កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ អាមេរិក​ស៊ី​ថៃ ១៣-០ នា​ជំនួប​បើកឆាក​ពូ​ល F
12, Jun 2019 , 11:32 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​អាមេរិក​ផ្នែក​នារី​បាន​សាង​កំណត់ត្រា​ថ្មី​ជាមួយ​ជ័យជម្នះ​ដ៏​ច្រើន​លើសលុប​លើ​ក្រុម​ថៃ ក្នុង​លទ្ធផល ១៣-០ នា​ការប្រកួត​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩ នៅ​យប់​ថ្ងៃទី​១២ ខែមិថុនា ដែល​រៀបចំឡើង​នៅ​ប្រទេស​បារាំង​។​

 
​ម្ចាស់​ការពារ​តំណែង​ជើងឯក​ឆ្នាំ ២០១៥ អា​ចរក​គ្រាប់​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​នៅ​វគ្គ​ទី​១ និង ១០​គ្រាប់​នៅ​តង់​ទី​២​។ កីឡាការិនី Alex Morgan រកបាន​ចំនួន​៥​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ​របស់​អាមេរិក​សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល F នេះ​។​


 
​នេះ​ជា​ជ័យជម្នះ​ដោយ​ទទួលបាន​ចំនួន​គ្រាប់​ច្រើន​បំផុត​មិន​ធ្លាប់មាន​របស់​ក្រុម​នារី​អា​មេ​រិច​នៅក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ចាប់តាំងពី​ពួកគេ​ឈ្នះ​ឆាយ​នី​ស​តៃប៉ិ​ដោយ​លទ្ធផល ៧-០ កាលពី​ឆ្នាំ​១៩៩១ ខណៈ​ក្រុម​នារី​អាល្លឺម៉ង់​បាន​លត់​អា​ហ្ស​ង់​ទីន ១១-០ ក្នុង​ឆ្នាំ​២០០៧​។​
 
​ក្នុង​ពូ​ល F នេះដែរ ស៊ុត​អែ​ត​បាន​យកឈ្នះ​ស៊ី​លី ២-០ សម្រាប់​ជំនួប​ដំបូង​នេះ​។ ដោយសារ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង អាមេរិក​ឈរ​នៅ​កំពូល​តារាង​មាន​៣​ពិន្ទុ ខណៈ​ស៊ុត​អ៊ែត​នៅ​លំដាប់​ទី​២ ស៊ី​លី​លេខ​៣ និង​ថៃ​នៅ​បាត​តារាង​។​

 
 
​ព្រឹត្តិការណ៍ World Cup នារី​ឆ្នាំ​២០១៩ នៅ​ប្រទេស​បារាំង​ដែល​ចាប់ផ្តើម​ដំណើរការ​តាំងពី​ថ្ងៃទី​៧ ខែមិថុនា បាន​ប្រកួត​ក្នុងជំនួប​បើកឆាក​តាម​ពូ​លពី A ដល់ F រួចរាល់​អស់ហើយ និង​ត្រៀម​ប្រកួត​លើក​ទី​២ នៅ​យប់​ថ្ងៃទី​១២ ខែមិថុនា​នេះ​។​
 
​ម្ចាស់ផ្ទះ​បារាំង​ក៏​កំពុង​ឈរ​កំពូល​តារាង​ពូ​ល A ផងដែរ​បន្ទាប់ពី​ឈ្នះ​កូរ៉េខាងត្បូង ៤-០ នៅ​ជំនួប​បើកឆាក​។ ន័​រ​វែ​ស​ដែល​ឈ្នះ​នី​ហ្សេ​រី​យ៉ា ៣-០ ឈរ​នៅ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​៕


 

Tag:
 បាល់ទាត់​
  World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com