ពីនេះ ពីនោះ
«លន្លង់លន្លោច» ជាពាក្យត្រូវ មិនមែន «អន្លង់អន្លោច» នោះឡើយ
25, Dec 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«លន្លង់» និង «អន្លង់» សុទ្ធតែជាពាក្យមាននៅក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ប៉ុន្តែ «លន្លង់លន្លោច» ជាពាក្យមានន័យគ្រប់គ្រាន់ ខណៈ «អន្លង់អន្លោច» ជាពាក្យខុស។



«លន្លង់លន្លោច»  ជាពាក្យផ្សំគ្នា ដែលមានន័យថា ដែលស្រងេះស្រងោច ព្រោះឃើញវាលធំធេងឆ្ងាយសន្លឹម ឬឃើញទីប្លែកចិត្ត។ ចិត្តលន្លង់លន្លោច ហើយបើប្រើជាពាក្យកាព្យ យើងក៏អាចសរសេរថា «លន្លោងលន្លង់ ក៏បានផងដែរ។

សម្រាប់ពាក្យ «លន្លង់» តែមួយម៉ាត់ គឺ ឆ្ងាយសន្លឹមស្រងាត់, ឆ្ងាយលន្លង់ ប៉ុន្តែគេនិយមប្រើជាមួយពាក្យ «លន្លោច»។ ពាក្យតែមានន័យប្រហាក់ប្រហែលគ្នា មានដូចជា ស្រមុតចិត្ត, ស្រងេះស្រងោច ជាដើម។

រីឯពាក្យ «អន្លង់» វិញ គឺ ឧទកដ្ឋានដែលមានជម្រៅអាចឲ្យលង់បានគឺទីដក់ទឹកត្រង់ដែលជ្រៅជាងគេ ក្នុងទន្លេ, បឹង, ស្ទឹងជាដើម : លិចទូកក្នុងបឹងចំត្រង់អន្លង់ ។ ពាក្យប្រដូច៖ អន្លង់កាម កាមដែលទុកដូចជាអន្លង់ ( ព្រោះអាចញ៉ាំងសត្វលោកឲ្យលិចលង់បាន ) ។

អន្លង់ និយាយដោយពាក្យប្រៀបមាន ៤ យ៉ាង គឺ អន្លង់កាម, អន្លង់ភព, អន្លង់ទិដ្ឋិ, អន្លង់អវិជ្ជា ។ ធ្លាក់អន្លង់ ធ្លាក់ក្នុងសេចក្ដីវិនាស ។ ហែលឆ្លងអន្លង់ ខំប្រឹងរើឲ្យរួចពីសេចក្ដីវិនាសឬពីគ្រោះថ្នាក់ ។ ល ។

«ឱឃ» ជាពាក្យដែលមានន័យដូច អន្លង់, ជំនន់; ទឹកដែលឡើងលិចជ្រៅ; កម្លាំងខ្សែទឹក; ទឹកដែលហូរសំយុងចុះខ្លាំង ។ អាងឱឃៈ អាងមានទីជ្រកទីស្នាក់ពឹងពាក់ពំនាក់លើអ្នកធំ( ដូចជាត្រីអាងអន្លង់ទឹកជ្រៅ )  ។ ឱឃសង្សារ ឬ –សំសារ ការអន្ទោលកើតស្លាប់នៅក្នុងអន្លង់ ( ទាំងបួន ) ។ ល ។



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com