អន្តរជាតិ
វៀតណាម បង្ក្រាប​ទំនិញ​ចិន​ពាក់​ឈ្មោះ​វៀតណាម​ដើម្បី​គេចពន្ធ​ពេល​នាំចូល​អាមេរិក​
11, Jun 2019 , 8:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន បាន​បង្ខំ​ឲ្យ​រោងចក្រ​ជាច្រើន​រើស​ទីតាំង​ទៅរក​ស៊ី​នៅ​ទឹកដី​វៀតណាម​វិញ​។ ប៉ុន្តែ​ក្រុមហ៊ុន​ជាច្រើន បាន​លួច​បន្លំ​ផលិតផល​ចិន​ថា ជា​ទំនិញ​ផលិត​នៅ​វៀតណាម​មុននឹង​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក​ដើម្បី​គេច​ពី​ការយកពន្ធ​នាំចូល​២៥​ភាគរយ​របស់​ទីក្រុង​វ៉ាស៊ីនតោន ខណៈ​វៀតណាម​មិន​រង​ពន្ធ​ខ្ពស់​បែបនេះ​ឡើយ​។ វៀតណាម នឹង​ចាត់វិធានការ​បោសសម្អាត​ការបន្លំ​ភ្នែក​នេះ​ដើម្បី​រក្សា​មុខមាត់​របស់ខ្លួន​។​

 
​ការ​លួច​នាំចូល​ទំនិញ​ផលិត​នៅ​ចិន​ទៅកាន់​វៀតណាម ហើយ​វ៉ៃ​ស្លាក «​ផលិត​នៅ​វៀតណាម Made in Vientnam» កំពុង​ក្លាយជា​និន្នាការ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ជាច្រើន​ដែល​បាន​រើ​រោងចក្រ​របស់ខ្លួន​ពី​ចិន​ទៅ​វៀតណាម ដើម្បី​គេច​ពី​ការយកពន្ធ​ដ៏​ខ្ពស់​របស់​អាមេរិក​។ បច្ចុប្បន្ន ទំនិញ​ផលិត​នៅ​ចិន​ជាច្រើន​ដែល​ត្រូវ​នាំចូល​ទីផ្សារ​អាមេរិក ត្រូវ​បង់ពន្ធ​នាំចូល​ដល់​ទៅ​២៥​ភាគរយ ខណៈ​អាមេរិក និង​ចិន​កំពុង​ទាស់​គ្នា​បែកផ្សែង​លើ​រឿង​ពាណិជ្ជ​កម្មនេះ​។​
 
​ក្នុង​របាយការណ៍​ដែល​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែមិថុនា រដ្ឋាភិបាល​ក្រុង​ហាណូយ រកឃើញថា ក្រុមហ៊ុន​ជាច្រើន​បាន​បន្លំ​ពី​ប្រភពដើម​ផលិតផល​របស់ខ្លួន ដោយ​នាំចូល​ផលិតផល​ដូចជា​សម្លៀកបំពាក់ គ្រឿង​សុ​ទ្រ និង​ទំនិញ​កសិកម្ម​ជាដើម តែ​ថា ជា​ផលិតផល​ផលិត​នៅ​វៀតណាម​ទៅវិញ​មុន​ដឹកជញ្ជូន​ទៅកាន់​អាមេរិក ទោះ​ផលិតផល​ទាំងនោះ​មាន​ប្រភព​នៅ​ចិន​ក្ដី​។ ឧបនាយករដ្ឋមន្ត្រី​វៀតណាម ផាម ប៊ិ​ញ​មិញ អះអាងថា ទង្វើ​បែបនេះ ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ប្រទេស និង​ទំនិញ​វៀតណាម​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ផាម ប៊ិ​ញ​មិញ និយាយ​ក្នុង​របាយការណ៍​ខាងលើ​ថា វៀតណាម​នឹងដាក់​ពិន័យ​ធ្ងន់ធ្ងរ​លើ​ការបោកប្រាស់​ឈ្មោះ​ទំនិញ​វៀតណាម​បែបនេះ​។ ក្នុង​របាយការណ៍​ដដែល គយ​វៀតណាម​ចាប់បាន​ទំនិញ​ជាច្រើន​ដែល​បោក​បន្លំ​ប្រភព​បែបនេះ ហើយ​ដែលមាន​ទិសដៅ​នាំចេញ​ទៅកាន់​អាមេរិក អឺរ៉ុប និង​ជប៉ុន​។​
 
​រដ្ឋាភិបាល​វៀតណាម បានស្នើ​ឲ្យ​មាន​ត្រួតពិនិត្យ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សំខាន់ៗ​ឲ្យ​ម៉ត់ចត់ ព្រោះ​វៀតណាម​អាច​ប្រឈមមុខ​ការដាក់ពិន័យ​ពី​សំណាក់​អាមេរិក​មិន​ខាន បើ​មិនអាច​ទប់ស្កាត់​ចរន្ត​បែបនេះ​។ សព្វថ្ងៃ វៀតណាម ក៏​កំពុង​ស្ថិតក្នុង​បញ្ជី​តាមដាន​របស់​អាមេរិក​ជុំវិញ​ការ​បំប៉ោង​តម្លៃ​រូបិយ​បណ្ណដើ​ម្បី​កេងចំណេញ​ផ្នែក​ពាណិជ្ជកម្ម​។ ប្រសិន​ក្រុង​វ៉ាស៊ីនតោន​រឹតបន្តឹង​ទីផ្សារ​របស់ខ្លួន​នោះ ក្រុង​ហាណូយ​ជួប​បញ្ហា​មិន​ខាន​។​
 
​ក្នុង​កាលៈទេសៈ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក និង​ចិន វៀតណាម​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​។ រោងចក្រ​ជាច្រើន​ដែល​ធ្លាប់​ផលិត​ទំនិញ​នៅ​ចិន ក៏​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​វៀតណាម​វិញ បន្ថែម​ពី​រោងចក្រ​រាប់ពាន់​ដែលមាន​ស្រាប់​។ វៀតណាម ត្រូវបាន​ទទួលស្គាល់ថា ជា​មជ្ឈមណ្ឌល​ផលិត​ទំនិញ​តម្លៃថោក​ចាប់​តាំង​ស្បែកជើង Adidas សម្លៀកបំពាក់​របស់ H&M រហូតដល់​ទូរ​សព្ទ​ក្រុមហ៊ុន Samsung និង​បន្ទះ​ឈី​បរ​បស់ Intel ជាដើម​៕  
 

Tag:
 វៀតណាម​
  ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com