អន្តរជាតិ
នាយករដ្ឋមន្ត្រី មហា​ធៀ ប្រាប់​មន្ត្រីរាជការ​ឲ្យ​ចេះ​ទន់ភ្លន់​ដាក់​ពលរដ្ឋ
11, Jun 2019 , 10:19 pm        
រូបភាព
លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី (ប្រភពរូប៖​ Bernama )
លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី (ប្រភពរូប៖​ Bernama )
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ បាន​លើកឡើងថា មន្ត្រីរាជការ ត្រូវតែ​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ពួកគេ នៅពេល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​។ មេដឹកនាំ​រូប បញ្ជាក់​បែបនេះ​ថា ភ្នាក់ងារ​រដ្ឋាភិបាល​គ្រប់​កម្រិត​ថ្នាក់​ទាំងអស់់ ត្រូវតែ​ផ្តល់​សេវាសាធារណៈ ដែលមាន​ប្រសិទ្ធភាព និង​ល្អ​បំផុត​ដល់​ប្រជាជន​។ 

 
​ថ្លែង​នៅមុខ​មន្ត្រីរាជការ​រាប់​រយ​នាក់​ក្នុង​កម្មវិធី​មួយ នៅ​ថ្ងៃ​ចន្ទ​ទី​១០ ខែមិថុនា លោក មហា​ធៀ និយាយ​បែបនេះ​ថា​៖ «​ការបម្រើ​ប្រជាជន​ក្នុងនាម​ជា​មន្ត្រីរាជការ គឺជា​កាតព្វកិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​មួយ ក៏ដូចជា​ទំនួល​ខុសត្រូវ​របស់​មន្ត្រី​របស់​រដ្ឋាភិបាល​ផងដែរ​»​។ មេដឹកនាំ​ចាស់វស្សា​រូបនេះ បន្ថែមទៀតថា ភាពជោគជ័យ​របស់​អង្គភាព​រដ្ឋាភិបាល គឺ​អាស្រ័យ​លើ​ការគ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធភាព​របស់​មន្ត្រីរាជកា​រ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន  Bernama លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ អះអាង​ទៀតថា រដ្ឋាភិបាល ក៏​កំពុងធ្វើកា​យ៉ាងសកម្ម ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ពង្រឹង​ករណីយកិច្ច និង​ធានា​ឲ្យ​បាន​នូវ​អភិបាលកិច្ច​ល្អ ក៏ដូចជា​បូរណភាព​ក្នុងចំណោម​រចនាសម្ព័ន្ធ​មុខងារសាធារណៈ​ផងដែរ​។ 
 
​ក្រៅពីនេះ លោក មហា​ធៀ ដែលមាន​វ័យ ៩៣​ឆ្នាំ ក៏បាន​ដាស់តឿន​មន្ត្រីរាជការ​ម៉ាឡេស៊ី​បន្ថែមទៀតថា ពួកគេ ត្រូវ​ហ៊ាន​អនុវត្ត​តួនាទី​ដោយ​អព្យាក្រឹត និង​កុំ​ជាប់​ចំណង​តែ​ជាមួយនឹង​គណបក្សកាន់អំណាច​ពេក​។  យ៉ាងណាមិញ លោក មហា​ធៀ បែរជា​និយាយ​បក​វិញ​ថា មន្ត្រី ក៏ត្រូវ​តែ​ដឹង​ដែរ​ថា ពួកគេ មាន​កាតព្វកិច្ច​គោរព​តាម​សកម្មភាព និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដែល​ដឹកនាំ​ដោយ​បក្ស​កាន់អំណាច  ដើម្បី​ធានា​ឲ្យ​បាន​ថា ការដឹកនាំ​ប្រទេស​ប្រព្រឹត្ត​ទៅដោយ​រលូន​។ 
 
​តាម Bernama លោក មហា​ធៀ ក៏​ប្រាប់​ឲ្យ​មន្ត្រីរាជការ ត្រូវមាន​ចំណេះដឹង និង​ជំនាញ​ដើម្បី​ត្រៀមលក្ខណៈ​ចូលប្រឡូក​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ដំណាក់កាល​ទី​បួន (IR 4.0) ។ ត្រង់ចំណុច​នេះ លោក សង្កត់ធ្ងន់ថា នេះ​ជា​រឿង​សំខាន់បំផុត ព្រោះថា ប្រទេស​កំពុង​ប្រឈមមុខ​នឹង បដិវត្តន៍​ឧស្សាហកម្ម 4.0 ដែល​រាប់បញ្ចូល បច្ចេកវិទ្យា​ស្វ័យប្រវត្តិ រួមមាន Big Data, System Integration និង Cloud ជាដើម​។ លោក ថា ឧស្សាហកម្ម 4.0 នេះ នឹង​ក្លាយជា​កាតាលីករ​សម្រាប់​កែប្រែ​មុខមាត់​ប្រព័ន្ធ​រដ្ឋបាល​ម៉ាឡេស៊ី​ឲ្យ​កាន់តែ​ប្រសើរ​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com