កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់ ខកចិត្ត​ដែល Ozil យក​ប្រធានាធិបតី​តួ​ក​គី Erdogan ជា​បុគ្គល​សំខាន់​ក្នុង​មង្គលការ
11, Jun 2019 , 4:31 pm        
រូបភាព
Mesut Ozil ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal រង​ការរិះគន់​ពី​សំណាក់​នាយខុទ្ទកាល័យ​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ព្រមទាំង​អ្នកគាំទ្រ​កីឡាបាល់ទាត់​មួយចំនួន​ក្នុងប្រទេស​កំណើត​ផង ក្រោយ​ចាត់ទុក​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan ជា​អ​ធិ​តី​សម្រាប់​កំដរ​ពិធីមង្គលការ​របស់ខ្លួន​កាលពី​សប្តាហ៍​មុន​។​


 
អត្ថបទទាក់ទង
 
 Ozil បាន​រៀបការ​ជាមួយ​អតីត​បវរកញ្ញា​តួ​ក​គី​នាង Amine Gulse កាលពី​ថ្ងៃទី​៧ ខែមិថុនា ក្នុង​ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​។ ក្នុង​ពិធី​នោះដែរ គេ​ឃើញ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​កំពូល​របស់​តួ​ក​គី​លោក Erdogan និង​ភរិយា រួមទាំង​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​ចូលរួម​ផង​។​

 
 
​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ វ័យ​៣០​ឆ្នាំ​ដែលមាន​សាច់ឈាម​តួ​ក​គី​ផង​នោះ ធ្លាប់​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFB) និង​អ្នកគាំទ្រ​បន្ទាប់ពី​រូបគេ​បាន​ថតរូប​ជាមួយ​លោក Erdogan នា​អំឡុង​ការឃោសនាបោះឆ្នោត​។ ដោយសារ​ការរិះគន់ និង​ការរើសអើង​ជាតិ​សាសន៍​នេះហើយ ទើប​រូបគេ​សម្រេច​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​តែម្តង​។​
 
​ការរិះគន់​នៅតែ​កើតឡើង​បន្តបន្ទាប់​ទៀត នៅពេលដែល​អតីត​ខ្សែបម្រើ​ឆ្មើ​ម Real Madrid រូបនេះ​បាន​ដឹក​ដៃ​នាង Amine Gulse កាល​នៅ​ជា​គូ​ដណ្តឹង ទៅ​អញ្ជើញលោក Erdogan ឲ្យ​ចូលរួម​ធ្វើជា​ភ្ញៀវ​ពិសេស​សម្រាប់​មង្គលការ​ខ្លួន​កាលពី​ខែមីនា​កន្លងទៅ​។​
 
​លោក Helge Braun នាយខុទ្ទកាល័យ​អធិការបតី​អាល្លឺម៉ង់​អ្នកស្រី Angela Merkel បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់ Bild ថា​នេះ​ជា​ទង្វើ​គួរ​ឲ្យ​«​សោកស្តាយ​បំផុត​» ដែល Ozil អញ្ជើញលោក Erdogan ធ្វើជា​បុគ្គល​សំខាន់​ក្នុង​ថ្ងៃ​មង្គលការ​។​
 
Ozil ប្រកាស​ពី​ការចូលនិវត្តន៍​របស់​ខ្លួន​ពី​ក្រុម​ជម្រើសជាតិ​ដោយនិយាយ​ឌឺដង​ថា​៖«​ខ្ញុំ​ជា​ជនជាតិ​អាល្លឺម៉ង់ នៅពេលដែល​យើង​ឈ្នះ ហើយ​ជា​ជនអន្តោប្រវេសន៍ នៅពេល​យើង​ចាញ់​»៕
 

Tag:
 បាល់ទាត់​
  Recep Tayyip Erdogan
  Mesut Ozil
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com