ជាតិ
សង្គមជាតិ
អង្គការ​wcs៖ សត្វ​ខ្សឹប​នៅ​កម្ពុជា ថយចុះ​ខ្លាំង ចាប់ពី​ឆ្នាំ​២០១២​មក​
12, Jun 2019 , 8:39 am        
រូបភាព
ប្រភពរូប៖ ពីអង្គការWCS
ប្រភពរូប៖ ពីអង្គការWCS
​ភ្នំពេញ​៖ ចំនួន «​សត្វ​ខ្សឹប ឬ​សត្វ​ទ្រមាក់​អណ្តើក​» នៅ​កម្ពុជា បាន​ធ្លាក់ចុះ​យ៉ាងច្រើន ចាប់តាំងពី​ឆ្នាំ​២០១២​មក​។ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាល​ព​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន និង​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) បាន​បង្ហាញថា ចំនួន​សត្វ​ទ្រមាក់​អណ្ដើក ឬ​សត្វ​ខ្សឹប​ឈ្មោល បាន​ថយចុះ​ពី​២១៦​ក្បាល​នៅ​ឆ្នាំ​២០១២ មក​នៅត្រឹម​ចំនួន ១០៤​ក្បាល​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៨​។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ បានបង្ហាញ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ WCS និង​ក្រសួងបរិស្ថាន​ថា សត្វ​ខ្សឹប បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​ស្លាប​ដែល​កំពុង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ ដោយឡែក​នៅ​កម្ពុជា​បច្ចុប្បន្ន សត្វ​ស្លាប​ប្រភេទ​នេះ​ស្ទើរតែ​ជិត​ផុត​ពូជ​អស់​ទៅហើយ​។ សត្វ​នេះ រស់នៅ​ច្រើន​បំផុត​នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​ស្រុក​ជីក្រែង ខេត្តសៀមរាប ដែលជា​តំបន់​ទំនាប​ភាគ​ខាងជើង​នៃ​បឹង​ទន្លេសាប បន្ទាប់ពី​តំបន់​ទាំងពីរ​នេះ ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់ការពារទេសភាព​។​
 
​ជាមួយគ្នានេះ ចំនួន​សត្វ​ខ្សឹប​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ក៏បាន​ធ្លាក់ចុះ​ដល់​ទៅ​៥៥​ភាគរយ ចាប់តាំងពី​ឆ្នាំ​២០១២​មក ហើយ​តំបន់​សត្វ​ខ្សឹប​រស់នៅ​ក៏បាន​ធ្លាក់ចុះ​ពី​ចំនួន​១០​តំបន់​នៅ​ឆ្នាំ​២០១២ មក​នៅត្រឹម​ចំនួន ៤​តំបន់​ក្នុង​ឆ្នាំ​២០១៨៕
 

Tag:
 សត្វ​ខ្សឹប​
  wcs
© រក្សាសិទ្ធិដោយ thmeythmey.com