ជាតិ
សង្គមជាតិ
សុខភាព
២៥ខេត្ត/រាជធានី
កសិករ​គំរូ​ខេត្តកំពង់ស្ពឺ សន សឿន ចាត់ទុក​«បន្លែ​សរីរាង្គ​» ជា​ប្រភព​នៃ​សុខភាព​ដ៏​ចម្បង​របស់​ពលរដ្ឋ​ទូទាំងប្រទេស​
12, Jun 2019 , 4:35 pm        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​ចំណោម​ការរស់នៅ​ស្អាត​, ការធ្វើ​លំ​ហាត់ប្រាណ​ទៀត​ទាត់​, ការបរិភោគ​បន្លែ ផ្លែឈើ ដែល​គ្មាន​សារធាតុ​គីមី ពោលគឺ​បិ​រ​ភោគ​បន្លែ ផ្លែឈើ​ធម្មជាតិ​និង​សរីរាង្គ ក៏​ជា​ផ្នែក​មួយ​ធំ​ជួយ​ឲ្យ​មាន​សុខ​ភាពល្អ​ផងដែរ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក សន សឿន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្មសរីរាង្គ​ខេត្ត​កំពង់​ស្ពឹ ចាត់ទុក​បន្លែ «​សរីរាង្គ​» ជា​ប្រភព​នៃ​សុខភាព​ចម្បង​បំផុត​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។ ក្នុង​វ័យ​៦០​ឆ្នាំ លោក សឿន ចង់ឃើញ​សង្គមជាតិ​កម្ពុជា​ពោរពេញ​ដោយ​បរិស្ថាន​បរិសុទ្ធ ដោយ​កសិករ​គំរូ​រស់នៅ​ខេត្តកំពង់ស្ពឺ​រូបនេះ បន្តការងារ​ស្ម័គ្រចិត្ត​បណ្តុះបណ្តាល​កសិករ​ដទៃ​ឲ្យ​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​សារធាតុ​គីមី ហើយ​ងាក​មក​ដាំ​ដុះ​កសិកម្ម​តាមបែប​សរីរាង្គ​វិញ​។​



​មិនមែនជា​រឿង​ងាយស្រួល​ទេ ដែល​កសិករ​ម្នាក់ៗ អាច​បោះបង់​ទម្លាប់​នៃ​ការដាំដុះ​ដោយ​ប្រើប្រាស់​សារធាតុ​គីមី មក​ដាំ​ដុះ​បន្លែ​បែប​សរីរាង្គ​។ បន្លែ​សរីរាង្គ ជា​បន្លែ​ដែល​ដាំ​ដុះ​ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី ហើយ​ការដាំដុះ​បន្លែ​បែប​សរីរាង្គ ត្រូវ​ចំណាយ​ពេលវេលា​យូរ និង​លំបាក​ថែទាំ​ជាង​បន្លែ​គីមី​។ លក្ខណៈពិសេស​របស់​ប​ន្លែ​សរីរាង្គ មិន​ត្រឹមតែ​មានតម្លៃ​ខ្ពស់ជាង​បន្លែ​គីមី​នោះទេ វា​ថែមទាំង​បានផ្ដល់​នូវ​សុខ​ភាពល្អ​ដល់​អ្នក​ដាំ និង​អ្នក​ទទួលទាន​ផងដែរ​។​

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក សន សឿន ដូចតទៅ​៖ 



​លោក សន សឿន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្មសរីរាង្គ​ខេត្តកំពង់ស្ពឺ និង​ជា​អ្នក​បណ្ដុះបណ្ដាល​កសិករ​បាន​បញ្ជាក់ថា​៖ «​ការទទួល​ទាន​បន្លែ​សរីរាង្គ និង​ការដាំដុះ​បែប​សរីរាង្គ ដែលមាន​បច្ចេកទេស​ត្រឹមត្រូវ​នាំ​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​ប្រាក់ចំណូល​ខ្ពស់​»​។​


 
​ការងារ​ជា​អ្នកជំរុញ និង​បណ្ដុះបណ្ដាល​ដល់​កសិករ មិនបាន​ផ្ដល់​ប្រាក់ចំណូល​ដល់​លោក សន សឿន នោះទេ ប៉ុន្តែ ក្ដី​ស្រឡាញ់​ចំពោះ​កសិកម្មសរីរាង្គ បណ្ដាល​ឲ្យ​លោក សឿន ធ្វើការ​ងារ​មួយ​នេះ​។ ប្រធាន​សហគមន៍​វ័យ ៦០​ឆ្នាំ និង​ជា​កសិករ​គំរូ​នៅ​ខេត្តកំពង់ស្ពឺ​រូបនេះ រៀបរាប់ថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​ចង់​ឲ្យ​សង្គម​ទាំងមូល ពោរពេញ​ទៅ​បរិស្ថាន​បរិសុទ្ធ​។ ខ្ញុំ​ចង់​ឲ្យ​កសិករ​យល់ច្បាស់​ពី​ផលប៉ះពាល់​នៃ​សារ​ធាតុគីមី ដោយ​ងាក​មក​ដាំ​ដុះ​បែប​សរីរាង្គ​វិញ​»​។ 


 
​ក្រោយ​ចូលនិវត្តន៍​ពី​ការងារ​ទាហាន លោក សន សឿន បានចាប់ផ្ដើម​ស្វែងយល់​ពី​កសិកម្មសរីរាង្គ ជាមួយ​អង្គការ​សេ​ដាក​នៅ​ឆ្នាំ​២០០៧​។ បច្ចុប្បន្ននេះ លោក សន សឿន មាន​តួនាទី​ជា​អ្នកដឹកនាំ និង​បណ្ដុះបណ្ដាល​ដល់​កសិករ អំពី​កសិកម្មសរីរាង្គ​នៅក្នុង​ខេត្តកំពង់ស្ពឺ​។ ចំពោះ​ការងារ​បណ្ដុះបណ្ដាល​ដល់​កសិករ​ពី​កសិកម្មសរីរាង្គ​នេះ លោក សន សឿន នឹង​បន្តការងារ​នេះ ដរាប​លោក​បាត់​បង់ជីវិត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សន សឿន​៕







Tag:
 សរីរាង្គ​
  គីមី​
  កំពង់ស្ពឺ​
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com