អន្តរជាតិ
ប្រមុខ​ការទូត​អុីរ៉ង់​៖ អ្នកធ្វើ​សង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំង​អុីរ៉ង់ កុំ​សង្ឃឹម​បាន​សុខ​ឲ្យ​សោះ​
11, Jun 2019 , 8:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ (ស្ដាំ) ក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាល្លឺម៉ង់ ហៃខូ ម៉ាស​ (ឆ្វេង)។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ (ស្ដាំ) ក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាល្លឺម៉ង់ ហៃខូ ម៉ាស​ (ឆ្វេង)។ រូបភាព AFP
​ស្របពេល​ភាព​តានតឹង​ជាមួយ​ទីក្រុង​វា់​ស៊ីន​តោន​នៅតែ​ក្កៅ​គគុក ប្រមុខ​ការទូត​អុីរ៉ង់ ចា​វ៉ាដ ហ្សា​រី​ហ្វ (Javad Zarif) បាន​ព្រមាន​ពី​ផលវិបាក បើ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិន​បញ្ឈប់​សង្គ្រាម​សេដ្ឋកិច្ច​របស់ខ្លួន​ទេនោះ​។ បើតាម​លោក ហ្សា​រី​ហ្វ អាមេរិក និង​គូកន​ដែល​ធ្វើទុក្ខបុកម្នេញ​អុីរ៉ង់ នឹងមិន​បាន​សុខ​ឡើយ​ចំពោះ​ទង្វើ​របស់ខ្លួន​។ ថ្លែង​ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​អាល្លឺម៉ង់ ប្រមុខ​ការទូត​អុីរ៉ង់​រូបនេះ លើកឡើងថា អឺរ៉ុប​មាន​តួនាទី​សំខាន់​ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​។​

 
​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​កាន់តែខ្លាំង​រប​ស់​អាមេរិក កំពុងតែ​ធ្វើ​ឲ្យ​អុីរ៉ង់​ប្រឈមមុខ​បញ្ហា​ខ្លាំង​។ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ បានដាក់​ទណ្ឌកម្ម​ផ្ទួនៗ​ដើម្បី​រាំងខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​អុីរ៉ង់ សំដៅ​បង្ខំ​ឲ្យ​អុីរ៉ង់​ផ្លាស់ប្ដូរ​ឥរិយាបថ​ដែល​អាមេរិក​ចាត់ទុកថា ជាការ​គំរាម​ផលប្រយោជន៍​ខ្លួន​នោះ​។ អុីរ៉ង់​ដែល​ត្រូវ​សែង​អ​ម្រែ​ក​កាន់តែ​ធ្ងន់​ឡើងៗ ប្រកាស​មិន​អត់អោន​ឲ្យ​អាមេរិក​នោះឡើយ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១០ ខែមិថុនា រដ្ឋមន្ត្រីការបរទេស​អុីរ៉ង់ ចា​វ៉ាដ ហ្សា​រី​ហ្វ ព្រមាន​ថា អាមេរិក​កុំ​រំពឹង​បន្តធ្វើ​សង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​ប្រជាជន​អុីរ៉ង់​ទៀត​ឲ្យ​សោះ ហើយ​ប្រទេស​ដែល​ធ្វើសង្គ្រាម​នេះ និង​អ្នកគាំទ្រ​ផង កុំ​រំពឹង​បាន​សុខ​ដែរ​។ លោក ហ្សា​រី​ហ្វ និយាយ​ព្រមាន​បែបនេះ​ក្រោយ​ជំនួប​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ ហៃ​ខូ ម៉ាស (Heiko Maas) ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​ដើម្បី​រក​ដំណោះស្រាយ​ភាព​តានតឹង​រវាង​អាមេរិក និង​អុីរ៉ង់ ក៏ដូចជា​សំណុំរឿង​នុយក្លេអ៊ែរ​។​
 
​ជុំវិញ​ការប្រឈមមុខ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន លោក ហ្សា​រី​ហ្វ លើកឡើងថា ច្រកចេញ​តែមួយគត់​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់ គឺ​ការបញ្ឈប់​សង្គ្រាម​សេដ្ឋកិច្ច​។ ចំពោះមុខ​សម​ភាគី​អាល្លឺម៉ង់ ប្រមុខ​ការទូត​អុីរ៉ង់​រូបនេះ​ថ្លែងថា អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប ក៏​អាច​ដើរតួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អុីរ៉ង់ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ជាមួយ​មហាអំណាច​ទៀត​៦​មាន​អាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០១៥ ដោយ​អន្តរជាតិ​បាន​ដក​ទណ្ឌកម្ម​លើ​អុីរ៉ង់ ជា​ថ្នូរ​នឹង​ការផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​។ ប៉ុន្តែ​រដ្ឋបាល​លោក ត្រាំ បាន​ដកខ្លួន ហើយ​បានដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​លើ​អុីរ៉ង់​រហូត​ទីក្រុង​តេ​ហេ​រ៉ង់​ចាត់ទុកជា​សង្គ្រាម​សេដ្ឋកិច្ច​ទៀតផង​។ មិន​ត្រឹម​ផ្នែក​សេដ្ឋកិច្ច​ឡើយ អាមេរិក​ក៏​បង្កើន​សម្ពាធ​យោធា​ដាក់​អុីរ៉ង់​ផងដែរ​។​
 
​ក្នុង​កិច្ច​សម្ភាស​ដដែល លោក ម៉ាស និយាយថា អាល្លឺម៉ង់ នឹង​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជម្លោះ​។ ដោយ​លើកឡើង​ពី​ជម្លោះ​នៅ​ស៊ី​រី និង​យេ​ម៉ែន​នោះ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​រូបនេះ​បង្ហាញ​សុទិដ្ឋិនិយម​ថា ជា​រឿង​ដែល​ការប្រយុទ្ធ​គ្នា​នៅ​អុីរ៉ង់​មិនមាន​កើតមាន ហើយ​ទីក្រុង​បែរ​ឡាំង ចង់​ធ្វើ​អ្វីដែល​ខ្លួន​អាច​ធ្វើបាន​ដើម្បី​ជួយ​អុីរ៉ង់​។ លោក​ព្រមាន​ថា ហេតុការណ៍​តូច​មួយ អាច​បញ្ឆេះ​ភ្លើង​ឲ្យ​រាលដាល​ពេញបន្ទុក​បាន តែ​អាល្លឺម៉ង់ នឹង​ព្យាយាម​រក​ដំណោះស្រាយ​៕  
 

Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  អាល្លឺម៉ង់​
  Javad Zarif
  Heiko Maas
© រក្សាសិទ្ធិដោយ thmeythmey.com