ជាតិ
សង្គមជាតិ
ជាង៥ខែ ផ្ទុះជំងឺគ្រុនឈាមដល់ទៅជាង៤០០ករណីនៅក្រចេះ និងបណ្តាលឲ្យស្លាប់៤នាក់ រូបភាពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ មានជំងឺគ្រុនឈាន៤៤២ករណីនៅខេត្តក្រចេះ និងបណ្តាលឲ្យមនុស្សស្លាប់៤នាក់។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានចុះផ្សាយពីសម្តីរបស់លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះថា ជំងឺគ្រុនឈាម បានផ្ទុះឡើងនៅឆ្នាំនេះ គឺមានការកើនឡើងខ្លាំងជាងឆ្នាំមុនៗ ដោយសារតែកត្តាអាកាស ពីរដូវក្តៅ ទៅរដូវវស្សាមានការអូសបន្លាយយូរ។
លោក ឈ្នាង សុវត្ថា បានបញ្ជាក់ថា មានស្រុកពីរ គឺស្រុកស្នូល និងស្រុកចិត្របុរី ក្នុងខេត្តក្រចេះ ដែលបានផ្ទុះជំងឺគ្រុនឈាមច្រើនជាងគេ ដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះមានក្មេងជំទង់អាយុ១៥ឆ្នាំម្នាក់។
ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះរូបនេះ អះអាងថា ជំងឺគ្រុនឈាមច្រើនតែកើតឡើងដោយសារតែមូសខ្លា ដែលរស់នៅកន្លែងមានដក់ទឹក ដូចជា ពាងទឹក អាងទឹក សំបកដប សំបកដូង កំប៉ុង ថូផ្កា និងសំបកកង់ឡានជាដើម។ បន្ទាប់ពីមានការផ្ទុះជំងឺគ្រុនឈាមនេះហើយ លោកបានចាត់ឲ្យមន្ត្រីជំនាញមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ឲ្យបាញ់ថ្នាំសម្លាប់មូសខ្លានៅតាមតំបន់ដែលផ្ទុះជំងឺគ្រុនឈាមនេះរួចហើយ និងអំពាវនាវឲ្យពលរដ្ឋ បើកទ្វារ បង្អួចឲ្យមានពន្លឺខ្យល់ចេញចូលគ្រប់គ្រាន់ និងសម្អាតអណ្តូងទឹក ពាង ដោយដាក់ថ្នាំអាប៊ែត ក្នុងមួយសប្តាហ៍ម្តង ដែលវិធីនេះមានប្រសិទ្ធភាពជាងបាញ់ថ្នាំទៅទៀត។
គិតត្រឹមដើមខែមិថុនានេះ ជំងឺគ្រុនឈាមក៏បានផ្ទុះឡើងខ្លាំងនៅខេត្តរតនគិរី ដែលកើតមានចំនួន៨៧ករណី តែមិនបន្តឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយខាងមន្ទីរសុខាភិបាលតាមតំបន់បានពិនិត្យ ព្យាបាល និងបាញ់ថ្នាំសម្លាប់ប្រភពមូសខ្លារួចហើយ។
បើផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងឆមាសទី១ នៃឆ្នាំ២០១៩ មានអ្នកកើតជំងឺគ្រុនឈាមនៅទូទាំងប្រទេសជិត៨ពាន់នាក់។ ចំនួននេះមានការកើនឡើងខ្លាំង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៨។
គួរបញ្ជាក់ថា ក្នុងរយៈពេល៣ខែ (ខែមករា-ខែមីនា) ឆ្នាំ២០១៩ កុមារកម្ពុជាជាង៣,៥ពាន់នាក់ បានកើតជំងឺគ្រុនឈាម និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាដែលចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា៕
Tag:
ជំងឺ
គ្រុនឈាម
មនុស្ស
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com