សិស្សសាលានៅកម្ពុជា រងផលប៉ះពាល់ផ្ទាល់ពីការប្រែប្រួលអាកាសធាតុ។ ជាលើកទី២ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ ដែលម៉ោងសិក្សាត្រូវកាត់បន្ថយទូទាំងប្រទេស ដោយសារតែរលកកម្តៅកើតមានឡើងនៅក្នុងរដូវប្រាំង។ បច្ចុប្បន្ន សិស្សទាំងនេះបានចូលរួមជាផ្នែកមួយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយ និងក្លាយជាខ្សែត្រៀមជួរមុខសម្រាប់ប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលកើតមាន នៅជំនាន់យើងនេះ។
ការប្រែប្រួលអាកាសធាតុធ្វើឱ្យមនុស្ស ១០០ លាននាក់ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខទៀត។ ការប្រែប្រួលអាកាសធាតុបង្ករការគំរាមកំហែងដ៏ធំធេងចំពោះសេដ្ឋកិច្ច និងសង្គមរបស់យើង ខណៈដែលការកើនឡើងសីតុណ្ហភាព និងគ្រោះមហន្តរាយធម្មជាតិបង្កផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងប្រព័ន្ធស្បៀងរបស់មនុស្ស។
កន្លងមក មានការលើកឡើងយ៉ាងច្រើនពីតម្រូវការទឹកប្រាក់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ហើយគេក៏ត្រូវការទឹកប្រាក់រាប់លានដុល្លារផងដែរ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធ ដែលធន់ទៅនឹងអាកាសធាតុ ប្រព័ន្ធកសិកម្ម និងប្រព័ន្ធសុខាភិបាលដែលមានលក្ខណបន្ស៊ាំខ្ពស់ និងការវិនិយោគលើបច្ចេកវិទ្យាដែលបំភាយជាតិកាបូនទាប។
ប៉ុន្តែប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមនឹងឧបសគ្គចម្បងមួយទៀត ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ៖ ហិរញ្ញប្បទានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុអាចជាដំណោះស្រាយមួយដ៏ប្រសើរ ប្រសិនបើប្រទេសទាំងនោះមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ ហើយអាចធ្វើការវាយតម្លៃពីការគំរាមកំហែងដែលបង្កឡើងដោយអាកាសធាតុ ព្រមទាំងអាចបង្កើត និងអនុវត្តនដំណោះស្រាយដែលមានលក្ខណៈបែបនវានុវត្តន៍ ។ ប្រសិនបើពុំមានចំណេះដឹង និងជំនាញដ៏ចាំបាច់ទាំងនេះនោះទេ ពិភពលោកទាំងមូល ប្រាកដជាត្រូវទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះជាមិនខាន។
រាប់ចាប់ពីវិស្វកររហូតដល់បុគ្គលិកសុខាភិបាល ពីអ្នករៀបចំផែនការទីក្រុង រហូតដល់ស្ថាបត្យករ និងក្សេត្រវិទូ ព្រមទាំងក្រុមអ្នកជំនាញជំនាន់ថ្មី សុទ្ធសឹងតែជាអ្នកដែលមានតួនាទីស្នូល ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ពួកគេមានតួនាទីសំខាន់ដែលមិនអាចខ្វះបាន ដូចគ្នាទៅនឹងហិរញ្ញប្បទានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែរ ដែលនឹងចូលរួមធ្វើឱ្យសង្គមរបស់យើង កាន់តែមានភាពធន់ និងអាចច្បាមយកឱកាស ដែលកើតចេញពីសេដ្ឋកិច្ចបៃតង។
កម្មវិធីសិក្សាដែលឆ្ពោះទៅអនាគត/ទៅមុខ
នៅកម្ពុជា ដែលជាប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏ជាប្រទេសដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុផងដែរនោះ កំពុងតែជំរុញឱ្យមានការអប់រំអំពីអាកាសធាតុ និងបរិស្ថានឱ្យកាន់តែប្រសើរជាងមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ជាមួយនឹងការគាំទ្រពីសហភាពអឺរ៉ុប ប្រទេសស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កម្ពុជាបានបញ្ចូលមេរៀនពីការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាថ្មី ដែលមានវិសាលភាពទូលំទូលាយជាងមុន សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រផែនដី ក្នុងកម្រិតថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅត្រឹមឆ្នាំ ២០២០ ជាមួយនឹងចំនួនសិស្សប្រមាណជាងកន្លះលាននាក់។
សិស្សពីថ្នាក់ទី ១០ ដល់ទី ១២ នឹងសិក្សាពីកត្តាដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ និងភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជា។ ពួកគេក៏នឹងស្វែងយល់ពីវិធីសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗ ដើម្បីបន្ស៊ាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។
លើសពីនេះ ក្រសួងបរិស្ថាន និងក្រសួងអប់រំ បានរួមគ្នាដាក់ឱ្យអនុវត្តនូវទស្សនទានសាលាមេត្រីបរិស្ថាន ដែលជាវិធីមួយដើម្បីជំរុញឱ្យយុវជន និងមន្ត្រីអប់រំ អាចស្វែងយល់ពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ក្នុងសាលាសាកល្បងចំនួន ១៥ ដែលទទួលបានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (ហៅកាត់ថា CCCA) សិស្សបានទទួលអត្ថប្រយោជន៍ពីការបង្រៀនមេរៀនបន្ថែមស្តីពីការប្រែប្រួលអាកាសធាតុ និងបានធ្វើការងាររួមគ្នាជាមួយនឹងគ្រូរបស់ពួកគេ ដើម្បីអនុវត្តគម្រោងបង្កើនភាពធន់នានា ដូចជាការដាំដើមឈើ និងកសិកម្មដែលមានភាពវៃឆ្លាតទៅតាមស្ថានភាពអាកាសធាតុជាដើម។
គោលវិធីប្រភេទនេះ គួបផ្សំនឹងការបង្រៀនក្នុងប្រព័ន្ធ និងការជំរុញឱ្យមានការចូលរួមអនុវត្តផ្ទាល់ពីយុវជន ចូលរួមយ៉ាងសំខាន់ ដើម្បីឱ្យការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ អាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។
ប្រជាពលរដ្ឋកម្ពុជា ២ ភាគ ៣ មានអាយុក្រោម ២០ ឆ្នាំ ហើយមនុស្សជំនាន់នេះ មានសក្តានុពលធំធេង ក្នុងការត្រួសត្រាយដំណើរផ្លូវនៃការអភិវឌ្ឍប្រទេសរបស់ពួកគេ។ ជាមួយនឹងការផ្តល់ការអប់រំ និងការជំរុញឱ្យពួកគេបានចូលរួមគ្រប់គ្រាន់ ពួកគេអាចបង្កើត ឱ្យមានដំណោះស្រាយដែលចាំបាច់នានា ដែលកាត់បន្ថយការបំភាយកាបូន និងលើកកម្ពស់ការបន្ស៊ាំ ព្រមទាំងជួយជម្រុញដល់ការវិនិយោគវិស័យឯកជន និងវិស័យសាធារណៈ។ ចលនាបែបនេះ ក៏កំពុងកើតមាននៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោកផងដែរ។ ឧទាហរណ៍ ក្នុងប្រទេសស៊ុយអែត សិស្សានុសិស្ស ដូចជាកុមារី Greta Thunberg កំពុងបំពេញតួនាទីនាំមុខ ក្នុងការជំរុញឱ្យមានសកម្មភាពបរិស្ថាន ឱ្យកាន់តែមានភាពខ្លាំងខ្លា ជាងមុន តាមរយៈការអនុវត្តសកម្មភាពផ្សេងៗ ដូចជា ការធ្វើកូដកម្ម ដើម្បីបុព្វហេតុអាកាសធាតុជាដើម។
ការបង្កើតឱកាសចេញពីភ័យមហន្តរាយ
នៅកម្ពុជា គេអាចមើលឃើញយ៉ាងច្បាស់ពីអត្ថប្រយោជន៍ដែលបានពីកិច្ចខិតខំប្រឹងប្រែង តាមរយៈការអប់រំ និងផ្សព្វផ្សាយកន្លងមក។ ការសិក្សាកាលពីពេលថ្មីៗនេះ បង្ហាញថា អ្នកឆ្លើយតប(សាធារណជន) ៨៥% មានការយល់ដឹងជាមូលដ្ឋានអំពីមូលហេតុដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុ ហើយ ៩៨% អាចសម្គាល់ដឹងពីផលប៉ះពាល់មួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ គំលាតនៃចំណេះដឹងរបស់សាធារណជនស្ថិតនៅកម្រិតមួយខ្ពស់ ពោលគឺក្នុងចំណោមអ្នកដែលបានសាកសួរ ៣៧% នៅពុំអាចកំណត់ដឹងពីជម្រើសសម្រាប់កាត់បន្ថយ ឬបន្ស៊ាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅឡើយ។
បន្ថែមពីការបង្កើតនូវសកម្មភាពបរិស្ថាន ការអប់រំពីបរិស្ថាន នឹងការលើកកម្ពស់ការយល់ដឹងពីឱកាសការងារនៅក្នុងសេដ្ឋកិច្ចដែលមានភាពវៃឆ្លាតទៅតាមស្ថានភាពអាកាសធាតុ។ គេអាចបង្កើតការងារថ្មីៗបានចំនួន ៦៥ លានកន្លែងត្រឹមឆ្នាំ ២០៣០ ក្នុងអំឡុងពេលដំណើរអន្តរកាលឆ្ពោះកាន់សេដ្ឋកិច្ចដែលមានភាពវៃឆ្លាតទៅតាមស្ថានភាពអាកាសធាតុ។ រយៈពេលអន្តរកាលនេះ នឹងនាំឱ្យមានការប្រែប្រួលតម្រូវការការងារតាមវិស័យនានា ប៉ុន្តែវាក៏នាំឱ្យមានតម្រូវការជំនាញថ្មីៗសម្រាប់ការងារដែលកំពុងមានស្រាប់ផងដែរ។
ការរំពឹងពីការផ្លាស់ប្តូរទាំងនេះ និងការផ្តល់ការអប់រំដែលមានគុណភាពខ្ពស់សម្រាប់ទីផ្សារថ្មីបែបនេះ គឺជាបញ្ហាប្រឈមដ៏ចម្បងផងដែរ។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល សាកលវិទ្យាល័យចំនួន ៦ ក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមបញ្ចូលប្រធានបទការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន និងបានចាត់វិធានការដើម្បីបង្កើនការស្រាវជ្រាវពាក់ព័ន្ធនឹងអាកាសធាតុ តាមរយៈការផ្តល់អាហារូបករណ៍ និងការបង្កើតភាពជាដៃគូរជាមួយនឹងស្ថាប័នសិក្សាស្រាវជ្រាវអន្តរជាតិនានា។
វិធានការទាំងនេះ គឺជាវិធានការក្នុងទិសដៅមួយដែលត្រឹមត្រូវ និងបង្ហាញឱ្យឃើញពីឆន្ទៈនយោបាយក្នុងការទាញយកប្រយោជន៍ពីសក្តានុពលរបស់មនុស្សជំនាន់ក្រោយ សម្រាប់ការធ្វើអន្តរកាលទៅរកសេដ្ឋកិច្ចដែលកាន់តែមានភាពធន់ និងមានការបំភាយកាបូនទាប។
វិធានការម៉ឺងមាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ មានសារៈសំខាន់ ដើម្បីធានាយ៉ាងណាឱ្យយុវជនប្រមាណ ១,២ ពាន់លាននាក់ដែលនឹងចូលមកក្នុងទីផ្សារការងារនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ត្រឹមឆ្នាំ ២០៣០ ក្នុងនោះមាន ៣ លាននាក់ក្នុងប្រទេសកម្ពុជា ទទួលបានការបំពាក់បំប៉ន ដើម្បីរួមចំណែក និងទទួលបានប្រយោជន៍ ពីឱកាសការងារក្នុងសេដ្ឋកិច្ចដែលមានភាពវៃឆ្លាតទៅតាមស្ថានភាពអាកាសធាតុ។
អត្ថបទដោយ៖
Maria Sargren - ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា
George Edgar - ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូមិសហភាពអឺរ៉ុប្រចាំប្រទេសកម្ពុជា
Nick Beresford - អ្នកតំណាងប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ
Julien Chevillard - អ្នកគ្រប់គ្រងមូលនិធិ Trust Fund នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា - UNDP