អន្តរជាតិ
មហាក្សត្រ​ថៃ ចេញ​រាជក្រឹត្យ​តែងតាំង​លោក ប្រា​យុទ្ធ ជា​នាយករដ្ឋមន្ត្រី​
11, Jun 2019 , 7:19 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា នាសន្និសីទក្រោយត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោក ប្រាយុទ្ធ ចន្ទអូចា នាសន្និសីទក្រោយត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
​មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ នៅ​ថ្ងៃទី​១១ ខែមិថុនា បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​នាយករដ្ឋមន្ត្រី​ផ្លូវការ​ដើម្បី​ដឹកនាំ​ប្រទេស​ដែលមាន​អាណត្តិ​បួន​ឆ្នាំ​។ លោក ប្រា​យុទ្ធ ដែល​អតីត​មេទ័ព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស៊ីវិល​កាលពី​ប្រាំ​ឆ្នាំមុន​នោះ បាន​សន្យា​បម្រើ​ប្រយោជន៍​ប្រទេសជាតិ ប្រជាជន និង​មហាក្សត្រ​។​

 
៦​ថ្ងៃក្រោយ​ត្រូវបាន​សភា​ជ្រើសរើស​តាំង​ជា​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១១ ខែមិថុនា​នេះ ក៏ត្រូវ​បាន​តែង​តែង​ជា​នាយករដ្ឋមន្ត្រី​ផ្លូវការ​របស់​ថៃ​ដោយ​រាជក្រឹត្យ​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍​។ ពិធី​តែងតាំង​នេះ ធ្វើឡើង​នៅ​វិមាន​រដ្ឋាភិបាល​ផ្ទាល់ ដោយមាន​វត្តមាន​បក្ស​ទាំង​១៨ ដែលជា​សមាជិក​សម្ព័ន្ធ​ភាព​បក្សនយោបាយ​គាំទ្រ​លោក ប្រា​យុទ្ធ ជា​នាយករដ្ឋមន្ត្រី​។​
 
​ថ្លែង​ក្រោយ​ពិធី​ផ្លូវការ លោក ប្រា​យុទ្ធ បានបង្ហាញ​ក្ដី​ដឹងគុណ​ចំពោះ​ព្រះ​ចៅ​រាមា​ទី​១០ និង​សន្យា​បំពេញការងារ​ដើម្បី​ស្ដេច និង​ប្រជាជន​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អះអាងថា ខ្ញុំ​នឹង​លះបង់​ដើម្បី​បំពេញ​កិច្ចការ​ជាតិ​ដោយស្មោះ​ត្រង់ និង​សុចរិត សំដៅ​ភាពរុងរឿង​របស់​ប្រទេស និង​ប្រជាជន​ថៃ​។ ខ្ញុំ​នឹង​ស្ដាប់​សំឡេង​ប្រជាជន អំឡុងពេល​បំពេញភារកិច្ច​ដើម្បី​ភាពរុងរឿង និង​អភិវឌ្ឍ​ប្រទេស​ទាំង​សេដ្ឋកិច្ច និង​សង្គម​។​»    
 
​នាយករដ្ឋមន្ត្រី​ទី​២៩ របស់​រាជាណាចក្រ​ថៃ​រូបនេះ ក៏បាន​អរគុណ​បក្សនយោបាយ​ដែល​គាំទ្រ​រូបលោក​ជា​នាយករដ្ឋមន្ត្រី​ផងដែរ​។ ជុំវិញ​ការបង្កើត​រដ្ឋាភិបាល​វិញ លោក ប្រា​យុទ្ធ និយាយថា គណៈរដ្ឋមន្ត្រី​ថ្មី​នឹង​លេច​រូបរាង​ឆាប់ៗ​នេះ ខណៈ​ការពិភាក្សា​កំពុង​ធ្វើឡើង​។ សម្រាប់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល លោក​លើកឡើងថា បក្សនយោបាយ​ក្នុង​សម្ព័ន្ធភាព​ចម្រុះ នឹង​គិតគូរ​ពី​បេក្ខភាព​ដែល​សក្តិសម ហើយ​ការធ្វើសម្បទាន​ក៏ត្រូវ​ធ្វើឡើង​ដែរ​។​
 
 
​កន្លងមក មាន​ពាក្យ​លេចឮ​ពី​ការ​រកាំរកូស​ក្នុងចំណោម​បក្ស​ធំៗ​នៃ​សម្ព័ន្ធភាព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​បក្ស​កម្លាំង​ប្រជារាស្ត្រ ពិសេស​ការដណ្ដើម​តំណែង​រដ្ឋមន្ត្រីក្រសួង​សំខាន់ៗ​។ ប៉ុន្តែ​ចុងក្រោយ​នេះ មានការ​រាយការណ៍​ថា គណបក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​សន្យា​ផ្ដល់​ក្រសួង​សំខាន់ៗ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​ភូមិ​ចៃ​ថៃ បានសម្រេច​ចិត្ត​រក្សា​ពាក្យសម្ដី​របស់ខ្លួន​ដដែល​៕ 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com