កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន AFC៖ កូរ៉េខាងត្បូងចូលវគ្គផ្តាច់ព្រ័ត្រ បង្ហាញពីការរីកចម្រើនវិស័យបាល់ទាត់អាស៊ី
× ក្រុមកីឡាបាល់ទាត់កូរ៉េខាងត្បូងអាយុក្រោម២០ឆ្នាំ បានបង្កើតប្រវត្តិសាស្ត្រថ្មីតាមរយៈការឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០១៩ បន្ទាប់ពីទម្លាក់អេក្វាឌ័រក្នុងលទ្ធផល ១-០ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី១១ ខែមិថុនា។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) លោក Sheikh Salman bin Ebrahim Al Khalifa សរសើរកូរ៉េខាងត្បូងថាជាអ្នកជួយធ្វើឲ្យស្តង់ដាកីឡាបាល់ទាត់អាស៊ីកាន់តែរីកមុខមាត់ឡើង។
នេះជាការបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រលើកដំបូងសម្រាប់កូរ៉េខាងត្បូងក្នុងព្រឹត្តិការណ៍ World Cup U-20 ក្រោយវីរបុរស Choi Jum ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះលើអេក្វាឌ័រក្រុមពីអាមេរិកឡាទីននាកីឡដ្ឋាន Arena Lublin ប្រទេសប៉ូឡូញ។
ក្រុម U-22 កូរ៉េខាងត្បូងបានបង្ហាញភាពខ្លាំង និងឲ្យពិភពលោកភ្ញាក់ផ្អើលតាំងពីវគ្គចែកពូលម្លេះ ដោយពួកគេបានយកឈ្នះម្ចាស់ជើងឯក៦សម័យកាលអាហ្សង់ទីន ២-១។ ក្រុមពីអាស៊ីមួយនេះ បានបន្តឈ្នះជប៉ុននៅវគ្គ១៦ក្រុម សេណេហ្គាល់វគ្គ៨ក្រុម និងអេក្វាឌ័រនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវតទល់ជាមួយអ៊ុយគ្រែននៅថ្ងៃទី១៥ ខែមិថុនា។ អ៊ុយគ្រែនបានទម្លាក់ក្រុមពីអឺរ៉ុបដូចគ្នាអ៊ីតាលីនៅវគ្គ ១/២ ដោយលទ្ធផល ១-០។
ការឈានដល់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាបាល់ទាត់លដាប់ពិភពលោកនេះ ប្រធាន AFC បានបង្ហាញការសារទយ៉ាងខ្លាំងជាមួយនឹងលទ្ធផលដ៏អស្ចារ្យនេះ។
លោក Ebrahim Al Khalifa លើកឡើងថា៖«សមិទ្ធផលរបស់ពួកគេមកដល់ពេលនេះគឺពិតជាគួរឲ្យភ្ញាក់ផ្អើល ហើយខ្ញុំសង្ឃឹមថាពួកគេនឹងអនុវត្តតាមទម្រង់បែបបទនេះរហូតបន្តឈ្នះពានតែម្តង។ មិនត្រឹមតែប៉ុណ្ណោះកូរ៉េខាងត្បូបានដើរតួយ៉ាងសំខាន់ដើម្បីឆ្លុះបញ្ចាំងពីស្ទង់ដាររបស់វិស័យកីឡាបាល់ទាត់ក្នុងទ្វីបអាស៊ីទាំងមូលទៅកាន់ពិភពលោកផង»។
គ្រូបង្វឹកលោក Chung Jung-yong ក៏មានសុទិដ្ឋិនិយមដែរ ថាបាល់ទាត់យុវជនរបស់កូរ៉េខាងត្បូងកំពុងស្ថិតលើផ្លូវដ៏ត្រចះត្រចង់ និងអាចបន្តទៅប្រកួតប្រជែងជាមួយក្រុមលំដាប់កំពូលៗពិភពនាពេលខាងមុខដ៏ខ្លី៕
Tag:
បាល់ទាត់
World Cup U-20
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com