ពីនេះ ពីនោះ
«​អេ​ម Êm» ជា​ពាក្យ​កម្ចី​មកពី​ភាសា​វៀតណាម ហើយ​ខុសពី​ពាក្យ «​អែម Em»
12, Jun 2019 , 7:39 am        
រូបភាព
រូបភាព ពាក្យ អេម និង​អែម​
រូបភាព ពាក្យ អេម និង​អែម​
ដោយ: ថ្មីៗ
​ការខ្ចី​ពាក្យ ឬ​ភាសា​ពី​ជាតិ​សាសន៍​មួយ​ទៅ​ជាតិ​សាសន៍​មួយ​ផ្សេងទៀត គឺជា​រឿង​ធម្មតា និង​សាមញ្ញ​ទេ ព្រោះ​មនុស្សជាតិ​ដែល​រស់​នៅលើ​ផែនដី​ជាមួយគ្នា តែងតែមាន​ទំនាក់ទំនង និង​ទទួល​ឥទ្ធិពល​ពីគ្នា​ទៅវិញទៅមក​ជាក់​ជាពុំខាន​។


 
​ពាក្យ «​អេ​ម Êm» នេះ ត្រូវបាន​ជនជាតិខ្មែរ​មួយចំនួន​យកមកប្រើ​ប្រាស់​ដោយ​មិនដឹង​ខ្លួន និង​មិន​បានដឹង​ពី​ឫសគល់​របស់​វា​ពិតប្រាកដ​ឡើយ​។ តាមពិត ពាក្យ​នេះ គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​វៀតណាម Êm​។ «​អេ​ម​» មានន័យថា ស្រួល ឬ​ល្អ​។ ឧទាហរណ៍​ថា ម៉ាស៊ីន នេះ​ដំណើរការ អេ​ម ណាស់​។  
 
​សូមបញ្ជាក់ថា គេ​ច្រើន​ប្រើពាក្យ​នេះ​ជាមួយ​របស់​អ្វីមួយ​ដែល​ដំណើរ​ការល្អ ឬ​គុណ​ភាពល្អ​។ គេ​មិនសូវ​និយាយ​ជាមួយ​មនុស្ស​ទេ​។ តែ​នៅពេលដែល​ខ្មែរ​មួយចំនួន​យកពាក្យ​នេះ​មក​ប្រើ ពេលខ្លះ ពួកគេ​និយាយថា នារី​ម្នាក់​នោះ អេ​ម ណាស់​។ ចំពោះ​ឃ្លា​នេះ ជនជាតិខ្មែរ​ចង់​និយាយថា នារី ម្នាក់​នោះ​ស្អាត​ណាស់​។ ឃ្លា​នេះ ប្រើ​មិនសូវ​ត្រូវ​ទេ បើ​គិតពី​អត្ថន័យ​ដើម​របស់​វា តែ​ជនជាតិខ្មែរ​អាច​យល់បាន​។ ពេលខ្លះទៀត ខ្មែរ​ច្រើន​និយាយថា របស់​អ្វីមួយ អេ​ម ណាស់ ដោយ​ពួកគេ​ចង់​សំដៅថា របស់​ហ្នឹង ឬ​មនុស្ស​ហ្នឹង ឡូយ​។ សម្រាប់​ជនជាតិខ្មែរ​ខ្លះ ពាក្យ អេ​ម មានន័យថា ឡូយ​។ 
 
​មួយទៀត​ដែល​ត្រូវ​ប្រយ័ត្ន​ក្នុង​ភាសា​វៀតណាម គឺថា ពាក្យ «​អេ​ម Êm»  និង​«​អែម Em» ខុសគ្នា​ស្រឡះ​។ «​អេ​ម និង អែម​» សរសេរ​ខុសគ្នា​បន្តិច​ត្រង់​មួយ​មាន​សក់ និង​មួយទៀត​អត់​សក់ តែ​ន័យ​ខុសគ្នា​ដាច់ស្រឡះ​។ «​អេ​ម​» គឺជា​អ្វីមួយ​ដែល​ល្អ​ប្រើ គុណភាព​ល្អ​។​ល​។ រីឯ «​អែម​» គឺ​មានន័យថា ប្អូន ឬ​អូន ឬ​មនុស្ស​ដែលមាន​អាយុ​តិចជាង​។ 

ការពិត​ពាក្យ​«​អែម​»​មិន​គ្រាន់តែ​អាច​ប្រើ​ជា​ភាសា​វៀតណាម​បាន​នោះទេ​។ ក្នុង​វចនានុក្រម​ខ្មែរ​ក៏មាន​ពាក្យ​«​អែម​»​នេះ​ផងដែរ ដែល​«​អែម​»​មានន័យថា ផ្អែម ហើយ​អាច​ប្រើ​ជាមួយនឹង​ពាក្យ «​ជូរ​» គឺ​ជូរអែម ដែល​មានន័យថា ជូរ​លាយ​ផ្អែម​។ គេ​ច្រើនតែ​ប្រើ​ដោយ​សំដៅលើ ផ្លែឈើ​ដែលមាន​រសជាតិ​អែម ឬ​ជូរអែម​៕​
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com