សៀមរាប៖ បញ្ហាសំរាមត្រូវបានគេមើលឃើញថា កំពុងក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ពិភពលោក។ ក្នុងនោះការបំពុលបរិស្ថានក្នុងទឹក ក៏រិតតែជាបញ្ហាព្រោះថាវាមិនត្រឹមប៉ះពាល់ដល់បរិស្ថានទឹកប៉ុណ្ណោះទេ តែវាបានធ្វើឱ្យកើតមហន្តរាយដល់ប្រព័ន្ធជីវចម្រុះថែមទៀត។ អង្គការមួយបានផ្តួចផ្តើមឱ្យមានយុទ្ធនាការសម្អាតបរិស្ថាន ដោយគៀងគរសហគមន៍រស់នៅជាប់បឹងទន្លេសាប ចូលរួមរើសសំរាមនិងយល់ពីផលប៉ះពាល់ពីបញ្ហាសំរាមនេះ។ យុទ្ធនាការនេះធ្វើឡើងនៅរដូវទឹកឡើងនិងរដូវទឹកសម្រក ក្នុងបំណងដើម្បីប្រមូលសំរាមឱ្យអស់ពីផ្ទៃបឹងទន្លេសាប។
ចង់ដឹងថា យុទ្ធនាការរើសសំរាមបឹងទន្លេសាបមានរូបភាពនិងសកម្មភាពបែបណាខ្លះ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
អង្គការទំពាំងស្នងឬស្សី បានបើកយុទ្ធនាការដោយធ្វើការជាមួយសហគមន៍ដើម្បីសម្អាតបរិស្ថានក្នុងតំបន់បឹងទន្លេសាប។ យុទ្ធនាការនេះ មានការចូលរួមនិងសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ ដោយពួកគេបានបង្ហាញឱ្យឃើញថា ពួកគេចង់បានសហគមន៍ខ្លួនមានបរិស្ថានស្អាត គ្មានសំរាមប្លាស្ទិក។
យុទ្ធនាការរើសសំរាមក្រោមប្រធាន «សហគមន៍យើងស្អាត ទន្លេសាបស្អាតដោយគ្មានប្លាស្ទិក» ត្រូវបានរៀបចំធ្វើនៅតាមសហគមន៍ចំនួន៣ដែលនៅជាប់បឹងទន្លេសាប គឺសហគមន៍បឹងពារាំង សហគមន៍ចុងឃ្នៀស និងសហគមន៍កំពង់ឃ្លាំង។ យុទ្ធនាការនេះធ្វើឡើងចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ មិថុនា។
លោក សុខ សុថា តំណាងសណ្ឋាគារ TREELINE បានដឹកនាំក្រុមការងារចំនួន ១៥នាក់មកចូលរួមរើសសំរាមនៅសង្កាត់ចុងឃ្នៀសបាននិយាយថា នេះជាផ្នែកមួយនៃការចូលរួមរបស់សណ្ឋាគារខ្លួនដែលតែងតែធ្វើជារឿយៗទៅលើបញ្ហាបរិស្ថាននេះ។ តាមការបញ្ជាក់របស់លោក សុថា បុគ្គលិកក្នុងសណ្ឋាគារនេះគឺទទួលបានការបំពាក់បំប៉នលើផលប៉ះពាល់លើការប្រើប្រាស់ថង់ប្លាស្ទិក ហើយសណ្ឋាគារបានក្លាយជាសណ្ឋាគារគំរូមួយដែលមិនប្រើប្រាស់ប្លាស្ទិកផងដែរ។ សម្រាប់លោក សុថា ការចូលរួមរើសសំរាមនៅពេលនេះ វាពិតជាមានសារសំខាន់ណាស់ ទោះបីការចូលរួមនេះមិនបានរើសសំរាមអស់ក៏ពិតមែន តែវាជាសារមួយប្រាប់ដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រឮកឱ្យយល់ពីបញ្ហាបរិស្ថាន ការបំពុលបរិស្ថានដោយថង់ប្លាស្ទិកបានមួយផ្នែកដែរ។
ការចោលសំរាមក្នុងបឹងទន្លេសាប លោក សុថា យល់ថាវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន រួមនិងប្រព័ន្ធជីវចម្រុះក្នុងបឹងទន្លេសាប ពេលត្រីច្រឡំប្លាស្ទិកថាជាចំណី បណ្ដាលឱ្យត្រីទាំងនោះស្លាប់ជាដើម។ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ លោក សុថា ចង់ឃើញប្រជាពលរដ្ឋកម្ពុជាចូលរួមដោយមិនបោះសំរាម យល់ពីផលប៉ះពាល់សំរាមប្លាស្ទិក និងបំផុសចលនានេះទៅកាន់គ្រួសារពួកគេផងដែរ។
ចំណែកលោក ម៉ែន កុសល ជាគ្រូបង្រៀននៅវិទ្យាល័យ ស៊ូវ៉ុនភ្នំក្រោម ក៏បានដឹកនាំកូនសិស្សប្រមាណ៥០នាក់ ដើម្បីចូលរួមយុទ្ធនាការសម្អាតបរិស្ថាននៅភូមិផ្នែកខាងក្រោមនៃសង្កាត់ចុងឃ្នៀសផងដែរ។ សម្រាប់លោក កុសល សកម្មភាពនេះបានបង្ហាញពីសារចំនួន២ ដោយប្រាប់ពលរដ្ឋឱ្យចូលរួមសម្អាតបរិស្ថាន ក៏ដូចជាធ្វើឱ្យពួកគាត់មានការអៀនខ្មាសនិងចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ប្រធានអង្គការទំពាំងស្នងឬស្សី លោក ស៊ា សុផល បានឱ្យដឹងថា យុទ្ធនាការរើសសំរាមនៅពេលនេះ គឺជាផ្នែកមួយនៃគម្រោងសម្អាតបរិស្ថាន និងការបញ្ជ្រាបចំណេះដឹងទាក់ទងនឹងបញ្ហាបរិស្ថាន។ គម្រោងនេះនឹងធ្វើទាំងរដូវទឹកឡើងនិងទឹកសម្រក។ សម្រាប់លោក សុផល ប្រសិនបើបណ្ដោយឱ្យមានសំរាមប្លាស្ទិកមានភាពរាយប៉ាយក្នុងបឹងទន្លេសាបបន្ដទៀត នៅពេលទឹកឡើងវានឹងលាបយកប្លាស្ទិកទាំងនោះទៅបំពុលទឹកនិងប្រព័ន្ធជីវចម្រុះជាក់ជាមិនខាន។
បច្ចុប្បន្ននេះ យុទ្ធនាការបានចាប់ផ្តើមតែ៣តំបន់ក៏ពិតមែន តែគម្រោងនេះគ្រោងនឹងពង្រីកទៅតាមសហគមន៍ទាំងអស់នៅជាប់បឹងទន្លេសាប ចាប់ពីកំពង់ឃ្លាំងរហូតដល់ព្រែកទាល់ខេត្តបាត់ដំបង ដែលជាជម្រកត្រីនិងសត្វស្លាបដ៏ធំនៅកម្ពុជា។ ក្រៅពីប្រមូលសំរាមហើយ ក្នុងនោះគម្រោងនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការញែកសំរាមទៅតាមប្រភេទផ្សេងៗគ្នា យកទៅកែច្នៃ ជៀសវាងការដុតចោលប៉ះពាល់ដល់ស្រទាប់បរិយាកាសកាន់តែធ្ងន់ធ្ងរ។ ក្នុងការងារនេះដែរ លោក សុផល បានបង្កើតក្រុមយុវជនមេត្រីភាពបរិស្ថាន ដោយចុះអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍គោលដៅមួយៗ ដើម្បីឱ្យចេះញែកនិងទុកដាក់ឱ្យបានត្រឹមត្រូវ។
ការបំផុសឱ្យមានការទុកដាក់និងប្រើប្រាស់ថង់ប្លាស្ទិកនៅពេលនេះ គឺមិនមែនជារឿងចៃដន្យទេ។ គេដឹងហើយថា ពិភពលោកកំពុងព្រួយបារម្ភចំពោះបរិមាណប្លាស្ទិកដែលបន្តផលិតជាអតិបរិមាដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ ដោយសារមានការដាក់បញ្ចូលសារធាតុគីមី ទើបប្លាស្ទិកអាចរក្សាគុណភាពឬមានអាយុរយឆ្នាំនៅលើភពផែនដី។ វាកាន់តែគ្រោះថ្នាក់ទៅទៀត នៅពេលដែលប្លាស្ទិកមានវត្តមាននៅក្នុងទឹក ដូចជាទន្លេសាបជាដើម។ នៅពេលត្រីស៊ីប្លាស្ទិក អាចឱ្យវាមានជំងឺ ហើយមនុស្សនឹងស៊ីត្រីឈឺនោះជាបន្តជាក់ជាមិនខាន៕