អាមេរិក​និង​កម្ពុជា​ប្រារព្ធ​ខួប​ទី​៣០​នៃ​ការជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​កម្ពុជា​
ជាតិ
អាមេរិក​និង​កម្ពុជា​ប្រារព្ធ​ខួប​ទី​៣០​នៃ​ការជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​កម្ពុជា​
12, Jun 2019 , 7:59 pm        
រូបភាព
គម្រោងជួសជុល​ប្រាសាទ​បាក់ខែង​​កំពុង​ស្ថិត​នៅ​ក្រោម​ដំណាក់កាល​ទី​០៥ នា​ពេល​បច្ចុប្បន្ន​ ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា។ (ណឹម សុភ័ក្រ្តបញ្ញា/VOA
គម្រោងជួសជុល​ប្រាសាទ​បាក់ខែង​​កំពុង​ស្ថិត​នៅ​ក្រោម​ដំណាក់កាល​ទី​០៥ នា​ពេល​បច្ចុប្បន្ន​ ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា។ (ណឹម សុភ័ក្រ្តបញ្ញា/VOA
ដោយ: VOA
​ខេត្តសៀមរាប ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចូលរួម​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៣០​នៅ​ប្រាសាទ​បាក់​ខែង ក្នុង​តំបន់​អង្គរ ខេត្តសៀមរាប ដើម្បី​អបអរសាទរ​ការចូល​រួមចំណែក​ក្នុង​វិស័យ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ និង​ការកសាង​ធនធានមនុស្ស​នៅ​កម្ពុជា​។​

 
​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ ដោយមាន​ការចូលរួម​ពី​លោក​ភារធារី Michael Newbill នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោកស្រី ភឿង ស​កុ​ណា និង​តំណាង​មួយរូប​មកពី​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF)​ដែលជា​អ្នករៀបចំ​កម្មវិធី​ក្រោម​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អាមេរិកាំង​។​
 
​មកទល់ពេលនេះ សហរដ្ឋអាមេរិក​បាន​ផ្គត់ផ្គង់​ថវិកា​សរុប ដែលមាន​ចំនួន ៣,២២៥,០០០ ដុល្លារ​សហរដ្ឋអាមេរិក​លើ​គម្រោង​របស់​មូលនិធិ​ប្រាសាទ​ពិភពលោក​ដែល​ផ្តោត​ជាពិសេស​លើ​គម្រោង​ស្តារ​ប្រាសាទ​បាក់​ខែង​ឡើងវិញ ដែល​គម្រោង​នេះ​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០៤ មកម្ល៉េះ​។ លើសពីនេះ​ទៀត មូលនិធិ​ប្រាសាទ​ពិភពលោក​ក៏បាន​បណ្តុះបណ្តាល​ពលរ​ដ្ឋ​កម្ពុ​ជាជាង ១០០​នាក់ តាម​ជំនាញ​ផ្សេងៗ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​។​


(ទី​បី​ពី​ខាង​ឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ លោកស្រី​ភឿង​ សកុណា តំណាង​មួយ​រូប​មក​ពី​មូលនិធិ​វប្បធម៌​ពិភពលោក (WMF) និង​លោក​ភារធារី​ Michael Newbill នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​ ៣០​ នៃ​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
 
​ដោយ​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​កម្ពុជា លោក​ភារធារី Michael Newbill បាន​និយាយថា លោក​មាន​៖ «​មោទនភាព​យ៉ាងខ្លាំង​ដែល​គម្រោង​ជួសជុល​ភ្នំ​បាខែង​គឺជា​គម្រោង​មូលនិធិ​ឯកអគ្គរដ្ឋទូត​ដ៏​ធំ​បំផុត​ជាង​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​»​។​
 
​យ៉ាងណាក្តី លោក​ភារធារី Newbill ក៏បាន​លើកឡើង​ពី​បញ្ហា​នាពេល​អតីតកាល​ដែល​ក​ម្ពុ​ជា​បាន​ប្រឈមមុខ​នៅក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌​។​
 
​លោក​បាន​បញ្ជាក់ថា​៖
 
«​នៅពេល​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) បាន​មកដល់​តំបន់​អង្គរ​នៅ​ឆ្នាំ​១៩៨៩ ពួកគេ​បាន​រកឃើញថា ទោះបី​ជាមាន​ជម្លោះ​ស៊ីវិល​និង​ភាព​ឯកា​ពី​អន្តរជាតិ​ក៏ដោយ ក៏​ប្រាសាទ​ទាំងនោះ​មិន​ទទួលរង​ឥទ្ធិពល​ឡើយ​។ គួរ​ឲ្យ​សោកស្តាយ ទោះយ៉ាងណា ប្រទេស​នេះ​បាន​បាត់បង់​អ្នកជំនាញ​បេតិកភណ្ឌ​មួយ​ជំនាន់ រួមមាន​អ្នកថែរក្សា​អង្គរ ស្ថាបត្យករ និង​អ្នកជំនាញ​ដទៃទៀត​»​។​
 
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បានលើកឡើង​ពីបទ​ពិសោធន៍​ទេពកោសល្យ និង​ចំណេះដឹង​ដែល​ពលរដ្ឋ​កម្ពុជា​ទទួលបាន​ច្រើនជាង​មុន​ក្នុងការ​អភិរក្ស និង​សិក្សា​ស្រាវជ្រាវ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​។​


គម្រោងជួសជុល​ប្រាសាទ​បាក់ខែងកំពុង​ស្ថិត​នៅ​ក្រោម​ដំណាក់កាល​ទី​០៥ នា​ពេល​បច្ចុប្បន្ន​ ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
 
​ដោយ​សង្កត់ធ្ងន់​ពី​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​ភាគី​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​នានា ក៏ដូចជា​ជំនួយ​ផ្សេងៗ​ដែលមាន​ចំនួន​សរុប​ជាង ៥០០ លាន​ដុល្លារ​ដើម្បី​អភិរក្ស និង​ជួសជុល​សម្បត្តិ​វប្បធម៌​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ២៥​ឆ្នាំ ចុងក្រោយ​នេះ លោកស្រី ភឿង ស​កុ​ណា បាន​មានប្រសាសន៍ថា​៖
 
«​ដូច្នេះ​ជា​កម្លាំង​រួមគ្នា​ជាតិ និង​អន្តរជាតិ គឺជា​យន្តការ​មួយ​ដែល​អាច​ចាត់ទុកជា​គំរូ​សម្រាប់​ពិភពលោក​ទាំងមូល​តែម្តង​នៅក្នុង​ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។ ដូច្នេះ​គឺថា​បំណង​រួមគ្នា​ហើយ ហើយ​និយាយ​ទៅ​ប្រាសាទខ្មែរ​ត្រូវ​ការជួសជុល​ច្រើនណាស់ ពីព្រោះ​យើង​រាប់ពាន់​ឆ្នាំ​មកហើយ​»​។​
 
​លោកស្រី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​ទាំង​រូបិយ និង​អ​រូបិយ​ម្រា​ប់​អ្នកជំនាន់ក្រោយ​ផងដែរ​។​
 
​នាពេល​បច្ចុប្បន្ន គម្រោង​ទ្រទ្រង់​ប្រាសាទ​បាក់​ខែង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ទី ០៥ ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៧​។ នៅក្នុង​ដំណាក់កាល​ទី​០៥ គម្រោង​នេះ​ទទួលបាន​ថវិកា​ចំនួន ៣ សែន ៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្រុមការងារ​គម្រោង​នឹង​បញ្ចប់​ការជួស​ជុស​ផ្នែក​នៅ​ទិសខាងកើត​នៃ​ប្រាសាទ​បាក់​ខែង ដែល​ត្រូវបាន​សាងសង់ឡើង​ក្នុង​សតវត្សរ៍​ទី​១០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com