ខែមិថុនា ។ រូបភាព AFP
ការធ្វើបាតុកម្មនៅហុងកុងនៅថ្ងៃទី៩ ខែមិថុនា ។ រូបភាព AFP
​ពលរដ្ឋ​ហុងកុង នឹង​ប្រមូលផ្ដុំ​ទ្រង់ទ្រាយ​ធំ​ម្ដងទៀត​នៅ​ចាប់ពី​ថ្ងៃទី​១១ ខែមិថុនា ដើម្បី​តវ៉ា​សេចក្ដីស្នើច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ក្ដី​នៅ​តុលាការ​ចិនដីគោក​។ កា​រត​វ៉​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​៩ ខែមិថុនា បាន​អាច​បង្ខំ​រដ្ឋាភិបាល​ហុង​កុង​ឲ្យ​ផ្អាក​ការជជែក​ពី​សំណើ​ច្បាប់​នេះឡើយ ដោយ​មេដឹកនាំ​ហុងកុង Carrie Lam ចាត់ទុកជា​រឿង​មិន​ត្រឹមត្រូវ​។ ប៉ូលិស​ប្រមាណ​ប្រាំ​ពាន់​នាក់ នឹងត្រូវ​ពង្រាយ​ដើម្បី​ទប់ទល់​ការធ្វើ​បាតុកម្ម​ជាថ្មី​នេះ​។​

 
​នាយក​ប្រតិបត្តិ​រដ្ឋបាល​ស្វយ័ត​ហុងកុង លោកស្រី Carrie Lam ប្រកាស​ជំហរ​មិន​ចុះ​ញ៉ម​ការតវ៉ា​របស់​ប្រជាជន​ទីក្រុង​នេះ​ជុំវិញ​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត ត្រូវបាន​រៀបចំ​នៅ​ចុង​សប្ដាហ៍​មុន​ដើម្បី​ប្រឆាំង​សំណើ​ច្បាប់​នេះ ប៉ុន្តែ​រដ្ឋាភិបាល​ហុងកុង​ហាក់​មិន​អើពើ​ការតវ៉ា​ដែល​ចូល​ដោយ​មនុស្ស​ជាង​មួយ​លាន​នាក់​កាលពី​ថ្ងៃទី​៩ ខែមិថុនា​ឡើយ​។ មានការ​អំពាវនាវ​ឲ្យ​ការជួបជុំ​តវ៉ា​ម្ដងទៀត​នៅ​ថ្ងៃទី​១២ ខែមិថុនា ពេល​សភា​ហុងកុង​ជជែក​លើ​សំណើ​នេះ​ជា​លើក​ទី​ពីរ​។​


នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង Carrie Lam ។
 
​លោកស្រី Lam និយាយ​ការពារ​ជំហរ​របស់ខ្លួន​ថា វា​ជា​រឿង​មិន​សមរម្យ​ឡើយ​ដែល​ត្រូវ​ដក​សេចក្ដីស្នើច្បាប់​នេះ​ចេញពី​សភា​នោះ​។ មេដឹកនាំ​ហុងកុង​រូបនេះ បន្តថា រដ្ឋាភិបាល​លោកស្រី នឹង​បន្ត​ជជែក និង​ពន្យល់​ពី​សារសំខាន់​នៃ​គម្រោង​ធ្វើ​បត្យាប័ន​នេះ​ដែល​រាប់បញ្ចូល​ការដោះដូរ​ជនសង្ស័យ​ជាមួយ​ប្រទេស​ឯទៀត មិនមែន​ជាមួយ​ចិន​មួយ​ឡើយ​។ 
 
 
​បើតាម​កាសែត​ហុងកុង South China Morning Post គម្រោង​ធ្វើបាតុកម្ម នឹងធ្វើ​នៅ​ជុំវិញ​អាគារ​រដ្ឋាភិបាល ពិសេស​អាគារ​សភា​ទីក្រុង​នេះ​។ ប្រភព​ប៉ូលិស​ហុងកុង​ទម្លាយ​ថា ប៉ូលិស​ច្រើនជាង​ប្រាំ​ពាន់​នាក់ ត្រូវ​ពង្រាយ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​ក្នុង​តវ៉ា​។ ការពង្រាយ​ប៉ូលិស​ច្រើន​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ការធ្វើ​បាតុកម្ម​លើកទីមួយ​កាលពី​ចុង​សប្ដាហ៍​មុន​ដែល​អ្នករៀបចំ​អះអាងថា មាន​អ្នកចូលរួម​ច្រើនជាង​មួយ​លាន​នាក់​ឯណោះ​។ 
 
​ប៉ូលិស​ហុងកុង ចាត់ទុក​ការពង្រាយ​លើក​នេះ ជា​ប្រតិបត្តិការ​ដ៏​ធំ ដោយ​កម្លាំង​ប៉ូលិស​ត្រូវបាន​ប្រមូល​មកពី​ខណ្ឌ​ទាំងអស់​របស់​ទីក្រុង​មួយ​នេះ​។ គិត​តាម​ចំនួន​នេះ ចំនួន​ប៉ូលិស​ដែល​ត្រូវ​ពង្រាយ មាន​ចំនួន​តិចជាង​ចំនួន​សន្តិសុខ​ដែល​ត្រូវ​រក្សា​សណ្ដាប់ធ្នាប់​អំឡុង​ទស្សនកិច្ច​មេដឹកនាំ​ចិន​នៅ​ហុងកុង​តិចតួច​ប៉ុណ្ណោះ​។ មន្ត្រីប៉ូលិស​មកពី​អង្គភាព​កម្លាំង​ពិសេស ក៏ត្រូវ​ពង្រាយ​ផងដែរ​ដើម្បី​ទប់ស្កាត់​ការប៉ះទង្គិច​ណាមួយ​ក្នុងពេល​តវ៉ា​។​
 
​គេ​រំពឹងថា មនុស្ស​ជាច្រើន​នឹងចូលរួម​ការប្រមូលផ្ដុំ​ដែល​ចាប់ផ្ដើម​នៅ​ពី​យប់​ថ្ងៃទី​១១ ខែមិថុនា​។ កាលពី​ថ្ងៃទី​១០ ខែមិថុនា ម្ចាស់​ក្រម​ហ៊ុន សហគ្រាស និង​ហាង​ជាច្រើន ប្រកាសថា ពួកគេ​នឹង​បិទទ្វារ​នៅ​ថ្ងៃទី​១២ ខែមិថុនា ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់ខ្លួន​ចូលរួម​ការប្រមូលផ្ដុំ​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ដ​ដ៏​ចម្រូងចម្រាស​នេះ​។ ម្ចាស់​ក្រុមហ៊ុន​ម្នាក់​ប្រាប់​កាសែត​ហុងកុង​ខាងលើ​ថា ខ្លួន​នឹងមិន​ធ្វើ​ប្រតិបត្តិការ​ឡើយ ដោយ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំង​១៥ ទៅធ្វើ​បាតុកម្ម​៕

Tag:
 ​ហុងកុង​
  ចិន​
  Carrie Lam
© រក្សាសិទ្ធិដោយ thmeythmey.com