អត្ថបទពាណិជ្ជកម្ម
អម្រឹត រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​”​នៅ​ខេត្តសៀមរាប​
12, Jun 2019 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
អម្រឹត រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ រយៈ​៤​ថ្ងៃ​ក្នុង​ខេត្តសៀមរាប​ពោលគឺ​ចាប់ពី​ថ្ងៃទី ១១ មិថុនា ដល់ ១៤ មិថុនា ឆ្នាំ​២០១៩ ដោយមាន​សិក្ខាកាម​ចុះឈ្មោះ​ចូលរៀន​ចំនួន​៣០០​នាក់​។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ផ្ដោត​សំខាន់​លើ ការ​សន្សំ​ប្រាក់​ដ៏​មាន​ប្រសិទ្ធភាព និង​ចំណេះដឹង​មូលដ្ឋាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។
 
​កញ្ញា កែវ ធីតា មន្ត្រីជាន់ខ្ពស់​ផ្នែក​បរិស្ថាន និង​សង្គម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ពន្យល់ថា សិក្ខាកាម​ដែល​បាន​ចូលរៀន​ក្នុង​វគ្គ​សិក្សា​នេះ​នឹង​ទទួលបាន​ចំណេះ​ផ្នែក​គ្រប់គ្រង​សាច់ប្រាក់ របៀប​សន្សំ និង​ទីកន្លែង​ទុកដាក់​ប្រាក់​ដ៏​មាន​សុវត្ថិភាព អត្ថប្រយោជន៍​នៃ​ការ​សន្សំ និង​ការប្រើប្រាស់​ហិរញ្ញវត្ថុ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​


 
“​នេះ​គឺជា​ការយកចិត្តទុកដាក់​មួយ​របស់ អម្រឹត ចំពោះ​បងប្អូន​នៅតាម​បណ្ដាល​ខេត្ត​ដែល​ខ្វះ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេស​គឺ​ស្ត្រី​មេផ្ទះ​។​” មន្ត្រីជាន់ខ្ពស់​រូបនេះ​បញ្ជាក់បន្ថែម​។ 
 
​លោកស្រី ទុន និស្ស័យ ដែល​បាន​ចូលរៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នា​ថ្ងៃទី​១១ មិថុនា នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប បាន​លើកឡើងថា “​កាលពីមុន​ខ្ញុំ​មិនចេះ​ចាត់ចែង​លុយកាក់​របស់ខ្ញុំ​នោះទេ បន្ទាប់ពី​បាន​រៀន​វគ្គ​នេះ​ចប់ ខ្ញុំ​អាច​ចេះ​បែងចែក​លុយកាក់​ណាខ្លះ​ដែល​ត្រូវ​ចាយ និង​លុយកាក់​ណាខ្លះ​មិនត្រូវ​ចំណាយ និង​យកលុយ​ទៅ​សន្សំ​នៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​”​។​


 
​វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៤​ថ្ងៃ ដែល​ថ្ងៃទី​១១ និង​១២​មិថុនា​ធ្វើ​នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប  ខណៈ​ថ្ងៃទី​១៣ និង​១៤​មិថុនា ធ្វើ​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ក្នុង​មួយថ្ងៃ​មាន​សិក្ខាកាម​ចូលរួម​ប្រមាន​៧៥​នាក់​។ 
 
​សូមបញ្ជាក់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​” ដល់​សិក្ខាកាម​តាម​បណ្ដាល​ខេត្ត​ក្រុង​ទាំង​២៥​ចាប់តាំងពី​ឆ្នាំ​២០១១​មក ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​សិក្ខាកាម​ដែល​បាន​ចូលរៀន​សរុប​ចំនួន​ប្រមាណ​ជាង ៤.០០០ នាក់ ក្នុងនោះ អម្រឹត ក៏​តែងតែ​បញ្ជ្រាប​ការយល់ដឹង​អំពី​បរិស្ថាន និង​វិធានការ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ផងដែរ​។ 


 
​តាមរយៈ​ការផ្ដល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​ប្រសិទ្ធភាព ព្រមទាំង​ការការពារ​អតិថិជន និង​ទំនួល​ខុសត្រូវ​សង្គម អម្រឹត ទទួលបាន​វិ​ញ្ញាប​ណ្ណ​ប័ត្រ ការការពារ​អតិថិជន នៅ​ឆ្នាំ​២០១៨ ពី Smart Campaign ដែលជា​អង្គការ​អន្តរជាតិ​ទទួលខុសត្រូវ​លើ​គោលការណ៍​ការពារ​អតិថិជន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ 
 
​បច្ចុប្បន្ននេះ អម្រឹត មាន​បុគ្គលិក​ប្រមាណ​ជាង ៤.០០០ នាក់​កំពុង​បម្រើ​អតិថិជន​សរុប​ជាង ៤៦៥.០០០ នាក់ តាមរយៈ​ការិយាល័យ​ប្រតិបត្តិ​ចំនួន ១៥៦ សាខា ទូទាំងប្រទេស​កម្ពុជា ដែលមាន​ប្រាក់​បញ្ញើ​សរុប​ជាង ៤៧៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក សំពៀត​ឥណទាន​សរុប​ប្រមាណ​ជិត​៩០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ទ្រព្យសកម្ម​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com