កីឡាជាតិ
ជាតិ
លោក ស សុខា ជំរុញ​អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី​ឲ្យ​យុត្តិធម៌ និង​សុំ​ការ​អធ្យាស្រ័យ​ពី​កីឡាករ​
12, Jun 2019 , 9:36 am        
រូបភាព
​រូបភាព ពី​ហ្វេ​ស​ប៊ុ​ក អគ្គនាយកដ្ឋាន កីឡា
​រូបភាព ពី​ហ្វេ​ស​ប៊ុ​ក អគ្គនាយកដ្ឋាន កីឡា
ដោយ:
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា ជំរុញ​ឲ្យ​អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី​ដោយ​យុត្តិធម៌ ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​។ លោក ក៏​ស្នើ​ឲ្យ​គ្រូបង្វឹក និង​កីឡាករ​មានការ​អធ្យាស្រ័យ​ផងដែរ បើសិន​មានរឿង​ដែល​ពួកគេ​យល់ថា មាន​ភាពអយុត្តិធម៌​ពាក់ព័ន្ធ​ការ​ឲ្យ​ពិន្ទុ​។ ការជំរុញ និង​ស្នើ​នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ទី​១ កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។​

 
​ដោយ​មើលឃើញ​ពី​ភាពខ្វះ​ចន្លោះ​ក្នុងការ​កាត់ក្តី និង​ដាក់ពិន្ទុ​របស់​អាជ្ញាកណ្តាល​ចៅក្រម​សម្រាប់​ការប្រកួត​កន្លងមក លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា ជំរុញ​អាជ្ញាកណ្តាល​ចៅក្រម​ដែល​ចូលរួម​កាត់ក្តី​ក្នុងការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការកាត់ក្តី​និង​ដាក់ពិន្ទុ​។ ពោលគឺ​ត្រូវ​កាត់ក្តី​និង​ដាក់ពិន្ទុ​ដោយ​យុត្តិធម៌ ហើយ​ចៀសវាង​ការប្រើ​មនោសញ្ចេតនា​ដោយ​យល់ថា កូនសិស្ស​អ្នកនេះ ឬ​អ្នកនោះ​។​


​រូបភាព ពី​ហ្វេ​ស​ប៊ុ​ក អគ្គនាយកដ្ឋាន កីឡា
 
​ការជំរុញ​បែបនេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី ក៏ដូចជា​ជំរុញ​ឲ្យ​ការប្រកួត​កាន់​តែមាន​ភាពស្វិតស្វាញ និង​ទាក់ទាញ​។ បើសិន​អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី ឬ​ដាក់ពិន្ទុ​មិន​យុត្តិធម៌ វា​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​កីឡា​កម្ពុជា តាមរយៈ​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត​ក្នុងការ​ប្រកួត និង​ចូលរួម​លេង​កីឡា​ជាដើម​។ លើសពីនេះ វា​នឹងធ្វើ​ឲ្យ​វិស័យ​កីឡា​កម្ពុជា​ទាំងមូល​ប្រឈម​នឹងខ្វះ​ធនធាន​កីឡាករ​នាពេល​អនាគត​។ ព្រោះ​សាលារៀន​ជា​ប្រភព​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​វិស័យ​កីឡា​។ 
 
​ជាមួយ​ការស្នើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​កីឡាករ​កីឡាការិនី​គោរព​ច្បាប់​និង​បទបញ្ជា​ការប្រកួត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូបនេះ ក៏​ស្នើ​ឲ្យ​គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​មានការ​អធ្យាស្រ័យ ក្នុងករណី​មាន​ភាពមិន​ត្រឹមត្រូវ​ក្នុងការ​ដាក់ពិន្ទុ​ផងដែរ​។​ព្រោះ​លោក​យល់ថា ការដាក់​កាត់ក្តី ឬ​ដាក់ពិន្ទុ​ដោយ​ប្រើ​ភ្នែក​ក្នុងការ​វិនិច្ឆ័យ គឺ​ចៀស​មិន​ផុតពី​កំហុសឆ្គង​នោះឡើយ​។ ប៉ុន្តែ​ក្នុងករណី​គ្រូបង្វឹក ឬ​កីឡាករ​យល់ឃើញថា អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី​មិន​យុត្តិធម៌ គួរ​ចៀង​វាង​តវ៉ា​ក្នុងអំឡុងពេល​ប្រកួត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រកួត​។ ដោយ​ពួកគេ​អាច​តវ៉ា​នៅក្រោយ​ការប្រកួត​។   


​រូបភាព ពី​ហ្វេ​ស​ប៊ុ​ក អគ្គនាយកដ្ឋាន កីឡា
 
​គោលបំណង​នៃ​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ គឺ​ដើម្បី​ចម្រាញ់​រក​ធនធាន​មាន​សមត្ថភាព ក៏ដូចជា​ពង្រឹងសមត្ថភាព​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុងន័យនេះ​កីឡាករ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ក្នុងការ​ប្រកួត​អាច​មានឱកាស​ក្លាយជា​យុវជន​ថ្នាល​ជម្រើសជាតិ តាម​ប្រភេទ​កីឡា​ជំនាញ​របស់​ពួកគេ​។​
 
​ការ​បំផុស​ចលនា​កីឡា​នៅតាម​សាលារៀន​ឲ្យ​កាន់តែ​មាន​ភាព​ផុសផុល ពិសេស​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា និង​ផ្តល់ឱកាស​ឲ្យ​ពួកគេ​បានបង្ហាញ​សមត្ថភាព ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ ពិសេស​ការប្រកួត​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ត្រូវការ​ធនធាន​មាន​សមត្ថភាព​សម្រាប់​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ បន្ថែម​លើ​ល​នេះ គឺ​កម្ពុជា​ចង់​ដើរ​ឲ្យ​ទាន់​សភាព​ការ​នៃ​ចលនា​កីឡា​នាពេល​បច្ចុប្បន្ន ដែល​ប្រទេស​ក្នុង​តំបន់​កំពុង​អនុវត្ត​។​
 
​ការប្រកួត​នេះ​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១០-១៩ ខែមិថុនា ឆ្នាំ​២០១៩​ដោយមាន​កីឡាករ​កីឡាការិនី​ជាង​៤១០០​នាក់​ចូលរួម​។ ពួកគេ​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​លើ​១១​ប្រភេទ​កីឡា​រួមមាន​អត្តពលកម្ម​, ហែល​ទឹក​, បាល់ទាត់​, បាល់ទះ​, បាល់បោះ​, ប៉េតង់​, វាយ​កូនឃ្លី​លើ​តុ​, វាយ​សី​, តេ​ក្វាន់​ដូ WTF, តេ​ក្វាន់​ដូ ITF និង​កីឡា​កា​រ៉ា​តេ​ដូ​៕ 


​រូបភាព ពី​ហ្វេ​ស​ប៊ុ​ក អគ្គនាយកដ្ឋាន កីឡា
 

Tag:
 កីឡា​សិស្ស​ថ្នាក់ជាតិ​
  ស សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com