លោក ប្រាក់ សុខុន ស្នើឱ្យ​ម៉ាឡេស៊ី​ជួយ​ការពារ​ពលករ​ខ្មែរ
ជាតិ
សេដ្ឋកិច្ច
លោក ប្រាក់ សុខុន ស្នើឱ្យ​ម៉ាឡេស៊ី​ជួយ​ការពារ​ពលករ​ខ្មែរ
11, Jun 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងការបរទេស​ក​ម្ពុ​ជា បានស្នើ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ជួយ​ការពារ និង​បង្កើន​ការយកចិត្តទុកដាក់​លើ​សុ​វត្តិភាព​ការងារ​ដល់​ពល​ករក​ម្ពុ​ជា ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​ទីនោះ​។ ការស្នើសុំ​នេះ​បានធ្វើ​ឡើង​ក្នុងជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ជាមួយ​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ថ្មី​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។

 
​លោក ប្រាក់ សុខុន បានស្នើ​សុំ​ដល់​រដ្ឋាភិបាល​ម៉ាឡេស៊ី ឲ្យ​ជួយ​ការពារ និង​យកចិត្តទុកដាក់​លើ​ពលករ​កម្ពុជា​បន្ថែមទៀត ព្រោះ​កន្លងមក​ពលករ​កម្ពុ​ជា​ដែល​បាន​ទៅធ្វើ​ការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី តែងតែ​ជួប​បញ្ហា​ប្រឈម​នានា ជាពិសេស​សិទ្ធិ​ការងារ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អ្នកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​។ 
 
​ជាការ​ឆ្លើយតប​នឹង​ការស្នើ​នេះ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ថ្មី បាន​លើកឡើងថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​យកចិត្តទុកដាក់​លើ​ពលករ​បរទេស​ខ្លាំង​ជាង​មុន​។ ហើយ​ក្នុងពេល​បច្ចុប្បន្ននេះ​រដ្ឋា​ភិ​បាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ពលករ​បរទេស​ជា​អត្ថិភាព ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតមាន​ចំពោះ​ពួកគេ​ផងដែរ​។  
 
​អ្នកស្រី ទួត បញ្ញា បាន​ស្រង់​ប្រសាសន៍​របស់​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ថ្មី ក្នុង​កិច្ចប្រជុំ ទៅប្រាប់​អ្នកកា​សែង ដូច្នេះ​ថា​៖«​លោក សន្យាថា នឹង​ខិតខំ​បន្ត​កិច្ច​សហ​ប្រ​ត្តិ​ប​ត្ត​ការបន្ថែម​ទៀត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​កម្មករ​កម្ពុជា​ជួបប្រទះ​ក្នុងប្រទេស​ម៉ាឡេស៊ី​»​។ 
 
​អ្នកស្រី ទួត បញ្ញា បាន​ឲ្យ​ដឹងថា បើតាម​តួរ​លេខ​ដែល​អ្នកស្រី​ទទួលបាន ពី​នាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ម៉ាឡេស៊ី ពលករ​កម្ពុជា​ដែល​បាន​ចុះឈ្មោះ​ស្របច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​ជាង​៣​ពាន់​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើតាម​តួរ​លេខ​របស់​ក្រសួង​ការងារ​កម្ពុជា ពលករ​ខ្មែរ​ទាំង​ខុសច្បាប់ និង​ស្របច្បាប់ ដែល​បាន​ទៅធ្វើរ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់​។ 
 
​គួររម្លឹកថា កាលពី​ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ការបញ្ជូន​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយពី​មាន​របាយការណ៍​ពាក់ព័ន្ធ​នឹង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការរង​ទារុណកម្ម និង​ការ​បៀតបៀន​ផ្លូវភេទ​ពី​សំណាក់​ម្ចាស់ផ្ទះ​ជនជាតិ​ម៉ាឡេស៊ី​ជាដើម​។ ហើយ​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី បាន​ព្រមព្រៀងគ្នា បញ្ជូន​និង​ទទួលយក​ពលករ​ខ្មែរ ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ កាលពី​ឆ្នាំ​២០១៧៕ 

Tag:
 ​ពលករ​កម្ពុជា​
  ម៉ាឡេស៊ី​
  ក្រសួងការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com