ជាតិ
សង្គមជាតិ
ប៉ូលិសម្នាក់ត្រូវបានផ្អាកការងារ ដោយសារផាកពិន័យពលរដ្ឋមិនត្រឹមត្រូវតាមច្បាប់កំណត់
× ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ដោយសារការផាកពិន័យលើពលរដ្ឋមិនត្រឹមត្រូវ តាមច្បាប់កំណត់។ ការសម្រេចផ្អាកការងារមន្ត្រីនគរបាលរូបនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ បានលួចថតសកម្មភាពយកប្រាក់ផាកពិន័យមិនត្រឹមត្រូវ ហើយបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។
ស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត បានចេញលិខិតបង្គាប់ឲ្យលោក ស៊ឹម ប៊ុនធឿន ដែលមានឋានៈនាយរងផ្នែកការពារ និងអន្តរាគមន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្អាកការងារ ក្រោមហេតុផលថា មន្ត្រីរូបនេះ បានផាកពិន័យពលរដ្ឋមិនត្រឹមត្រូវ ហើយថែមទាំងមិនចេញបង្កាន់ដៃផាកពិន័យតាមការកំណត់ទៀត។
តាមរយៈលិខិតរបស់មេប៉ូលិសក្រុង ចុះថ្ងៃទី១១ មិថុនា បានសរសេរដូច្នេះថា៖«សាមីខ្លួន(លោក ស៊ឹម ប៊ុនធឿន) ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី»។
កាលពីពេលថ្មីៗនេះ មានការចែករំលែកវីដេអូជាង៣នាទី លើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីការចរចារវាងមន្ត្រីប៉ូលិសខាងលើ ជាមួយយុវជនម្នាក់ ដែលជាម្ចាស់ម៉ូតូមួយគ្រឿង ហើយត្រូវបានប៉ូលិសផាកពិន័យនេះ។ ក្នុងការចរចាគ្នានោះលោក ស៊ឹម ប៊ុនធឿន បានទារប្រាក់ផាកពិន័យពីយុវជនរូបនោះ ចន្លោះពី១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ដើម្បីគេចផុតពីការយកម៉ូតូ ដែលផាកពិន័យនេះ ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ។ ដោយសារទារប្រាក់លើសកំណត់ ទើបស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត ចេញសេចក្តីសម្រេចបញ្ឈរជើងមន្ត្រីប៉ូលិសខាងលមួយរយៈពេលសិន៕
Tag:
ស ថេត
ប៉ូលិស
ផាកពិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com