ជាតិ
ICRC ផ្សាយ​ច្បាប់​ក្នុង​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី «​ការការពារ​ជម្លោះ​ប្រដាប់អាវុធ​»
12, Jun 2019 , 7:19 pm        
រូបភាព
ICRC គណៈកម្មាធិការ​អន្តជាតិ​នៃ​កាកបាទក្រហម បាន​រៀប​សិក្ខាសាលា​ស្ដីពី​ប្រតិ​ប​តិ្ត​ការ​សន្តិសុខ​របស់​យោធា ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី​ច្បាប់​មនុស្សធម៌​ឬ​ច្បាប់​ជម្លោះ​ប្រដាប់អាវុធ ដល់​ក្រុម​យោធា​និង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​។ សិក្ខាសាលា​នេះ ក៏​អាច​ឲ្យ​កងកម្លាំងប្រដាប់អាវុធ យល់ដឹង​និង​ការការពារ​ចៀសវាង​ការវាយប្រហារ​លើ​អ្នក​ដែល​គ្មាន​អាវុធ​ផងដែរ​។ នេះ​ជាការ​លើ​ឡើង​របស់លោក រ៉ូ​ម៉ាន់ ផា​រ៉ា​ម៉ូ​នូវ ប្រធាន​បេសកកម្ម ICRC ថ្ងៃទី​១១​មិថុនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

 
​លោក រ៉ូ​ម៉ាន់ ផា​រ៉ា​ម៉ូ​នូវ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា «​ការសម្រេច​ជ្រើសរើស​កម្ពុជា​ក្នុង​កិច្ចប្រជុំ​តំបន់​អាស៊ី​ខាងត្បូង និង​ប៉ា​ស៊ី​ហ្វិ​ចនេះ  ដោយសារ​កម្ពុជា​ជា​ប្រទេស​ដែល​ធ្លាប់មាន​សង្គ្រាម ឆ្លងកាត់​ជម្លោះ​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​បន្សល់ទុក​នៅ​គ្រាប់មីន​ជាច្រើន រួមទាំង​វិបត្តិ​ជាច្រើន​។ ហេតុដូចនេះ ទើប ICRC ព្យាយាម​បញ្ជ្រាប​ការយល់ដឹង​ពី​ច្បាប់ មនុស្សធម៌​ដល់​ក្រុម​យោល​ធា និង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​ឲ្យ​យល់ដឹង និង​ដើម្បី​ចៀសវាង​ការវាយប្រហារ​លើ​អ្នក​ដែល​គ្មាន​អាវុធ​។ ដោយសារ​គ្រប់​អ្នកមាន​អាវុធ​ក្នុង​ដៃ អាច​បង្ក​ឲ្យ​មាន​ជម្លោះ​បាន​គ្រប់ពេល ដូច្នេះ​ត្រូវការ​យល់​ពី​ច្បាប់ និង​ការអនុវត្ត​។​»


លោក ឥត សារ៉ាត់
 
​ប្រធាន​បេសកកម្ម ICRC បាន​អះអាងថា ICRC មិន​ជួយ​បង្ក្រាប​ឬ​ផ្ដល់ជំនួយ​សម្រាប់​ជម្លោះ​ប្រដាប់អាវុធ​ទេ ពោលគឺ​ពេល​មាន​បាតុកម្ម​ឬ​ជម្លោះ​ក្នុងប្រទេស អាជ្ញាធរ​ក្នុងស្រុក​ជា​អ្នកដោះស្រាយ​។ ប៉ុន្តែ​ប្រសិន​មាន​ការងារ​បន្ទាន់​អាជ្ញាធរ​ក្នុងស្រុក​ទាក់ទង ICRC ដើម្បី​រក​ជំនួយ​ជួយ​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ខាង ICRC នឹង​ពិចារណា ដោយសារ​នេះ​មិនមែនជា​បេសកកម្ម​របស់ ICRC សម្រាប់​បង្ក្រាប​ឬ​ផ្ដល់ជំនួយ​ក្នុងស្រុក​នោះទេ​។ 
 
ICRC អនុវត្ត​ទៅតាម​តួនាទី​នៃ​កិច្ច​ព្រម​ព្រៀម​នៅ​ឆ្នាំ​១៩៩៤ ហើយ ICRC ជា​អ្នកផ្ដល់​ដំបូន្មាន​ខាង​កិច្ចការ​ច្បាប់​មនុស្សធម៌ និង​ការអនុវត្ត ហើយ​ចំពោះ​ការអនុម័ត​រដ្ឋាភិបាល​ជា​អ្នកសម្រេច​។ លើសពីនេះ បេសកកម្ម​របស់ ICRC សហការ​ជាមួយ​កាកបាទក្រហម​ក្នុងស្រុក​នីមួយៗ មាន​ទិសដៅ​អនុវត្ត​ផ្សេងៗ​គ្នា​។ ICRC ការពារ​អាយុជីវិត​និង​សេចក្ដី​ថ្លែ​ថ្នូ​របស់​ជនរងគ្រោះ លើ​ជម្លោះ​ប្រដាប់​អា​វុ​និង​អំពើ​ហឹ​ង្សា​ផ្សេង​។ ក្រៅពីនេះ ICRC បាន​ស្ដារ​ជនរងគ្រោះ​ដោយសារ​មីន ដូចជា​ការផលិត​ជើង​សិប្ប​និ​មិ្ម​ត សម្រាប់​ជនពិការ​នៅ​ខេត្តបាត់ដំបង់ និង​ខេត្តកំពង់ស្ពឺ​ជាដើម​។  


លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ
 
​លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ បានបញ្ជាក់​ពីបទ​ពិសោធ ដែល​កម្ពុជា​ធ្លាប់មាន​ថា «​កម្ពុជា​ជា​ប្រទេស​រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ រហូតដល់​ឆ្នាំ​១៩៩៨​ទើប​មាន​សុខសន្តិភាព​។ កិច្ចប្រជុំ​នេះ មិន​ត្រឹមតែ​នាំមក​នូវ​មេរៀន​បទពិសោធ​ទេ គឺ​យើង​អាច​ឈ្វេងយល់​ពី​ច្បាប់​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រដាប់អាវុធ រួមទាំង​ទំនាក់ទំនង​រវាង​បណ្ដាល​ប្រទេស​ដែល​ចូលរួម​»៕ 















Tag:
 ICRC
  ច្បាប់​មនុស្សធម៌​
  ការពារ​
  ជម្លោះ​ប្រដាប់អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com