ជាតិ
សង្គមជាតិ
បក្ស​មូលដ្ឋាន ស្នើ​រដ្ឋាភិបាល​បង្ហាញ​ឲ្យ​ច្បាស់​ថា «​លុប​បឹង​តា​មោក​ប៉ុនណា ហើយ​ទុក​ប៉ុនណា​»
11, Jun 2019 , 8:39 pm        
រូបភាព
លោក យ៉េង វីរៈ ពេលយកញត្តិទៅដាក់នៅរដ្ឋសភា
លោក យ៉េង វីរៈ ពេលយកញត្តិទៅដាក់នៅរដ្ឋសភា
​លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូល​មួយ​នេះ លើក​ករណី​លុប​បឹង​តា​មោក សម្រាប់​គម្រោង​អភិវឌ្ឍ​ផ្សារ​បន្លែ​និង​គម្រោង​អភិវឌ្ឍ​ផ្សេងទៀត​។​


 
​ក្រោយ​ដាក់​ញត្តិ​រួច លោក យ៉េ​ង វីរៈ ប្រាប់​អ្នកកាសែត​ថា គណបក្ស​របស់លោក ចង់​ឲ្យ​រដ្ឋសភា អញ្ជើញ​ខាង​រដ្ឋាភិបាល ទៅ​បំភ្លឺ​ពី​ផលចំណេញ និង​ផលប៉ះពាល់ ពី​ការអភិវឌ្ឍ​បឹង​តា​មោក​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា «​យើង​ចង់​ឲ្យ​រដ្ឋាភិបាល បង្ហាញ​ប្លង់​មេ​ថា ការអភិវឌ្ឍ​ហ្នឹង អភិវឌ្ឍ​ប៉ុន្មាន នៅ​បឹង​ទេ ឬ​បាត់​បឹង ដូច​បាត់​បឹងកក់​។ សម្រាប់​យើង គឺ​សុំ​ឲ្យ​មានការ​កែលម្អ​តិចតួច​បំផុត ជាគោលការណ៍​គឺ​រក្សា​បឹង​ធម្មជាតិ​នេះ​។ គ្រាន់តែ​ធ្វើ​ផ្លូវ សម្រាប់​ជិះ​កង់ សម្រាប់​ដើរ​កម្សាន្ត គឺ​គ្រប់គ្រាន់​ហើយ មិនចាំបាច់​ទៅធ្វើ​អី​លើសពី​ហ្នឹង​ទេ​»​។​
 
​ប្រធាន​គណបក្ស​នេះ ហាក់​ព្រួយបារម្ភ​ថា បឹង​តា​មោក អាចមាន​វាសនា​ដូច​បឹងកក់​។ លោក ថ្លែង​បែបនេះ​ថា «​យើង​បានឃើញ​ហើយ  កន្លងមក មានការ​លុប​បឹង​ជា​បន្តបន្ទាប់ ដូចជា​បឹងកក់​ជាដើម​។ ធ្លាប់​ឮថា​ទុក​ផ្នែក​ខ្លះ​នៃ​បឹង តែ​ទីបំផុត​ដូច​អត់​មាន​ឃើញ​បឹង​នៅ​ណា អស់រលីង គោក​ទាំងអស់​»​។​
 
​ការសុំ​អន្តរាគមន៍​នេះ ពី​បន្ទាប់​មន្ត្រី​គណបក្ស​នេះ បាន​ចុះទៅ​ឃើញ​មានការ​ចាក់ដី​ចូលក្នុង​បឹង​តា​មោក​បណ្តើរៗ​។ នេះ​ជាការ​អះអាង​របស់លោក យ៉េ​ង វីរៈ ដដែល ដោយ​លោក បន្ថែមថា គណបក្ស​របស់លោក មាន​សេចក្តី​ខ្វល់ខ្វាយ​ពី​រឿងនេះ​។ លោក បន្តថា «​យើង​បាន​ស្ទង់​មតិ​សាកមើល​ដែរ​នៅតាម​បណ្តាញ​សង្គម គឺ​ភាគច្រើន ចង់​ឲ្យ​រក្សាទុក​បឹង [​តា​មោក​]»​។ 
 
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ញត្តិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ទៅដល់​គណៈកម្មការ​ជំនាញ​ទី​១​នៃ​រដ្ឋសភា​ហើយ គឺ​គណៈកម្មការ សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​។ លោក មានប្រសាសន៍ថា «​គណៈកម្មការ​ទី​១ ចាត់ការ​ឬ​អញ្ជើញ​ខាង​រដ្ឋាភិបាល មក​បំភ្លឺ​យ៉ាងម៉េច គឺជា​រឿង​របស់គាត់​។ ខ្ញុំ ដឹង​តែ​ប៉ុណ្ណឹង​ទេ​»​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ពុំ​អាច​បំភ្លឺ​ពី​គោលការណ៍​របស់​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​បឹង​តា​មោក​នេះ​បានទេ ដោយ​លោក រុញ​ឲ្យ​ទៅ​សួរ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។ ប៉ុន្តែ សារព័ត៌មានថ្មីៗ ក៏​មិនអាច​សុំ​ការបំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​បានដែរ ព្រោះ​មិន​លើក​ទូរ​សព្ទ​។ 
 
​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ផ្សារ​ថ្មី​មួយ​នៅ​បឹង​តា​មោក​។ សេចក្តីសម្រេច​នេះ បញ្ជាក់ថា ដី​សម្រាប់​បង្កើត​ផ្សារ​ថ្មី​នៅ​បឹង​តា​មោក គឺមាន​ទំហំ​២០​ហិកតា​ប៉ុណ្ណោះ​។ ការសម្រេច​នេះ គឺ​យោងតាម​ចំណារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​សូមបញ្ជាក់ថា បឹង​តា​មោក មាន​ទំហំ​ជាង​៣​ពាន់​ហិកតា ដែល​ចាត់ទុកថា​ជា​បឹង​មួយ នៅសល់​ចុងក្រោយ​ក្នុងចំណោម​បឹង​ស្តុក​ទឹកធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ​។ នៅ​ជុំវិញ​បឹង​នេះ មាន​ភូមិ​១៩ សង្កាត់​៥ និង ខណ្ឌ​២ (ខណ្ឌ​ព្រែក​ព្នៅ និង ខណ្ឌ​សែន​សុខ​)។ ប្រជាពលរដ្ឋ បាន​អាស្រ័យ​ផល​ពី​បឹង​នេះ ដូចជា ធ្វើ​ស្រែ រកត្រី និង​ដាំ​ដំណាំ​ ជាដើម​៕  
 
 

Tag:
 បឹង​តា​មោក​
  បក្ស​មូលដ្ឋាន​
  យ៉េ​ង វីរៈ
© រក្សាសិទ្ធិដោយ thmeythmey.com