ជាតិ
សង្គមជាតិ
៦០​សហគមន៍ ផ្គត់ផ្គង់​ជីវភាព ដោយសារ​ទឹកឃ្មុំ ផ្តៅ ឫស្សី ជ័រទឹក និង ទ្រាំង
11, Jun 2019 , 9:59 pm        
រូបភាព
រូបភាព សកម្មភាពរបស់​ពលរដ្ឋ​នៅ​តាម​សហគមន៍ដែល​កំពុង​តែ​ដើរ​រក​ទឹក​ឃ្មុំក្នុង​ព្រៃ និង​ការ​ធ្វើ​សម្ភារ​ពី​ផ្តៅ និង​ឫសី្ស
រូបភាព សកម្មភាពរបស់​ពលរដ្ឋ​នៅ​តាម​សហគមន៍ដែល​កំពុង​តែ​ដើរ​រក​ទឹក​ឃ្មុំក្នុង​ព្រៃ និង​ការ​ធ្វើ​សម្ភារ​ពី​ផ្តៅ និង​ឫសី្ស
ដោយ:
​ភ្នំពេញ​៖ អ្នក​ជនបទ​ដែល​ស្ថិតនៅក្នុង​សហគមន៍​ទាំង​៦០ ក្នុង​ខេត្ត ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី កោះកុង និង​សៀមរាប គឺ​ពឹង​ផ្អែកលើ​អនុផល​ព្រៃឈើ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។ ៦៨​ភាគរយ គឺ​សុទ្ធតែជា​ជនជាតិដើម​ភាគតិច ដែល​ប្រកបមុខរបរ​រក​ទឹកឃ្មុំ កែច្នៃ​សម្ភារ​ធ្វើ​ពី​ផ្តៅ ឫស្សី និង​ទ្រាំង ក្រៅពី​ការប្រមូល​ផលដំណាំ​មើម ផ្លែឈើ និង​បន្លែ​ដែលជា​មុខរបរ​គោល​របស់​ពួកគេ​។​


 
​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើក​ទី​២​ស្តីពី​អនុផល​ព្រៃឈើ កាលពី​ថ្ងៃទី​១០ ខែមិថុនា លោក ឯ វុ​ឌ្ឍី  អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន បាន​និយាយថា ពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​ទាំង​៦០​នោះ ពិតជា​រួមចំណែក​ការពារ​ព្រៃឈើ​នៅ​កម្ពុជា និង​បង្កើន​ការងារ​ដូចជា​ការប្រមូល និង​ការកែច្នៃ​អនុផល​ព្រៃឈើ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ និង​បច្ចេកវិទ្យា​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​សហគ្រាស​ជន​បទ​ខ្នាតតូច និង​ខ្នាត​មធ្យម ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​អភិវឌ្ឍ​ជនបទ​។ លោក ឯ វ​ឌ្ឍី បញ្ជាក់ថា ឆ្នាំ​២០១៧ ចំណូល​របស់​សហគម​ន៍​ដែល​ទទួល​បានមកពី​ផលិតផល​ទាំងនោះ​មាន​ប្រមាណ​ជិត​៨​ម៉ឺន​ដុល្លារ និង​ឆ្នាំ​២០១៨ ថយ​ចុះមក​ត្រឹម​ជិត​៧​ម៉ឺន​ដុល្លារ​។ 


រូបភាព ​ទឹក​ឃ្មុំ​ព្រៃ ដែល​សហគមន៍​ប្រមូល​បាន​ ដើម្បី​មក​តាំង​លក់​​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិលើកទី​២ ស្តីពី​អនុផលព្រៃឈើ
 
​មន្ត្រី​ក្រសួងបរិស្ថាន​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ចង្វាក់​ផលិតកម្ម​ដែល​ពលរដ្ឋ​ទទួលបាន​ពី​អនុផល​ព្រៃឈើ​ទាំងនោះ មិនទាន់​អាច​ពង្រីក​ទីផ្សារ​ទៅកាន់​ក្រៅប្រទេស​បាន​នៅឡើយ​ទេ គឺ​បានតែ​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​។ ហេតុដូចនេះ យើង​ត្រូវការ​ដៃគូ​សហការ​បន្ថែមទៀត និង​បង្កើត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​លើ​ការនាំចេញ​ផលិតផល​ទាំងនោះ​ទៅ​ក្រៅប្រទេស ដើម្បី​បង្កើន​ចំណូល​ដល់​ពលរដ្ឋ​នៅ​ជនបទ​»​។  
 
​លោក​បន្ថែមថា វេទិកា​ថ្នាក់ជាតិ​លើក​ទី​២​ដែល​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៩ ជា​កិច្ចការងារ​មួយ​ក្នុងការ​លើកស្ទួយ​វិស័យ​អនុផល​ព្រៃឈើ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង ដែល​សហគ្រាស​សង្គម​ទាំងនោះ គ្របដណ្តប់​ផ្ទៃដី​សរុប​ជាង​៣៧​លាន​ហិកតា សម្រាប់​គ្រប់គ្រង​ដល់​សហគមន៍​ព្រៃឈើ និង​សហគមន៍​ជលផល​។ 


រូបភាព ពលរដ្ឋ​នៅ​តាម​សហគមន៍​ដែលកំពុង​ផលិត​​សម្ភារ​ធ្វើពី​ ផ្តៅ ឫស្សី ឬ​ទ្រាំង​​
 
​លោកស្រី Diane Caroen  ប្រធាន​ក្រុមការងារ​គម្រោង LISDI របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) បាន​និយាយថា ដើម្បី​ឲ្យ​ការងារ​គ្រប់គ្រង​ព្រៃឈើ​តាម​សហគមន៍​ក្នុងប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ គឺ​សហគមន៍​ត្រូវតែមាន​សិទ្ធិ​គ្រប់គ្រង​ដីធ្លី និង​ដីព្រៃ និង​ទទួលបាន​ការពារ​ពី​ច្បាប់ ហើយ​ត្រូវ​ធានា និង​ពង្រឹង​ការអនុវត្ត​ដោយ​អាជ្ញាធរ រដ្ឋាភិបាល​នៅ​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ក្រោម​ការគាំទ្រ​ពី​អង្គការ​អន្តរជាតិ  អង្គការ​ក្នុងស្រុក និង​ទីភ្នាក់ងារ​ជំនួយការ​អភិវឌ្ឍ​នានា​។ 


រូបភាព​ សម្ភារ​ដែល​ធ្វើពី​ផ្តៅ
 
​បើតាម​លោកស្រី Diane Caroen សហគមន៍​ដែល​ពឹង​ផ្អែកលើ​ផលិតផល​អនុផល​ព្រៃឈើ គឺ​ត្រូវតែ​ធានា​បានជា​ផ្លៃ​ផ្កា​ជាមួយនឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​ជំនាញ​ឯកទេស ហើយ​យើង​ព្យាយាម​ពង្រឹង​សមាគម​ធុរកិច្ច​របស់​សហគមន៍​តំបន់​ការពារ​ព្រៃឈើ ក៏ដូចជា​សមាគម​ស្វែងរក​ទីផ្សារ​ជា​អ្នកម៉ៅការ​បន្ត ក្នុង​ការកសាង​ទំនាក់ទំនង​រវាង​សហគមន៍​ជាមួយ​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ កិច្ចការ​ទាំងអស់នេះ​ជោគជ័យ​ទៅបាន​ក៏ត្រូវ​មានការ​សហការ​រវាង​អង្គការ WWF អង្គការ WCS រដ្ឋបាល​ព្រៃឈើ និង​ក្រសួងបរិស្ថាន ដើម្បី​បន្ត​អនុវត្ត​ពង្រឹង​សកម្មភាព​កិច្ចការពារ​ព្រៃឈើ​តាមរយៈ​ការប្រមូល​ផល​ព្រៃឈើ​របស់​សហគមន៍​ទាំង​៦០​។​
 
​សូមបញ្ជាក់ថា វេទិកា​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​អនុផល​ព្រៃឈើ គឺជា​ឱកាស​ជួបជុំ​មួយ​រវាង​ក្រុមហ៊ុន សហគ្រាស តំណាង​ដៃគូ​អភិវឌ្ឍ និង​សហគមន៍​អាជីវកម្ម លើកឡើង​នូវ​កិច្ចការ​ការពារ និង​លើកកម្ពស់​ការប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ដែន​គោក​ជា​និរន្ត​ភាព គ្រប់គ្រង​ព្រៃឈើ ដើម្បី​ទប់ស្កាត់​ការកែប្រែ​ដី​ទៅជា​ទីវាល​រហោឋាន បញ្ឈប់ និង​ប្រឆាំង​ការជួញដូរ​ព្រៃឈើ​នៅ​កម្ពុជា​៕ 

Tag:
 ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com