និយាយ​មិនកើត ដើរ​មិន​រួច វីរបុរស​ក្លិប Rangers ហៅ​អ្នកគាំទ្រ​ចូលរួម «​រាត្រី​ចុងក្រោយ​» របស់ខ្លួន​
កីឡាអន្តរជាតិ
អន្តរជាតិ
និយាយ​មិនកើត ដើរ​មិន​រួច វីរបុរស​ក្លិប Rangers ហៅ​អ្នកគាំទ្រ​ចូលរួម «​រាត្រី​ចុងក្រោយ​» របស់ខ្លួន​
12, Jun 2019 , 7:39 pm        
រូបភាព
​វីរបុរស​របស់​ក្រុម Rangers លោក Fernando Ricksen ដែលមាន​ជំងឺ​កោសិកា​ប្រសាទ (MND) រ៉ាំរ៉ៃ​តាំងពី​ឆ្នាំ ២០១៣ បានប្រកាស​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ឲ្យ​ចូលរួម​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់លោក​ចុងក្រោយ «Final Night» នៅ​យប់​ថ្ងៃទី​២៨ ខែមិថុនា​ខាងមុខនេះ​។ តាមរយៈ​ខ្សែ​វីដេអូ​ខ្លី​ដ៏​គួរ​ឲ្យ​សង្វេគ បន្ទាប់ពី​រាត្រី​ចុងក្រោយ​នេះ Ricksen ដែលមាន​ជំនួយ​ពី​ប្រព័ន្ធ​សំឡេង​កំ​ព្យូ​ទ័​រ (Computer-Generated Voice) នឹង​យក​ពេលវេលា​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ភាពស្ងប់ស្ងាត់​វិញ​ម្តង​។​

 
Ricksen សព្វថ្ងៃ​មាន​អាយុ ៤២ ឆ្នាំ​បានបង្ហាញ​ខ្លួន​ចំនួន​២៥០​ប្រកួត​ឲ្យ Rangers ក្លិប​កីឡាបាល់ទាត់​នៃ​លី​គ​កំពូល​ស្កុ​តឡែ​ន​រយៈពេល​៦​ឆ្នាំ ពោល​ចាប់ពី​ឆ្នាំ​២០០០ ដល់ ២០០៦​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ សុខភាព​របស់​ខ្សែបម្រើ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ធ្លាក់ចុះ​ខ្លាំង​ទៅៗ​ចាប់តាំងពី​ការធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជំងឺ MND នៅ​រយៈពេល​បី​បួន​ឆ្នាំក្រោយ​។​


 
​ចាប់ពី​ធ្លាក់ខ្លួន​ឈឺ​មក​លោក Ricksen ស្រក​ទម្ងន់​សល់​តែ​៣៨​គីឡូក្រាម​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​នៅឯ​មន្ទីរ​ព្យាបាល St. Andrew's Hospice ក្នុង​ក្រុង Airdrie ភាគ​ខាងជើង Lanarkshire ប្រទេស​ស្កុ​តឡែ​ន​។​
 
​ក្នុង​សារ​ជា​វីដេអូ​ដែល​បាន​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Tweeter តាមរយៈ​មិត្តភក្តិ​ម្នាក់​របស់ Ricksen ដែលជា​កីឡាករ​ដែរនោះ​បានបង្ហាញ​ព័ត៌មាន​លម្អិត​ពី​កាលបរិច្ឆេត​នៃ​ការបង្ហាញ​ខ្លួន​ចុងក្រោយ​នៅ​យប់​ថ្ងៃទី​២៨ ខែមិថុនា​។ «​ជាមួយនឹង​សេចក្តី​សោក​ស​ង្រែ​ង​របស់ខ្ញុំ ខ្ញុំ​បាន​បង្ហោះ​វីដេអូ​នេះ​ដើម្បី​បង្កើត​រាត្រី​ដ៏​ពិ​សេសមួយ​សម្រាប់ Fernando Ricksen»​។​
 
 
«​សួស្ដី​, ខ្ញុំ​មាន​រាត្រី​ពិសេស​នៅ​ថ្ងៃទី ២៨»​។ Ricksen អង្គុយ​នៅលើ​គ្រែ​និយាយ​បែបនេះ​តាមរយៈ​ឧបករណ៍​ជំនួយ​សំឡេង​ដែល​បង្កើត​ដោយ​កុំព្យូទ័រ​។ Ricksen រៀបរាប់​ទៀតថា​៖«​ចាប់តាំងពី​កើត​ជ​ងឺ​នេះ​ខ្ញុំ​ពិតជា​លំបាក​ខ្លាំងណាស់ ហើយ​នេះ​ជា​រាត្រី​ចុងក្រោយ​របស់ខ្ញុំ​។ សូម​អញ្ជើញ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជាការ​ចងចាំ​។ 


 
​ការបង្កើត​កម្មវិធី​រាត្រី​ចុងក្រោយ​នេះ មិន​ត្រឹមតែ​ជាការ​ប​ង្ហ​ញ​មុខជា​សាធារណ​ចុងក្រោយ​នោះទេ ប៉ុន្តែ ក៏​ជាការ​រៃអង្គាសប្រាក់​សម្រាប់​យក​ទៅ​ព្យាបាល​ជំងឺ​របស់ Ricksen ផងដែរ​។​
​ជំងឺ​កោសិកា​ប្រសាទ (MND) នេះ ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កោសិកា​សរសៃប្រសាទ​រហូត​បណ្តាល​ឲ្យ​សាច់ដុំ​ចុះខ្សោយ ហើយ​បើ​ស្ថានភាព​កាន់តែ​អាក្រក់​នោះ​វា​នឹងធ្វើ​ឲ្យ​អ្នកជំងឺ​ពិការ​តែម្តង​។​
 
Ricksen បានចាប់ផ្តើម​ប្រឡូក​ក្នុង​បាល់ទាត់​អាជីព​ចាប់ពី​ឆ្នាំ​១៩៩៤​មក ជាមួយ​ក្លិប Fortuna Sittard, AZ Alkmaar ហើយ​ជោគជ័យ​យ៉ាង​ធំធេង​ជាមួយ​ក្លិប Rangers ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៦​។ គេ​បាន​លេង​ឲ្យ Zenit Saint Petersburg ៣​រដូវ​កាល​មុន នឹង​ត្រឡប់​ទៅ​ក្លិប​ដើម Fortuna របស់ខ្លួន រហូតដល់​ធ្លាក់ខ្លួន​ឈឺ​នៅ​ឆ្នាំ​២០១៣​។ គេ​ក៏បាន​បង្ហាញខ្លួន​១២​លើក​ឲ្យ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៣​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  Fernando Ricksen
  Rangers
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម