អន្តរជាតិ
រដ្ឋាភិបាល​ហ្វីលីពីន​ចូល​ជួយ​កសិករ ខណៈ​តម្លៃ​ស្វាយ​កំពុង​ដាំ​ក្បាល​ចុះ
12, Jun 2019 , 9:09 am        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​តម្លៃ​ផ្លែស្វាយ​នៅ​ហ្វីលីពីន បាន​ធ្លាក់​ថ្លៃ​យ៉ាងគំហុក ខណៈ​ប្រទេស​នេះ ប្រឈមមុខ​នឹង​ការផ្គត់ផ្គង់​ផ្លែស្វាយ​លើស​តម្រូវការ​ដល់​ទៅ ២២០៤​តោន​។ ទាក់ទិន​នឹង​រឿងនេះ អាជ្ញាធរ​ហ្វីលីពីន បាន​ព្រមាន​ថា ផ្លែស្វាយ​ស្រស់​ទាំងនេះ នឹង​ក្លាយជា​ស្អុយរលួយ ប្រសិនបើ​កសិករ​ពុំ​អាច​លក់​វា​ឲ្យ​អស់ ក្នុង​រយៈពេល​២​សប្តាហ៍​ខាងមុខ​ទេនោះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​បាន​បង្កើត​យុទ្ធនា​ការដើ​ម្បី​ជួយ​គាំទ្រ​កសិករ​។

 
​នៅ​ថ្ងៃទី​១០ ខែមិថុនា លោក  Emmanuel Pinol រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ហ្វីលីពីន បាន​និយាយថា បច្ចុប្បន្ននេះ ផ្លែស្វាយ​លើស​ចំនួន ២​លាន​គីឡូក្រាម ក្នុង​ខេត្ត Luzon ភាគ​ខាងជើង​នៃ​ប្រទេស​ហ្វីលីពីន​។ តាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី Channel News Asia តម្លៃ​នៃ​ផ្លែស្វាយ​នេះ​បាន​ធ្លាក់​ចុះមក​ត្រឹម ០,២០ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ក្នុង​ខេត្ត Luzon និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដូចជា Mindanao ។​
 
​ក្នុង​គោលដៅ​ជួយ​ប្រជាកសិករ​លក់​ផលិតផល​របស់​ពួកគេ ក្រសួងកសិកម្ម​ហ្វីលីពីន បានដាក់​ដំណើរ​កម្មវិធី​ទីផ្សារ​មួយ ឈ្មោះថា «Metro Mango» ដែល​បង្កើត​ហាង​ទំនិញ​តូចៗ​នៅ​ជុំវិញ​ទីក្រុង​ដើម្បី​លក់​ផ្លែស្វាយ​ទាំងនេះ​។ ទាក់ទិន​នឹង​យុទ្ធនា​ការជួយ​គាំទ្រ​កសិករ​ក្នុងស្រុក​នេះ លោក​រដ្ឋមន្ត្រី Pinol បញ្ជាក់​ឲ្យ​ដឹងថា ផ្លែស្វាយ​ស្រស់​ប្រមាណ ១៥០០០​គីឡូក្រាម ត្រូវបាន​គេ​ទិញ​ខ្ទេច​គ្មាន​សល់ ត្រឹមតែ​៣​ម៉ោង​ដំបូង​ប៉ុណ្ណោះ ក្រោយពី​អាជ្ញាធរ​បានចាប់ផ្តើម​ក​ម្ម​វិធី​ទីផ្សារ​នេះ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ ក្រសួងកសិកម្ម​ហ្វីលីពីន ក៏បាន​បើក​វគ្គ​សិក្សា​ធ្វើ​ម្ហូប​មួយ ដែល​បង្រៀន​ប្រជាជន​ឲ្យ​ចេះ​ចម្អិនម្ហូប​ដោយ​ប្រើប្រាស់​ផ្លែស្វាយ ហើយក៏​ត្រៀម​រៀបចំ​ពិធីបុណ្យ​ផ្លែស្វាយ នា​ពាក់កណ្តាល​ខែមិថុនា​នេះ​ផងដែរ ក្នុង​គោលដៅ​បង្កើន​ការចាប់អារម្មណ៍​របស់​ប្រជាជន​លើ​ផ្លែស្វាយ​។ ម្យ៉ាងវិញទៀត ក្រសួង​ដដែល ក៏​កំពុងធ្វើការ​យ៉ាង​ញាប់ដៃ​ញាប់ជើង​បំផុត​ដើម្បី​ជំរុញ​ការនាំចេញ​ផ្លែស្វាយ​ទៅកាន់​បរទេស រួមមាន ជប៉ុន រុស្ស៊ី ហុងកុង និង​កូរ៉េខាងត្បូង​ជាដើម​។​
 
​សូមបញ្ជាក់ថា បញ្ហា​ទិន្នផល​ផ្លែស្វាយ​ច្រើនជាង​តម្រូវការ​នេះ កើតឡើង​ដោយសារ​បាតុភូតធម្មជាតិ El Niño ដែល​បង្ក​ឲ្យ​មាន​អាកាសធាតុ​ក្តៅ និង​ស្ងួត​ខុសធម្មតា ទើបបានជា អ្នក​ដាំ​ស្វាយ​ហ្វីលីពីន​ប្រញាប់​ប្រមូល​ផល​ស្វាយ​របស់​ពួកគេ​លឿន​ខុស​ប្រក្រតី​បែបនេះ​៕

Tag:
 ហ្វីលីពីន​
  កសិកម្ម​
  ផ្លែស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com