ជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក John Gunther Dean ទូត​អាមេរិក​ចុងក្រោយ​សម័យ​លន់ នល់ ទទួលមរណភាព​
12, Jun 2019 , 11:52 am        
រូបភាព
លោក John Gunther Dean ចាកចេញ និងជម្លៀសពលរដ្ឋខ្លួនពីកម្ពុជា៥ថ្ងៃមុន​ការគ្រប់គ្រងរបស់ខ្មែរក្រហម។ រូបថត AP
លោក John Gunther Dean ចាកចេញ និងជម្លៀសពលរដ្ឋខ្លួនពីកម្ពុជា៥ថ្ងៃមុន​ការគ្រប់គ្រងរបស់ខ្មែរក្រហម។ រូបថត AP
លោក John Gunther Dean អតីត​អគ្គរដ្ឋទូត​អាមេរិក​ចុងក្រោយ​គេ​ប្រចាំ​កម្ពុជា​អំឡុង​សម័យ​សាធារ​ណ​រដ្ឋ​ខ្មែរ បានទទួល​មរណភាព​នៅ​ថ្ងៃទី​៦ ខែមិថុនា ក្នុង​វ័យ​៩៣​ឆ្នាំ​នៅ​ទីក្រុង​ប៉ារីស​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​អាមេរិក The New York Times នៅ​ថ្ងៃទី​១១ ខែមិថុនា​។​



ជា​មន្ត្រីការទូត​អាមេរិក​ម្នាក់ លោក John Gunther Dean ចាប់ផ្ដើម​ការងារ​ជា​អគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៧៥ ។ លោក​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​១៩៧៥ ពោលគឺ​៥​ថ្ងៃមុន​ការដួលរលំ​របប​សាធារណរដ្ឋ​ខ្មែរ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​ដដែល​។ តម​ក លោក ក៏​បន្តធ្វើ​អគ្គរដ្ឋទូត​អាមេរិក​នៅ​ដា​ណឺ​ម៉ាក លី​បង់ ថៃ និង​ឥណ្ឌា​។​
 
​លោក Dean បានបង្ហាញ​ការសោកស្ដាយ និង​ចាត់ទុក​ថ្ងៃទី​១២ ខែមេសា ជា​ថ្ងៃ​ដ៏​សោកសង្រេង​សម្រាប់​លោក ហើយ​ជា​ថ្ងៃ​ដែល​អាមេរិក​បោះបង់​កម្ពុជា ហើយ​ប្រគល់​ទៅ​ឲ្យ​ឃាតក​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AP កាលពី​ឆ្នាំ​២០១៥ អតីត​អគ្គរដ្ឋទូត​អាមេរិក​រូបនេះ​និយាយថា​៖ «​យើង​ទទួល​ការទទួលខុសត្រូវ​លើ​ជោគវាសនា​កម្ពុជា ហើយ​យើង​បាន​ដើរចេញ​ដោយ​មិនបាន​ធ្វើតាម​ពាក្យសន្យា​ឡើយ​»។​

បើតាម​កាសែត​អាមេរិក New York Times កិច្ចការ​សំខាន់​របស់​លោក Dean ពេល​បំពេញការងារ​នៅ​ទីក្រុង​ភ្នំពេញ គឺ​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​សម្រាប់​ជម្លោះ​កម្ពុជា​។ បេសកកម្ម​របស់លោក ជួប​បញ្ហា ព្រោះ​អតីតរដ្ឋមន្ត្រី​ការបរទេស Henry Kissinger មិនមាន​ជំហរ​ចរចា​ឡើយ​។ ខណៈ​ជម្លោះ​ឈានដល់​ដំណាក់កាល​ចុងក្រោយ អាមេរិក​ក៏​បិទ​ស្ថានទូត​នៅ​កម្ពុជា ហើយ​ជម្លៀស​បុគ្គលិក​ចេញ​ទាំងអស់​។ 
 
​លោក Dean មិន​យល់ស្រប​ចំណាត់ការ​ដែលជា​ការបោះ​បង់​កម្ពុជា​ឡើយ​។ ដោយ​សំដៅ​សោកនាដកម្ម​សម័យ​ខ្មែរ​ក្រហម លោក​ប្រាប់​កាសែត​ដដែល​ក្នុង​ឆ្នាំ​១៩៩១ ថា​៖ «​អ្នក​មិនអាច​ដើរចេញ ហើយ​ទុក​ឲ្យ​ប្រជាជន​កម្ពុជា​ប្រឈមមុខ​វាសនា​បែប​នោះឡើយ ពេល​អ្នក​ដឹងថា​វាសនា​នោះ ជា​អ្វី​ទៅហើយនោះ​៕​


© រក្សាសិទ្ធិដោយ thmeythmey.com