ក្រោយ​ថ្ងៃ​ហូប​នំ​បញ្ចុក មេធាវី ត្រៀម​សុំ​តុលាការ​បាត់ដំបង ឲ្យ​ទម្លាក់​បទ​ចោទ​ពី​អតីតមន្ត្រី​បក្សប្រឆាំង​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​ថ្ងៃ​ហូប​នំ​បញ្ចុក មេធាវី ត្រៀម​សុំ​តុលាការ​បាត់ដំបង ឲ្យ​ទម្លាក់​បទ​ចោទ​ពី​អតីតមន្ត្រី​បក្សប្រឆាំង​
12, Jun 2019 , 9:59 pm        
រូបភាព
អ្នកគាំទ្រអតីតបក្សប្រឆាំងនៅខេត្តបាត់ដំបង ពិសានំបញ្ចុកជុំគ្នា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ (រូបពីហ្វេសប៊ុក Seng Mengbunrong)
អ្នកគាំទ្រអតីតបក្សប្រឆាំងនៅខេត្តបាត់ដំបង ពិសានំបញ្ចុកជុំគ្នា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ (រូបពីហ្វេសប៊ុក Seng Mengbunrong)
ដោយ: ថ្មីៗ
​អតីតមន្ត្រី​គណបក្សប្រឆាំង​២៦​នាក់ ត្រូវបាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ហៅ​ទៅ​សួរ​រួចហើយ ក្រោម​ការសង្ស័យថា​ពួកគេ​មានគំនិត​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​រំលាយ​អតីត​គណបក្ស​របស់​ពួកគេ កាល​ពីចុងឆ្នាំ​២០១៧​។ ចំណែក​៩​នាក់​ទៀត ស្ថាប័ន​អយ្យការ មិនទាន់​ហៅ​នៅឡើយ​ទេ​។


 
​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា លោក កំពុង​រៀបចំ​ឯកសារ​ដើម្បី​ស្នើ​ទៅ​ព្រះរាជអាជ្ញា​សុំ​ឲ្យ​តម្កល់​រឿង​មិន​ចាត់ការ​ចំពោះ​អ្នក​ទាំង​២៦​នាក់ ដែល​ត្រូវបាន​សាកសួរ​រួច​។ លោក បញ្ជាក់ថា «​ខ្ញុំ នឹង​ដាក់សំណើ​ក្នុងពេល​ឆាប់ៗ​នេះ​»​។ 
 
​លោក បន្តថា ចំពោះ​កូនក្តី​របស់លោក​៩​នាក់​ទៀត ត្រូវ​រង់ចាំ​ឲ្យ​ព្រះរាជអាជ្ញា ហៅ​ទៅ​សាកសួរ​យក​ចម្លើយ​សិន ហើយ​បន្ទាប់មក ទើប​លោក ពិចារណា​ពី​ការដាក់​សំណើសុំ​ឲ្យ​តម្កល់​រឿង​មិន​ចាត់ការ​។ 
 
​ក្រោយ​សាកសួរ​រួច ព្រះរាជអាជ្ញា ត្រូវ​សម្រេច​ថា ចោទប្រកាន់ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ឬក៏​មិន​ចោទប្រកាន់ ហើយ​តម្កល់​សំណុំរឿង​មិន​ចាត់ការ​។ នេះ​ជាការ​ពន្យល់​របស់លោក​មេធាវី​។ 
 
​លោក​មេធាវី មានប្រសាសន៍​ដូច្នេះ​ថា «​ការហូប​នំ​បញ្ចុក​ទូទាំងប្រទេស នៅ​ថ្ងៃទី​៩​មិថុនា គឺ​បង្ហាញ​ពី​ស្ថាន​ភាពល្អ ហើយក៏​បញ្ជាក់ថា ការហូប​នំ​បញ្ចុក មិនមែនជា​បទល្មើស​ទេ អ៊ីចឹង​កូនក្តី​របស់ខ្ញុំ ដែល​ហូប​នំ​បញ្ចុក​កន្លងមក ក៏​មិន​មានទោស​ដែរ​។ ខ្ញុំ យល់ថា តុលាការ គួរ​ពិចារណា​ទម្លាក់​បទ​ចោទ​ចេញពី​ពួកគាត់​»​។  
 
អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំង​៣៥​នាក់​ខាងលើ ធ្លាប់​ជួបជុំ​និង​ពិសា​នំ​បញ្ចុក​ជាមួយគ្នា​។ សមត្ថកិច្ច សង្ស័យថា ពួកគេ យក​ឱកាស​នេះ ដើម្បី​ញុះញង់​និង​បង្ក​ឲ្យ​មានការ​ប្រឆាំងនឹង​សាលា​ដីកា​របស់​តុលាការ​កំពូល ហើយក៏​ដើម្បី​ប្រមូលគ្នា​ចាំ​ទទួល​ការវិលត្រឡប់​របស់លោក សម រង្ស៊ី ដែរ​។ 
 
​ចំណាត់ការ​របស់​សម​ត្ថ​កិច្ច បាន​រង​ការរិះគន់​ខ្លាំង ជាពិសេស​ពី​សំណាក់​ក្រុម​អ្នកប្រឆាំង ដោយ​ពួកគេ រិះគន់ថា សិទ្ធិសេរីភាព​នៅ​កម្ពុជា កាន់តែ​ត្រូវបាន​រឹតត្បិត ដោយ​គ្រាន់តែ​ពិសា​នំ​បញ្ចុក​ជាមួយគ្នា ក៏មាន​ទោស​។ រឿង​ហូប​នំ​បញ្ចុក​នេះ បាន​សាយភាយ​បន្តិច​ម្តងៗ រហូត​មានការ​អំពាវនាវ​ពី​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​នៅក្រៅ​ប្រទេស ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស នៅក្រៅ​ប្រទេស ចូលរួម​ពិសា​នំ​បញ្ចុក​ទាំងអស់គ្នា នៅ​ថ្ងៃទី​៩​មិថុនា​។ 
 
​បន្ទាប់មក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រកាស​តាម​ក្រោយ ឲ្យ​សមាជិក​គណបក្សកាន់អំណាច​និង​មន្ត្រី​រដ្ឋាភិបាល រួមទាំង​ប្រជាពលរដ្ឋ​ទូទៅ ចូលរួម​ពិសា​នំ​បញ្ចុក​នៅថ្ងៃនេះ​ដែរ ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​។ ប្រធាន​គណបក្សកាន់អំណាច បាន​ហៅ​យុទ្ធសាស្ត្រ​របស់ខ្លួន ដែល​ចាក់បណ្តោយ​តាម​ក្រុម​អ្នកប្រឆាំង​នេះ​ថា មិន​ត្រឹមតែ​យក​បន្លា​ជួស​បន្លា​ប៉ុណ្ណោះ​ទេ គឺ​យក​ពូថៅ​វ៉ៃ​បំបាក់​បន្លា​តែម្តង​។​
 
​ក្រៅពី​ខេត្តបាត់ដំបង អតីតមន្ត្រី​គណបក្សប្រឆាំង​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត ក៏​រង​ចំណាត់ការ​ដែរ ពី​រឿង​ជួបជុំគ្នា​។ នៅ​ខេត្តកំពង់ធំ មាន​អតីតមន្ត្រី​គណបក្សប្រឆាំង​៣៥​នាក់​ដូចគ្នា ដែល​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ​។ ប៉ុន្តែ ពួកគេ មិនទាន់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នោះទេ​។ 
 
​ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​និង​តុលាការ​លើ​អតីតមន្ត្រី​គណបក្សប្រឆាំង គឺ​កើតឡើង​បន្ទាប់ពី​លោក សម រង្ស៊ី និង​សហការី ប្រកាស​វិល​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ មេដឹកនាំ​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស បានដាក់​ផែនការ​មក​ឲ្យ​មន្ត្រី​របស់ខ្លួន​នៅក្នុង​ស្រុក ឲ្យ​ដើរ​ប្រមូល​អ្នកគាំទ្រ ដើម្បី​ចាំ​ទទួល​ពួកគេ​។ ហើយ​កន្លងមក ធ្លាប់មាន​អតីតមន្ត្រី​គណបក្ស​មួយចំនួន បាន​ចេញមុខ​ប្រកាសថា ចាំ​ស្វាគមន៍​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី ។   
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អ្នកប្រឆាំង​នៅក្នុង​ស្រុក ឲ្យ​ឈប់​ដើរ​ប្រមូល​គ្នីគ្នា​។ ប្រមុខ​រដ្ឋាភិបាល ព្រមាន​ពី​ការចាប់​ដាក់ពន្ធនាគារ ប្រសិនបើ​ពួកគេ នៅតែ​បន្តសកម្មភាព​នេះ​។ 
 
​ថ្មីៗ​នេះ គឺ​ថ្ងៃទី​៨-​ទី​៩ ខែមិថុនា ក្រុម​មេដឹកនាំ​ខាង​ប្រឆាំង បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ខ្លួន​ជា​លើក​ទី​២ នៅ​រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក ដើម្បី​កំណត់​ផែនការ​នៃ​ការធ្វើ​មាតុភូមិ​របស់លោក សម រង្ស៊ី​។ ពួកគេ កំណត់ថា ការធ្វើ​មាតុ​និវត្ត​នេះ នឹង​កើតឡើង​ក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ ទាមទារ​ឲ្យ​គណបក្ស​របស់​ពួកគេ រស់​ឡើងវិញ និង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា​៕ 
 

Tag:
 សំ សុ​គង់​
  តុលាការ​
  មន្ត្រី​បក្សប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម