អន្តរជាតិ
ទៅទស្សនកិច្ចនៅអុីរ៉ង់លើកដំបូង លោក អាបេ អាចពន្លត់ភ្លើងជម្លោះអាមេរិក-អុីរ៉ង់? នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ចាកចេញទៅកាន់អ៊ីរ៉ង់។ រូបភាព AFP
× នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅថ្ងៃទី១២ ខែមិថុនា នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទឹកដីអុីរ៉ង់។ លោក អាបេ នឹងក្លាយជាមេដឹកនាំជប៉ុនដំបូងគេដែលជាន់ទឹកដីអុីរ៉ង់ក្រោយបដិវត្តន៍ឆ្នាំ១៩៧៩ មក។ គោលដៅចម្បងនាយករដ្ឋមន្ត្រីជប៉ុន គឺជួយសម្របសម្រួលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ដ្បិតជប៉ុនក៏ជួបបញ្ហាដោយសារទណ្ឌកម្មអាមេរិកលើអុីរ៉ង់ដែរ។ យ៉ាងណាមិញ គេមិនរំពឹងថា ទស្សនកិច្ចរបស់លោក អាបេ ពេលនេះ នឹងទទួលបានលទ្ធផលគាប់ចិត្តឡើយ។
តាមគម្រោង លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នឹងធ្វើទស្សនកិច្ចនៅអុីរ៉ង់ពីថ្ងៃទី១២ ដល់ទី១៤ ខែមិថុនា។ ជួយដោះស្រាយភាពតានតឹងនៅតំបន់ឈូងសមុទ្រពែរ្ស និងការបង្កើនប្រជាប្រិយភាពក្នុងស្រុក ទំនងជាក្ដីរំពឹងទុកសម្រាប់លោក អាបេ ។ លោកមានគម្រោងជួបជាមួយមេដឹកនាំកំពូលអុីរ៉ង់ អាយ៉ាតូឡាហ៍ អាលី ខាមីណេ (Ayatollah Ali Khamenei) និងជួបចរចាជាមួយប្រធានាធិបតី ហាសាន់ រូហានី ផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក អាបេ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បើកភ្លើងខៀវរួចមក។ ជានាយករដ្ឋមន្ត្រីជប៉ុនទីមួយជាន់ទឹកដីអុីរ៉ង់ក្នុងរយៈពេល៤១ឆ្នាំ លោក អាបេ និងមេដឹកនាំអុីរ៉ង់ នឹងរៀបចំពិធីរំឭកខួបទី៩០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូត។ បន្ទាប់ទៅ ទើបមេដឹកនាំទាំងពីរជជែកពីភាពតានតឹងនៅក្នុងតំបន់ដែលកើតឡើងក្រោយអាមេរិកដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយដាក់ទណ្ឌកម្មបន្តបន្ទាប់លើអុីរ៉ង់។
ស្ថានការណ៍ចុងក្រោយកាន់តែតានតឹង នៅពេលអាមេរិកបញ្ជូននាវាដឹកយន្តហោះ និងយន្តហោះចម្បាំងទៅកៀកអុីរ៉ង់។ ត្រឹមហេតុការណ៍តូចមួយប៉ុណ្ណោះ នឹងដុតបញ្ឆេះជម្លោះនោះខ្លាំងមិនខាន។ ការបង្រួបជម្លោះ ជាគោលដៅសំខាន់របស់លោក អាបេ នៅអុីរ៉ង់។ ទោះមិនមែនជាភាគីនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ ក្ដី ជប៉ុនមានប្រយោជន៍ច្រើនដែលត្រូវគិតគូរក្នុងការរកស៊ីជាមួយអុីរ៉ង់ ពិសេសការនាំចូលប្រេងពីអុីរ៉ង់តែម្ដង។ ប៉ុន្តែទណ្ឌកម្មអាមេរិក បានបង្ខំឲ្យជប៉ុនផ្អាកការនាំចូល។
តើអុីរ៉ង់ទុកចិត្តជប៉ុនបានឬទេ? នេះជាសំណួរសំខាន់ ហើយលោក អាបេ ត្រូវធ្វើយ៉ាងណាឲ្យទីក្រុងតេហេរ៉ង់ជឿជាក់។ តាមពិតទៅ អុីរ៉ង់ និងជប៉ុនមានទំនាក់ទំនងល្អប្រសើរខ្លាំងនាពេលកន្លងមក។ ប៉ុន្តែទំនាក់ទំនងចាក់ទឹកមិនលិចរវាងទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន អាចធ្វើឲ្យទីក្រុងតេហេរ៉ង់ នៅសង្ស័យទឹកចិត្ត និងការប្រឹងប្រែងរបស់លោក អាបេ ។ ម្យ៉ាងទៀតនោះ មេដឹកនាំជប៉ុនរូបនេះក៏ទើបជួបលោក ត្រាំ ថ្មីៗផងដែរ។
ការចូលខ្លូនសម្របសម្រួលរបស់លោក អាបេ មិនត្រឹមលើកមុខមាត់ជប៉ុនលើឆាកអន្តរជាតិ តែក៏ជួយបង្កើនប្រជាប្រិយភាពលោក អាបេ ផ្ទាល់ក្នុងឆាកនយោបាយក្នុងស្រុកដែរ។ មានអ្នកវិភាគខ្លះជឿថា គោលដៅពិតប្រាកដរបស់លោក អាបេ គឺបញ្ហាក្នុងស្រុកទៅវិញទេ។ លោក Robert Dujarric ប្រធានវិទ្យសា្ថនដើម្បីការសិក្សាអាស៊ីនៅទីក្រុងតូក្យូប្រាប់ទូរទស្សន៍ BBC ថា វិបត្តិអុីរ៉ង់-អាមេរិក ទំនងមិនអាចរកច្រកចេញបានទេ តែជារឿងល្អសម្រាប់លោក អាបេ ដែលអាចបង្ហាញទៅកាន់ប្រជាជនជប៉ុន ថា លោកជារដ្ឋបុរសពិភពលោក៕
Tag:
ជប៉ុន
អុីរ៉ង់
អាមេរិក
ស៊ិនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com