តៃវ៉ាន់ ប្រកាស​គាំទ្រ​បាតុករ​ហុងកុង​ដែល​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​
អន្តរជាតិ
តៃវ៉ាន់ ប្រកាស​គាំទ្រ​បាតុករ​ហុងកុង​ដែល​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​
12, Jun 2019 , 8:59 pm        
រូបភាព
ការតវ៉ាប្រឆាំងសំណើច្បាប់ធ្វើបត្យាប័ននៅហុងកុង។ រូបភាព AFP
ការតវ៉ាប្រឆាំងសំណើច្បាប់ធ្វើបត្យាប័ននៅហុងកុង។ រូបភាព AFP
​កោះ​តៃវ៉ាន់ នៅ​ថ្ងៃទី​១២ ខែមិថុនា បានប្រកាស​គាំទ្រ​បាតុករ​ហុងកុង​ដែល​កំពុង​តវ៉ា​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ រដ្ឋមន្ត្រីការបរទេស​កោះ​តៃវ៉ាន់ Joseph Wu ចាត់ទុក​ការធ្វើ​បាតុកម្ម​នេះ ជាការ​តវ៉ា​ដើម្បី​នីតិរដ្ឋ​។ បាតុករ​បាន​ប្រមូល​ផ្ដុំគ្នា​តាំងពី​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា ហើយ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែមិថុនា ដែល​ធ្វើ​ឲ្យ​ផ្នែក​ជាច្រើន​របស់​ហុងកុង​គ្មាន​ដំណើរការ​។ ការប៉ះទង្គិច​ក៏​កើតមាន​ក្រោយ​បាតុករ​ប្រឹង​រុលចូល​អាគារ​សភា​ហុងកុង​។​

 
​បាតុកម្ម​លើក​ទី​ពីរ​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​កាត់ក្ដី​នៅ​តុលាការ​ចិន បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែមិថុនា​នៅ​ផ្នែក​ជាច្រើន​របស់​ទីក្រុង​ហុងកុង​។ បាតុករ​រាប់ពាន់នាក់ បាន​ប្រមូល​ផ្ដុំគ្នា​ត្រៀបត្រា​នៅតាម​ផ្លូវ​ឆ្ពោះទៅកាន់​អាគា​រដ្ឋាភិបាល​ហុងកុង និង​អាគារ​សភា​ជាទី​ដែល​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ឈានដល់​ការជជែក​លើក​ទី​ពីរ​។ យ៉ាងណាមិញ ការជជែក​លើ​សំណើ​នេះ ត្រូវបាន​ពន្យារពេល​ដោយសារ​ក្រុមបាតុករ​។​


រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ។ រូបភាព AFP 
 
​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ បាន​ចេញមក​ប្រកាស​ការគាំទ្រ​ក្រុមបាតុករ​ហុងកុង​។ រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ Joseph Wu បាន​សរសេរ​លើ Twitter ក្រសួងការបរទេស ថា​៖ «​ខ្ញុំ​ឈរ​ប្រកៀក​ស្មា​ជាមួយ​បាតុករ​រាប់រយ​ពាន់​នាក់​នៅ​ហុងកុង​ដែល​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន និង​ដើម្បី​នីតិរដ្ឋ​។ សូម​ដឹងថា អ្នក​មិន​នៅតែ​ឯង​ឡើយ​។​» ប្រមុខ​ការទូត​តៃវ៉ាន់​បន្តថា តៃវ៉ាន់​នឹង​ឈរ​ជាមួយ​ប្រជាជន​ហុងកុង ហើយ​ឆន្ទៈ​របស់​ប្រជាជន នឹង​ឈ្នះ​។​
 
 
​ជាមួយគ្នា​នោះ តំណាង​អង្គការ​អន្តរជាតិ​ច្រើន​ប្រចាំ​តៃវ៉ាន់​ដូចជា​តម្លាភាព​អន្តរជាតិ និង​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ប្រមូល​ផ្ដុំគ្នា​ខាងមុខ​ការិយាល័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌​ហុងកុង​ក្នុង​ទីក្រុង​តៃប៉ិ​ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​ដែរ​។ លោក Cedric Alviani ប្រធានការិយាល័យ​អាស៊ី​បូព៌ា​របស់ RSF និយាយថា សំណើ​ច្បាប់​នេះ ជាការ​គំរាមកំហែង​ដល់​ប្រជាជន និង​អ្នកទេសចរ​នៅ​ហុងកុង​រាប់ទាំង​អ្នកកាសែត និង​ប្រភពព័ត៌មាន​របស់​ពួកគេ​ផង​។​
 
​យ៉ាងណាមិញ ការប៉ះទង្គិច​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១២ ខែមិថុនា​នេះ បន្ទាប់ពី​ឱសានវាទ​របស់​បាតុករ​ដែល​ទាមទារ​ឲ្យ​ដកចេញ​សេចក្ដីស្នើច្បាប់​នេះ​។ ក្រុមបាតុករ​ដែល​ពាក់​ម៉ាស និង​ទ​ទូល​ឆត្រ​ផង​នោះ បាន​ព្យាយាម​ជ្រៀតចូល​សភា​ហុងកុង តែ​ត្រូវ​រុញច្រាន​ដោយ​ប៉ូលិស​ដែល​បាញ់​ម្សៅ​ម្រិច និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​បាតុករ​។ 
 
​ស្នងការ​ប៉ូលិស​ហុងកុង Stephen Lo Wai បានប្រកាស​ការប៉ះទង្គិច​នេះ​ជា​កុបកម្ម បន្ទាប់​ស្ថាន​ករ​ណ៍​កាន់តែ​តានតឹង​។ ការចាត់​ថា្នក់​បែបនេះ នឹង​បើក​សិទ្ធិ​ឲ្យ​ប៉ូលិស​មានអំណាច​ច្រើន​ក្នុងការ​ទប់ទល់​នឹង​ការតវ៉ា ខណៈ​អ្នក​តវ៉ា​ដែល​ត្រូវ​ចាប់ខ្លួន ប្រឈមមុខ​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ផង​។ បើតាម​កាសែត South China Morning Post មេ​ប៉ូលិស​ហុងកុង​ព្រមាន​បាតុករ​កុំ​ធ្វើ​សកម្មភាព​ដែល​នាំ​ឲ្យ​មាន​វិប្បដិសារី​មួយជីវិត​ឲ្យ​សោះ​៕

Tag:
 តៃវ៉ាន់​
  ហុងកុង​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម