ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រី​ពៅ ប្រាប់​ពី គម្រោង​ទៅ​ថ្ងៃ​អនាគត​ពេល​ប្រកួត​លែងកើត​?
12, Jun 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​កីឡាការិនី​គុន​ខ្មែរ នៅ ស្រី​ពៅ ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​នៅក្នុង​ស្រុក និង ឆាក​អន្តរជាតិ​តាមរយៈ​ការ​ទៅ​ប្រកួត​សង្វៀន ONE Championship នាពេល​ថ្មីៗ​នេះ​បានដាក់​គោលដៅ​រួចហើយ​ទៅ​ថ្ងៃ​អនាគត បើសិនជា​ឡើង​ប្រកួត​លែងកើត​។ ស្រី​ពៅ ដែល​ឡើង​ប្រកួត​នៅ​សង្វៀន ONE ចំនួន​ពីរលើក បាន​បង្ហើប​បំណង​ថា ខ្លួន​ចង់​ក្លាយជា គ្រូបង្វឹក ចៅក្រម ឬ បើ​មានលទ្ធភាព​អាច​ចង់​បើក​ក្លិប​ប្រដាល់​មួយ​នៅក្នុង​ភូមិ​ម្ដុំ​ចំការ​ដូង​ដែល​រស់នៅ​បច្ចុប្បន្ន​ទៀតផង​។


 
​នៅ ស្រី​ពៅ ដែលជា​ម្ចាស់​ខ្សែក្រវាត់​គុន​ខ្មែរ​ទម្ងន់ ៦៣,៥ គីឡូក្រាម​បាន គូសបញ្ជាក់ថា ៖«​គោលបំណង​ខ្ញុំ​ចង់​ធ្វើទៅ​ថ្ងៃមុខ​បង គឺ ចៅក្រម អាជ្ញាកណ្ដាល និង គ្រូបង្វឹក​ផង ហើយ​ខ្ញុំ​ត្រូវ​រៀន​ពី​ឥឡូវ​ទៅ​។ នេះ​ជា​ឱកាសល្អ​ព្រោះ​ការងារ​នេះ នារីៗ​មិនសូវ​សម្បូរ​ទេ​។ បង​សួរ​ដូច​ពិបាក​ឆ្លើយ​រឿង​មាន​ប្ដី​..​ហឹម បើសិន​ខ្ញុំ​មាន​ប្ដី ហើយ​ខ្ញុំ​នៅ​ប្រកួត​បាន​គឺ ខ្ញុំ​នៅតែ​ប្រកួត​។ បើ​ប្ដី​ខ្ញុំ ឲ្យ​ប្រកួត​ខ្ញុំ​នៅ​ប្រកួត ព្រោះ​នៅ​ស្រុក​គេ ដូច Priscilla គាត់​មានកូន​មាន​ប្ដី គាត់​នៅ​ប្រកួត​ជាមួយ​ខ្ញុំ​បាន​»​។ 


 
​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន World Lethwei Championship បាន​បន្តថា ពេល​ឃើញ​ប្រពន្ធ​លោកគ្រូ​អេ ភូ​ថង អ្នកស្រី សឹង សុ​ម៉ាលី ឬ ប្រពន្ធ​គ្រូ នួន ភារ​ម្យ ធ្វើជា​ចៅក្រម និង អាជ្ញាកណ្ដាល ក៏​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​រូបគេ​កាន់​តែមាន​ចំណង់​ចំណូលចិត្ត​ដែរ ខណៈ ខ្លួន​ស្រលាញ់​ក្បាច់គុន​ខ្មែរ​តាំងពីដើម​មក​ផង​នោះ​។ 
 
​កីឡាការិនី​វ័យ ២៤ ឆ្នាំ សង្កត់ធ្ងន់​ដូច្នេះ ៖«​បើសិន​ខ្ញុំ​មាន​លុយ ឬ មាន​លទ្ធផល ខ្ញុំ​ប្រហែល​អាច​បើក​ក្លិប​ប្រដាល់​មួយទៀត​ជាមួយ​បងប្រុស​ខ្ញុំ នៅ ស៊ីថា ទៅ​ថ្ងៃ​អនាគត​ប្រចាំ​ភូមិ​ខ្ញុំ​នៅ​ម្ដុំ​ចំការ​ដូង​តែម្ដង ព្រោះ​បង​ខ្ញុំ​គាត់​យល់​អំពី​ការងារ​នេះដែរ​។ នេះ​ជាការ​រួមចំណែក​ក្នុងការ​ស្រលាញ់​គុន​ខ្មែរ និង ជួយ​បំផុស​គុន​ខ្មែរ​»​។ 
 
​បន្ទាប់ពី​ទទួល​ការបង្ហាត់​ដោយ​គ្រូបង្វឹក ញ៉ូ​វ ម៉ាក និង លោក ម៉ាក សា​ខន នៅ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ នា​ដើមឆ្នាំ ២០១៤ ស្រី​ពៅ ចាប់ផ្ដើម​មាន​ទីផ្សារ ជា​ហូរហែ រហូតដល់​ពិបាក​រក​គូប្រកួត​នៅក្នុង​ស្រុក​។  បន្ទាប់មក​គេ​បាន​ឈាន​ជើង​ចូល​សង្វៀន​អន្តរជាតិ​ចំនួន ៤ លើក គិត​ត្រឹម​ពេលនេះ​។ ពីរលើក​ដំបូង ស្រី​ពៅ ឈ្នះ កីឡាការិនី​ម្ចាស់​មី​យ៉ាន់​ម៉ា Shwe Sin Min នៅ​ឆ្នាំ ២០១៨  និង​ទទួលពាន​ជា​កីឡាការិនី​ឆ្នើម​បំផុត​ប្រចាំ​សង្វៀន World Lethwei Championship របស់​មី​យ៉ាន់​ម៉ា​។ 
 
​បន្ទាប់មក​នា​ខែ កុម្ភៈ​ឆ្នាំ ២០១៩ ស្រី​ពៅ បាន​បង្កើត​កំណត់ត្រា​គួរ​ចង​ឲ្យ​ចាំ​ដោយ​យកឈ្នះ​កីឡាការិនី​មានបទពិសោធន៍​ច្រើន​ថៃ Rika Ishige ដោយ​ពិន្ទុ​នៅ​សង្វៀន ONE នា​ប្រទេស​ថៃ មុន​ចាញ់​ពិន្ទុ​ទាំង​ល្អមើល​ទល់នឹង​កីឡាករ​ការិនី​ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី Priscilla កាល​ដើមខែ ឧសភា​។ 
 
​បច្ចុប្បន្ន នៅ ស្រី​ពៅ  កំពុង​ហាត់​ប្រដាល់សកល​ជាមួយ​គ្រូបង្វឹក វ៉ែន សុផល​, ជ័យ ណា​រ៉ា  និង គ្រូបង្វឹក​សញ្ជាតិ​គុយបា Rolando castellano rodriquez  ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចុងឆ្នាំ ២០១៩ នេះ​នៅ​ប្រទេស​ហ្វីលីពីន​។ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន នឹង​ចាប់ផ្ដើម​បើក​ពី​ថ្ងៃទី ៣០ ខែ វិច្ឆិកា ដល់​ថ្ងៃ​បិទ​បញ្ចប់​ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩​។ ដ្បិត​ហ្វឹកហាត់​ខ្លាំងក្លា  នៅ ស្រី​ពៅ មិន​ខុសពី វី ស្រី​ខួច ប៉ុន្មាន​ទេ ដោយសារ​មិនសូវមាន​សង្វៀន​ប្រដាល់សកល​ឡើង​ប្រកួត​ញឹកញាប់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com