ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែតអាស៊ី៖«ជៀសវាងផ្សាយព័ត៌មានបែបគំនុំ ប្រមាថ ញុះញង់ បញ្ឆេះកំហឹង....»
12, Jun 2019 , 11:06 am        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងពិធីបើកសន្និសីទសារព័ត៌មានអាស៊ីលើកទី១៦ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ (រូបពីក្រសួងព័ត៌មាន)
នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងពិធីបើកសន្និសីទសារព័ត៌មានអាស៊ីលើកទី១៦ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ (រូបពីក្រសួងព័ត៌មាន)
ធ្វើជាអធិបតីក្នុងពិធីបើកសន្និសីទសារព័ត៌មានអាស៊ីលើកទី១៦ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍មួយចំនួន។



សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា «ត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ ហើយជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការប្រមាថ ការញុះញង់បញ្ឆេះកំហឹង ការស្អប់ខ្ពើម ការរើសអើង ការបង្កជម្លោះរវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិត ដែលបង្កើតឲ្យមានអសន្តិសុខសង្គម»។

លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។ ប្រមុខរដ្ឋាភិបាល ក៏បានជំរុញឲ្យរួមគ្នាកសាងគោលនយោបាយ បទបញ្ញត្តិ និង ច្បាប់ សម្រាប់ប្រជែងការផ្សព្វផ្សាយព័ត៌មាន និងបទបញ្ញត្តិស្តង់សុវត្ថិភាពឌីជីថល ដែលជាកត្តាចំបាច់សម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យក្នុងការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។

សូមបញ្ជាក់ថា សន្និសីទសារព័ត៌មានអាស៊ីលើកទី១៦នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ខែមិថុនា។ អ្នកកាសែតបរទេសពីបណ្តាប្រទេសជាង៤០ មកចូលរួមសន្និសីទសារព័ត៌មានកំពូលនេះ៕

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន​
  សន្និសីទសារព័ត៌មានអាស៊ីលើកទី១៦
© រក្សាសិទ្ធិដោយ thmeythmey.com