អង្គការ​មួយ ធ្វើ​យុទ្ធនា​ការសម្អាត​សំរាម​ក្នុង​តំបន់​បឹង​ទន្លេសាប បំផុសគំនិត​ឲ្យ​យល់​ពី​ការបំពុល​ប្រព័ន្ធ​ជីវចម្រុះ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អង្គការ​មួយ ធ្វើ​យុទ្ធនា​ការសម្អាត​សំរាម​ក្នុង​តំបន់​បឹង​ទន្លេសាប បំផុសគំនិត​ឲ្យ​យល់​ពី​ការបំពុល​ប្រព័ន្ធ​ជីវចម្រុះ​
12, Jun 2019 , 9:39 am        
រូបភាព
​សៀមរាប​៖ បញ្ហា​សំរាម​ត្រូវបាន​គេ​មើលឃើញថា កំពុង​ក្លាយជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ពិភពលោក​។ ក្នុងនោះ​ការបំពុល​បរិស្ថាន​ក្នុង​ទឹក ក៏​រិត​តែ​ជា​បញ្ហា​ព្រោះថា​វា​មិន​ត្រឹម​ប៉ះពាល់​ដល់​បរិស្ថាន​ទឹក​ប៉ុណ្ណោះ​ទេ តែ​វា​បានធ្វើឱ្យ​កើត​មហន្តរាយ​ដល់​ប្រព័ន្ធ​ជីវចម្រុះ​ថែមទៀត​។ អង្គការ​មួយ​បាន​ផ្តួចផ្តើម​ឱ្យមាន​យុទ្ធនាការ​សម្អាត​បរិស្ថាន ដោយ​គៀងគរ​សហគមន៍​រស់​នៅជាប់​បឹង​ទន្លេសាប ចូលរួម​រើស​សំរាម​និង​យល់​ពី​ផលប៉ះពាល់​ពី​បញ្ហា​សំរាម​នេះ​។ យុទ្ធនាការ​នេះ​ធ្វើឡើង​នៅ​រដូវ​ទឹក​ឡើង​និង​រដូវ​ទឹកសម្រក ក្នុង​បំណង​ដើម្បី​ប្រមូល​សំរាម​ឱ្យ​អស់ពី​ផ្ទៃ​បឹង​ទន្លេសាប​។​


​ចង់ដឹងថា យុទ្ធនាការ​រើស​សំរាម​បឹង​ទន្លេសាប​មាន​រូបភាព​និង​សកម្មភាព​បែបណាខ្លះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​អង្គការ​ទំពាំង​ស្នង​ឬ​ស្សី បាន​បើក​យុទ្ធនាការ​ដោយ​ធ្វើការ​ជាមួយ​សហគមន៍​ដើម្បី​សម្អាត​បរិស្ថាន​ក្នុង​តំបន់​បឹង​ទន្លេសាប​។ យុទ្ធនាការ​នេះ មានការ​ចូលរួម​និង​សហការ​យ៉ាង​ជិតស្និទ្ធ​ពី​អាជ្ញាធរ​មូលដ្ឋាន ប្រជា​សហគមន៍ ដោយ​ពួកគេ​បានបង្ហាញ​ឱ្យឃើញថា ពួកគេ​ចង់បាន​សហគម​ន៍​ខ្លួន​មាន​បរិស្ថាន​ស្អាត គ្មាន​សំរាម​ប្លា​ស្ទិ​ក​។​
 
​យុទ្ធនាការ​រើស​សំរាម​ក្រោម​ប្រធាន «​សហគមន៍​យើង​ស្អាត ទន្លេសាប​ស្អាត​ដោយ​គ្មាន​ប្លា​ស្ទិ​ក​» ត្រូវបាន​រៀបចំ​ធ្វើ​នៅតាម​សហគមន៍​ចំនួន​៣​ដែល​នៅជាប់​បឹង​ទន្លេសាប គឺ​សហគមន៍​បឹង​ពារាំង សហគមន៍​ចុង​ឃ្នៀ​ស និង​សហគមន៍​កំពង់​ឃ្លាំង​។ យុទ្ធនាការ​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​៩ មិថុនា​។​


 
​លោក សុខ សុថា តំណាង​សណ្ឋាគារ TREELINE បាន​ដឹកនាំ​ក្រុមការងារ​ចំនួន ១៥​នាក់មក​ចូលរួម​រើស​សំរាម​នៅ​សង្កាត់​ចុង​ឃ្នៀ​សបាន​និយាយថា នេះ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​របស់​សណ្ឋាគា​រ​ខ្លួន​ដែល​តែងតែ​ធ្វើ​ជារឿយៗ​ទៅលើ​បញ្ហា​បរិស្ថាន​នេះ​។ តាម​ការបញ្ជាក់​របស់​លោក សុថា បុគ្គលិក​ក្នុង​សណ្ឋាគារ​នេះ​គឺ​ទទួលបាន​ការបំពាក់​បំប៉ន​លើ​ផលប៉ះពាល់​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ហើយ​សណ្ឋាគារ​បានក្លាយ​ជា​សណ្ឋាគារ​គំរូ​មួយ​ដែល​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​ផងដែរ​។ សម្រាប់​លោក សុថា ការចូលរួម​រើស​សំរាម​នៅពេលនេះ វា​ពិត​ជាមាន​សារសំខាន់​ណាស់ ទោះបី​ការចូលរួម​នេះ​មិនបាន​រើស​សំរាម​អស់​ក៏ពិតមែន តែ​វា​ជា​សារ​មួយ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការ​ភ្ញាក់រ​ឮ​ក​ឱ្យ​យល់​ពី​បញ្ហា​បរិស្ថាន ការបំពុល​បរិស្ថាន​ដោយ​ថង់​ប្លា​ស្ទិ​កបាន​មួយផ្នែក​ដែរ​។​


 
​ការ​ចោល​សំរាម​ក្នុង​បឹង​ទន្លេសាប លោក សុថា យល់ថា​វា​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន រួម​និង​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប ពេល​ត្រី​ច្រឡំ​ប្លា​ស្ទិ​កថា​ជា​ចំណី បណ្ដាលឱ្យ​ត្រី​ទាំងនោះ​ស្លាប់​ជាដើម​។ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ម្នាក់ លោក សុថា ចង់ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​ដោយ​មិន​បោះ​សំរាម យល់​ពី​ផលប៉ះពាល់​សំរាម​ប្លា​ស្ទិ​ក និង​បំផុស​ចលនា​នេះ​ទៅកាន់​គ្រួសារ​ពួកគេ​ផងដែរ​។​
 
​ចំណែក​លោក ម៉ែន កុសល ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ ស៊ូ​វ៉ុ​ន​ភ្នំ​ក្រោម ក៏បាន​ដឹកនាំ​កូនសិស្ស​ប្រមាណ​៥០​នាក់ ដើម្បី​ចូលរួម​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ភូមិ​ផ្នែក​ខាងក្រោម​នៃ​សង្កាត់​ចុង​ឃ្នៀ​ស​ផងដែរ​។ សម្រាប់​លោក កុសល សកម្មភាព​នេះ​បានបង្ហាញ​ពីសារ​ចំនួន​២ ដោយ​ប្រាប់​ពលរដ្ឋ​ឱ្យ​ចូលរួម​សម្អាត​បរិស្ថាន ក៏ដូចជា​ធ្វើឱ្យ​ពួកគាត់​មានការ​អៀនខ្មាស​និង​ចូលរួម​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​


 
​ប្រធាន​អង្គការ​ទំពាំង​ស្នង​ឬ​ស្សី លោក ស៊ា សុផល បានឱ្យដឹងថា យុទ្ធនាការ​រើស​សំរាម​នៅពេលនេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​សម្អាត​បរិស្ថាន និង​ការបញ្ជ្រាប​ចំណេះដឹង​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​។ គម្រោង​នេះ​នឹងធ្វើ​ទាំង​រដូវ​ទឹក​ឡើង​និង​ទឹកសម្រក​។ សម្រាប់​លោក សុផល ប្រសិនបើ​បណ្ដោយ​ឱ្យមាន​សំរាម​ប្លា​ស្ទិ​កមាន​ភាព​រាយប៉ាយ​ក្នុង​បឹង​ទន្លេសាប​បន្ដទៀត នៅពេល​ទឹក​ឡើង​វា​នឹង​លាប​យក​ប្លា​ស្ទិ​ក​ទាំងនោះ​ទៅ​បំពុល​ទឹក​និង​ប្រព័ន្ធ​ជីវចម្រុះ​ជាក់​ជាមិនខាន​។​
 
​បច្ចុប្បន្ននេះ យុទ្ធនាការ​បានចាប់ផ្តើម​តែ​៣​តំបន់​ក៏ពិតមែន តែ​គម្រោង​នេះ​គ្រោង​នឹង​ពង្រីក​ទៅតាម​សហគមន៍​ទាំងអស់​នៅជាប់​បឹង​ទន្លេសាប ចាប់ពី​កំពង់​ឃ្លាំង​រហូតដល់​ព្រែក​ទាល់​ខេត្តបាត់ដំបង ដែលជា​ជម្រក​ត្រី​និង​សត្វ​ស្លាប​ដ៏​ធំ​នៅ​កម្ពុជា​។ ក្រៅពី​ប្រមូល​សំរាម​ហើយ ក្នុងនោះ​គម្រោង​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ការញែក​សំរាម​ទៅតាម​ប្រភេទ​ផ្សេងៗ​គ្នា យកទៅ​កែច្នៃ ជៀសវាង​ការដុត​ចោល​ប៉ះពាល់​ដល់​ស្រទាប់​បរិយាកាស​កាន់តែ​ធ្ងន់ធ្ងរ​។ ក្នុង​ការងារ​នេះដែរ លោក សុផល បាន​បង្កើត​ក្រុមយុវជន​មេត្រីភាព​បរិស្ថាន ដោយ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​គោលដៅ​មួយៗ ដើម្បីឱ្យ​ចេះ​ញែក​និង​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​។ 


 
​ការ​បំផុស​ឱ្យ​មានការ​ទុកដាក់​និង​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅពេលនេះ គឺ​មិនមែនជា​រឿង​ចៃដន្យ​ទេ​។ គេ​ដឹង​ហើយ​ថា ពិភពលោក​កំពុង​ព្រួយបារម្ភ​ចំពោះ​បរិមាណ​ប្លា​ស្ទិ​ក​ដែល​បន្ត​ផលិត​ជា​អតិបរិមា​ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ដោយសារ​មានការ​ដាក់បញ្ចូល​សារធាតុ​គីមី ទើប​ប្លា​ស្ទិ​ក​អាច​រក្សា​គុណភាព​ឬ​មាន​អាយុ​រយ​ឆ្នាំ​នៅលើ​ភពផែនដី​។ វា​កាន់តែ​គ្រោះថ្នាក់​ទៅទៀត នៅពេលដែល​ប្លា​ស្ទិ​កមាន​វត្តមាន​នៅក្នុង​ទឹក ដូចជា​ទន្លេសាប​ជាដើម​។ នៅពេល​ត្រី​ស៊ី​ប្លា​ស្ទិ​ក អាចឱ្យ​វា​មាន​ជំងឺ ហើយ​មនុស្ស​នឹង​ស៊ី​ត្រី​ឈឺ​នោះ​ជា​បន្ត​ជាក់​ជាមិនខាន​៕


 

Tag:
 សំរាម​
  បឹង​ទន្លេសាប​
  ចុង​ឃ្នៀ​ស​
  ស៊ា សុផល​
© រក្សាសិទ្ធិដោយ thmeythmey.com