កីឡាអន្តរជាតិ
អន្តរជាតិ
និយាយមិនកើត ដើរមិនរួច វីរបុរសក្លិប Rangers ហៅអ្នកគាំទ្រចូលរួម «រាត្រីចុងក្រោយ» របស់ខ្លួន
× វីរបុរសរបស់ក្រុម Rangers លោក Fernando Ricksen ដែលមានជំងឺកោសិកាប្រសាទ (MND) រ៉ាំរ៉ៃតាំងពីឆ្នាំ ២០១៣ បានប្រកាសប្រាប់អ្នកគាំទ្រខ្លួនឲ្យចូលរួមការបង្ហាញខ្លួនជាសាធារណៈរបស់លោកចុងក្រោយ «Final Night» នៅយប់ថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ។ តាមរយៈខ្សែវីដេអូខ្លីដ៏គួរឲ្យសង្វេគ បន្ទាប់ពីរាត្រីចុងក្រោយនេះ Ricksen ដែលមានជំនួយពីប្រព័ន្ធសំឡេងកំព្យូទ័រ (Computer-Generated Voice) នឹងយកពេលវេលាដើម្បីព្យាបាលជំងឺដោយភាពស្ងប់ស្ងាត់វិញម្តង។
Ricksen សព្វថ្ងៃមានអាយុ ៤២ ឆ្នាំបានបង្ហាញខ្លួនចំនួន២៥០ប្រកួតឲ្យ Rangers ក្លិបកីឡាបាល់ទាត់នៃលីគកំពូលស្កុតឡែនរយៈពេល៦ឆ្នាំ ពោលចាប់ពីឆ្នាំ២០០០ ដល់ ២០០៦។ ប៉ុន្តែគួរឲ្យសោកស្តាយ សុខភាពរបស់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានធ្លាក់ចុះខ្លាំងទៅៗចាប់តាំងពីការធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ MND នៅរយៈពេលបីបួនឆ្នាំក្រោយ។
ចាប់ពីធ្លាក់ខ្លួនឈឺមកលោក Ricksen ស្រកទម្ងន់សល់តែ៣៨គីឡូក្រាមប៉ុណ្ណោះ ហើយបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅឯមន្ទីរព្យាបាល St. Andrew's Hospice ក្នុងក្រុង Airdrie ភាគខាងជើង Lanarkshire ប្រទេសស្កុតឡែន។
ក្នុងសារជាវីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម Tweeter តាមរយៈមិត្តភក្តិម្នាក់របស់ Ricksen ដែលជាកីឡាករដែរនោះបានបង្ហាញព័ត៌មានលម្អិតពីកាលបរិច្ឆេតនៃការបង្ហាញខ្លួនចុងក្រោយនៅយប់ថ្ងៃទី២៨ ខែមិថុនា។ «ជាមួយនឹងសេចក្តីសោកសង្រែងរបស់ខ្ញុំ ខ្ញុំបានបង្ហោះវីដេអូនេះដើម្បីបង្កើតរាត្រីដ៏ពិសេសមួយសម្រាប់ Fernando Ricksen»។
«សួស្ដី, ខ្ញុំមានរាត្រីពិសេសនៅថ្ងៃទី ២៨»។ Ricksen អង្គុយនៅលើគ្រែនិយាយបែបនេះតាមរយៈឧបករណ៍ជំនួយសំឡេងដែលបង្កើតដោយកុំព្យូទ័រ។ Ricksen រៀបរាប់ទៀតថា៖«ចាប់តាំងពីកើតជងឺនេះខ្ញុំពិតជាលំបាកខ្លាំងណាស់ ហើយនេះជារាត្រីចុងក្រោយរបស់ខ្ញុំ។ សូមអញ្ជើញចូលរួមទាំងអស់គ្នាដើម្បីជាការចងចាំ។
ការបង្កើតកម្មវិធីរាត្រីចុងក្រោយនេះ មិនត្រឹមតែជាការបង្ហញមុខជាសាធារណចុងក្រោយនោះទេ ប៉ុន្តែ ក៏ជាការរៃអង្គាសប្រាក់សម្រាប់យកទៅព្យាបាលជំងឺរបស់ Ricksen ផងដែរ។
ជំងឺកោសិកាប្រសាទ (MND) នេះ ជាជំងឺដែលធ្វើឲ្យប៉ះពាល់ដល់កោសិកាសរសៃប្រសាទរហូតបណ្តាលឲ្យសាច់ដុំចុះខ្សោយ ហើយបើស្ថានភាពកាន់តែអាក្រក់នោះវានឹងធ្វើឲ្យអ្នកជំងឺពិការតែម្តង។
Ricksen បានចាប់ផ្តើមប្រឡូកក្នុងបាល់ទាត់អាជីពចាប់ពីឆ្នាំ១៩៩៤មក ជាមួយក្លិប Fortuna Sittard, AZ Alkmaar ហើយជោគជ័យយ៉ាងធំធេងជាមួយក្លិប Rangers ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៦។ គេបានលេងឲ្យ Zenit Saint Petersburg ៣រដូវកាលមុន នឹងត្រឡប់ទៅក្លិបដើម Fortuna របស់ខ្លួន រហូតដល់ធ្លាក់ខ្លួនឈឺនៅឆ្នាំ២០១៣។ គេក៏បានបង្ហាញខ្លួន១២លើកឲ្យក្រុមជម្រើសជាតិហូឡង់ ចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០០៣ផងដែរ៕
Tag:
បាល់ទាត់
Fernando Ricksen
Rangers
© រក្សាសិទ្ធិដោយ thmeythmey.com