អ្នកកាសែត​អាស៊ី និង​កម្ពុ​ជាជាង​៦០០​នាក់​កំពុង​ជជែក​ពី​ស្ថានភាព​សារព័ត៌​មាននៅ​សៀមរាប​
ជាតិ
អ្នកកាសែត​អាស៊ី និង​កម្ពុ​ជាជាង​៦០០​នាក់​កំពុង​ជជែក​ពី​ស្ថានភាព​សារព័ត៌​មាននៅ​សៀមរាប​
12, Jun 2019 , 9:16 am        
រូបភាព
​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅក្នុង​ទីក្រុង​នៃ​ប្រាសាទបុរាណ ដោយមាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​សុន្ទរកថា​បើក​កិច្ចប្រជុំ​នេះ​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​។ ព្រឹត្តិការណ៍​នេះ​បានចាប់ផ្តើម​តាំងពី​ថ្ងៃ​១០​ដល់​ថ្ងៃទី​១៤​ខែមិថុនា ការសិក្សា​លើ​វិស័យ​បច្ចេកវិទ្យា កិច្ចពិភាក្សា​លើ​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ការ​វិវិត្ត​នៃ​វិស័យ​សារព័ត៌មាន​ក្នុងសម័យ​បដិវត្ត​ឧស្សាហកម្ម​នៃ​បញ្ញាញាន​សប្ប​និម្មិត​។ កិច្ចប្រជុំ​អន្តរជាតិ​នេះ​ត្រូវបាន​សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ (Asia Pacific Institute for Broadcasting Developpment, AIBD)​។​

 
​ទាំង​ប្រតិភូ​អ្នកសារព័ត៌មាន​បរទេស ទាំង​អ្នកកាសែត​កម្ពុជា និង​ភ្ញៀវ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន​ជាង​៦០០​នាក់ កំពុងមាន​វត្ត​មាននៅ​ក្នុង​សាលសន្និសីទ​សុខា​នៃ​ក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហាស សំអាត អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ទទួលបន្ទុក​លេខាធិការ​ដ្ឋា​ន​នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​។ បើតាម​ការអះអាង​រប​ស់​មន្ត្រីជាន់ខ្ពស់​នេះ​ដដែល ប្រតិភូ​បរទេស​ដែលជា​អ្នកសារព័ត៌មាន និង​អ្នកជំនាញ​នានា​ពាក់ព័ន្ធ​វិស័យ​សារព័ត៌មាន​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​មាន​ជាង​២៥០​រូប​។​
 
​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល​៖ ការផ្តោត​ទៅលើ​ការអភិវឌ្ឍ​ទីផ្សារ​»​។​
​មាន​ប្រធានបទ​សំខាន់​ចំនួន​៨ ដែល​ត្រូវ​បានកំណត់​ជា​ប្រធានបទ​ពិភាក្សា​ក្នុងចំណោម​អ្នកដឹកនាំ​ក្រុមហ៊ុន​សារព័ត៌មាន​មកពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​ដូចជា​៖ ការ​សម្រប​វិស័យ​សារព័ត៌មាន​ទៅនឹង​បច្ចេកវិទ្យា​ឌីជីថល​, ការស្វែងរក​ចំណូល និង​ការប្រកួតប្រជែង​រវាង​សារព័ត៌មាន​បុរាណ​និង​ទំនើប​, ការរក្សា​ឯកសារ និង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​ជាដើម​។​
 
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​កិច្ចពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ ប្រតិភូ​សារព័ត៌​មានប​រទេស​នឹងត្រូវ​នាំ​ទស្សនា​ប្រសាទ​បុរាណ​ខ្មែរ និង​សារមន្ទីរ​មីន​ផងដែរ ដើម្បី​ពួកគេ​អាច​ស្វែងយល់​ពី​ប្រទេស​កម្ពុជា​បាន​កាន់តែច្រើន​។ 
 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ថា សន្និសីទ​នេះ គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍ ដែល​ផ្តល់​កាលានុវត្តភាព​ដល់​រដ្ឋ​មន្ត្រី​ព័ត៌មាន ប្រតិ​ប​ត្ត​ការណ៍​សោតទស្សន៍ និង​បុគ្គលិក​បម្រើ​ការងារ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម​ព័ត៌មាន អ្នកស្រាវជ្រាវ អ្នកជំនាញ ជាដើម​។​
 
​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី ត្រូវបាន​រៀបចំ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៤ នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី រហូតដល់​ឆ្នាំ​២០០៨​។ បន្ទាប់មក សន្និសីទ​កំពូល​នេះ​ត្រូវបាន​រៀបចំ ជា​បន្តបន្ទាប់​នៅក្នុង​ទីក្រុង​ម៉ា​កាវ ឥណ្ឌូនេស៊ី ថៃ វៀតណាម អា​រ៉ា​ប៊ី​សា​អូឌីត ឥណ្ឌា និង​ចុង​ក្រោយនេះ​នៅក្នុង​ខេត្តសៀមរាប​ប្រទេស​កម្ពុជា​។​

Tag:
 សារព័ត៌មាន
  កាសែត
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com