ក្រសួង​ការងារ​បង្ហាញ​នីតិវិធី​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​
ជាតិ
ក្រសួង​ការងារ​បង្ហាញ​នីតិវិធី​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​
13, Jun 2019 , 8:19 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ភ្នំពេញ ៖​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​អំពី​ដំណើរការ​និង​រូបមន្ត​នៃ​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ ២០១៩ និង​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​នីមួយៗ​ចាប់ពី​ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីណែនាំ​ពីរ​ដាច់ដោយឡែក​ពីគ្នា​ចេញផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ចន្ទ​។​
 
​សេចក្តីណែនាំ​ទាំងពីរ​ដែល​ចុះហត្ថលេខា​ដោយ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​កាលពី​ថ្ងៃទី​១០ ខែមិថុនា​កន្លងទៅនេះ នឹងត្រូវ​ប្រើ​សម្រាប់​សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​។​
 
​ក្នុង​សេចក្តីណែនាំ​ស្តីពី​ការបើកប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ​២០១៩ ក្រសួង​ការងារ​បានបង្ហាញ​ពី​របៀប​នៃ​ការ​គិតពី​អតីតភាព​ការងារ ដែលមាន​រយៈពេល​ខ្ពស់បំផុត ១៥៦​ថ្ងៃ ស្មើនឹង​ចំនួន​ឆ្នាំ ដែល​បាន​បម្រើ​ការងារ​ចំនួន ១១​ឆ្នាំ និង​អតីតភាព​ការងារ​ដែលមាន​រយៈពេល​ទាប​បំផុត​ត្រឹម ១៥​ថ្ងៃ ស្មើនឹង​ចំនួន​ឆ្នាំ​ដែល​បាន​បម្រើ​ការងារ​ចំនួន​មួយឆ្នាំ​។​
 
​ក្រសួង​ការងារ​បាន​កំណត់ថា​៖ «​កម្មករនិយោជិត​ពេញសិទ្ធិ ដែល​បាន​បំពេញការងារ​ក្នុង​សហគ្រាស គ្រឹះស្ថាន យ៉ាងតិច​ចំនួន ២១​ថ្ងៃ ត្រូវ​ចាត់ទុកថា បំពេញការងារ​បាន ១​ខែ​ពេញ ដែល​អាច​ទទួលបាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​»​។​
 
​មានការ​កំណត់​លក្ខខណ្ឌ​សំខាន់ៗ​មួយចំនួន ដែល​ធានាថា កម្មករនិយោជិត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ អាច​ទទួលបាន​ប្រាក់​បំណាច់​អតីតភាព​ការងារ ក្នុងនោះ​ថិរវេលា​នៃ​ការឈប់​សម្រាកលំហែ មាតុភាព គ្រោះថ្នាក់​ការងារ និង​ការឈប់​សម្រាក​ដោយ​ជំងឺ ត្រូវ​រាប់បញ្ចូល​ជា​អតីតភាព​ការងារ ដើម្បី​គិត​ប្រាក់​បំណាច់​អតីតភាព​ការងារ​។​
 
​ក្រសួង​ការងារ បានបញ្ជាក់​បន្ថែមថា​៖
 
«​រាល់​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆមាស​នីមួយៗ និយោជក​និង​កម្មករនិយោជិត​ត្រូវ​រក្សាទុក​នូវ​ឯកសារ​ជា​ភស្តុតាង​ដែលមាន​ចុះហត្ថលេខា ឬ​ស្នាម​ម្រាមដៃ​យល់ព្រម​របស់​ភាគី​ទាំងពីរ ឬ​ឯកសារ​ដែលមាន​តម្លៃ​ស្មើ​»​។​
 
​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ប្រាប់ VOA តាម​សារ​ឆ្លើយឆ្លង​នៅលើ​បណ្តាញ​សង្គម​មួយ​ថា ការចេញ​សេចក្តីណែនាំ​នេះ គ្រាន់តែ​ជាការ​បញ្ជាក់​ជាថ្មី នៅក្នុង​ការរៀបចំ​រប​ស់​រដ្ឋាភិបាល ដើម្បី​ជំរុញ​ដល់​ខាង​ភាគី​និយោជក ឲ្យ​គិតគូ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក​ថា នៅមាន​ចំណុច​មិនត្រូវ​គ្នា​រវាង​ខាង​ភាគី​សហជីព និង​និយោជក ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត លើ​ការបើកប្រាក់​បំណាច់​អតីតភាព​ការងារ បើ​មើល​ទៅតាម​ប្រភេទ​នៃ​កិច្ចសន្យាការងារ​។​
 
«​ការបើក​នេះ គឺ​សំដៅ​កិច្ចសន្យា​មិន​កំណត់ ហើយ​ចំពោះ ហើយ​ចំពោះ​កម្មករនិយោជិត​ណា​ដែល​គាត់​ធ្វើ​កិច្ចសន្យា​កំណត់ ហើយ​ក្លាយជា​មិន​កំណត់ តែ​គាត់​បាន​បើក​ហើយ​ហ្នឹង គឺ​ក្នុង​ប្រកាស​ហ្នឹង​គឺ​សេចក្តីណែនាំ​ហ្នឹង​គឺ​អត់​បាន​ឲ្យ​បើក​ទៀត​ទេ​»​។​
 
​ក្នុង​សេចក្តីណែនាំ​ដាច់ដោយឡែក​មួយទៀត ក្រសួង​ការងារ​ក៏បានផ្តល់​ការពន្យល់​ពី​របៀប​នៃ​ការ​គណនា​អតីតភាព​ការងារ​ថ្មី និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​នីមួយៗ ចាប់ពី​ឆ្នាំ​២០១៩​។​
 
​ត្រង់ចំណុច​និយាយ​ពី​របៀប​នៃ​ការ​គណនា​អតីតភាព​ការងារ​ថ្មី​នេះ ក្រសួង​បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ ២០១៩​តទៅ អតីតភាព​ការងារ​របស់​កម្មករ​និយោជិត​សម្រាប់​ទទួលបាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​ត្រូវ​គិត​ក្នុង​រយៈពេល​១​ឆមាស (៦​ខែ​) ម្តង គឺ​ឆមាស​ទី​១ ពី​ខែមករា ដល់​ខែមិថុនា និង​ឆមាស​ទី​២ ពី​ខែកក្កដា​ដល់​ខែធ្នូ​។​
 
​ក្រសួង​បានលើកឡើង​អំពី​ករណី​ដែល​កម្មករ​មិនអាច​ទទួលបាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​ពី​ឆ្នាំ ២០១៩ ក្នុងន័យ​ដើម​ថា​៖ «​ក្នុងករណី​ដែល​កម្មករនិយោជិត​បា​ន​លាឈប់​ពី​ការងារ​មុន​ដំណាច់ខែ​មិថុនា ឬ​ខែធ្នូ​នោះ នឹងមិន​ត្រូវបាន​ទទួល​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​នៅក្នុង​ឆមាស​នីមួយៗ​នោះទេ​»​។​
 
​រីឯ ប្រាក់​បំណាច់​អតីតភាព​ការងារ​គិតពី​ឆ្នាំ ២០១៩ នឹងត្រូវ​បើក​ជាមួយនឹង​ប្រាក់​ឈ្នួល ដែល​កម្មករនិយោជិត​ត្រូវ​ទទួលបាន​លើក​ទី​២ (១​ខែ​បើក​២​ដង​) សម្រាប់​ខែមិថុនា និង​ខែធ្នូ​។​
 
​តាម​លក្ខខណ្ឌ​នៃ​ការផ្តល់ជូន​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​គិត​ចាប់ពី​ឆ្នាំ ២០១៩​នេះ ក្រសួង​ការងារ​ក៏បាន​លើកឡើង​ពី​បញ្ហា​ទូទាត់​សំណង​ជូន​កម្មករ ក្នុងករណី​មានការ​បញ្ឈប់​។​
 
VOA ព្យាយាម​សុំ​ការអធិប្បាយ​ពី​លោក ខេន លូ​(Ken Loo) អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC​តែ​លោក​សុំ​មិនទាន់​ផ្តល់​ការអធិប្បាយ ដោយសារ​លោក​កំពុង​ស្ថិតនៅ​ប្រទេស​វៀតណាម​។​
 
VOA ក៏​មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​លោក​ហេង សួ អ្នកនាំពាក្យ​ក្រសួង​ការងារ​បានដែរ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នកទទួល​។​
 
​មុន​ការចេញ​សេចក្តីណែនាំ​ស្តីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ និង​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​នីមួយៗ ចាប់ពី​ឆ្នាំ​២០១៩​នេះ ក្រុមកម្មករ​រាប់រយ​នាក់​បាន​ផ្ទុះ​ការតវ៉ា​នៅតាម​រោងចក្រ​មួយចំនួន​តាំងពី​ចុងឆ្នាំ​២០១៨ ដោយ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ នៅមុន​ឆ្នាំ​២០១៩​ទាំងអស់​។​
 
​កម្មករ​បានបង្ហាញ​ការបារម្ភ​ថា ថៅកែ​រោងចក្រ នឹងមិន​រំលឹក​ប្រាក់​អតីតភាព​ការងារ​ចាស់ ប្រសិនបើ​ពួកគេ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ណាមួយ​ក្នុងពេល​ធ្វើការ ឬក៏​មាន​វិវាទ​ជាមួយ​អ្នកគ្រប់គ្រង​ក្នុង​រោងចក្រ​។​
 
​ការតវ៉ា​បាន​ស្ងប់ស្ងាត់​ទៅវិញ បន្ទាប់ពី​មានការ​ព្រមាន​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មេដឹកនាំ​កម្ពុជា អំពី​លទ្ធភាព​នៃ​ការដួលរលំ​របស់​រោង​ចក្រ​ដោយសារតែ​ការទូទាត់​សរុប​លើ​ប្រាក់​អតីតភាព​ការងារ​នេះ​។ លោក​ហ៊ុន សែន ក៏បាន​សន្យាថា រដ្ឋាភិបាល​នឹង​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ជូន​កម្មករ បើ​ថៅកែ​រោងចក្រ​ក្ស័យធន ឬ​គ្មាន​លុយ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​នោះ​។​
 
​ឧស្សាហកម្ម​កាត់ដេរ បានផ្តល់​ការងារ​ជូន​កម្មករ​ដែល​ភាគច្រើន​ជា​ស្ត្រី​ប្រមាណ​ជា​៧០​ម៉ឺន​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com