អន្តរជាតិ
ក្លាយជា «កូននាគអាស៊ី» សិង្ហបុរី ឲ្យតម្លៃខ្ពស់លើធនធានមនុស្ស ប្រភពរូប៖ AFP
× សិង្ហបុរី បានក្លាយជាប្រទេសឯករាជ្យពេញលេញ ក្នុងឆ្នាំ១៩៦៥ ដោយកាលនោះប្រទេសកោះក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានមិត្តតិចតួច និងពុំសូវសម្បូរធនធានធម្មជាតិឡើយ។ គេលើកជាសំណួរថា តើសិង្ហបុរី បានប្រើប្រាស់មធ្យោបាយអ្វី ដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏ធំសម្បើមមួយលើពិភពលោក ដែលស្គាល់ថា «កូននាគអាស៊ី»? ចំពោះយុទ្ធសាស្ត្រនោះ បិតាស្ថាបិកសិង្ហបុរីទំនើប លោក លី ក្វាន់យូ បានពន្យល់ថា «សិង្ហបុរី អភិវឌ្ឍធនធានធម្មជាតិដែលមានតែមួយគត់ នោះគឺជា ប្រជាជន»។
ប្រព័ន្ធអប់រំសិង្ហបុរី ត្រូវបានចាត់ទុកថា ល្អបំផុតមួយលើពិភពលោក។ សម្រាប់រយៈពេលជាង១ទស្សវត្សរ៍ចុងក្រោយនេះ សិង្ហបុរី រួមជាមួយនឹងជប៉ុន ហ្វាំងឡង់ តៃវ៉ាន់ កូរ៉េខាងត្បូង ហុងកុង និងសៀងហៃ ឈរនៅលើ ឬក្បែរកំពូលនៃតារាងក្រុមប្រទេសអន្តរជាតិ ដែលវាយតម្លៃសមត្ថភាពរបស់កុមារក្នុងមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ។ រដ្ឋាភិបាលសិង្ហបុរី បានរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភាពជោគជ័យនេះ ដោយផ្គត់ផ្គង់ទីតាំង និងសម្ភារសិក្សាទំនើបៗ និងគ្រូបង្រៀនមានសមត្ថភាពខ្ពស់ដើម្បីបង្ហាត់ក្នុងសាលារៀន។ ដូច្នេះ តើអ្វីជាភាពលេចធ្លោនៃប្រព័ន្ធអប់រំរបស់សិង្ហបុរី ហើយមានកត្តាអ្វីខ្លះដែលចូលរួមចំណែកក្នុងភាពជោគជ័យនេះ?
ការអប់រំ គឺជាកាតព្វកិច្ចដែលចាំបាច់បំផុត សម្រាប់ប្រជាជនសិង្ហបុរី
ក្នុងប្រទេសសិង្ហបុរី ការសិក្សា រៀនសូត្រ គឺជាអ្វីដែលស្ថិតក្រោមអំណាចច្បាប់។ សិស្សានុសិស្សគ្រប់រូប តម្រូវឲ្យចូលរៀនយ៉ាងចាំបាច់ ចាប់តាំងពីអាយុ៣ និង៤ឆ្នាំ ក្នុងមតេ្តយ្យសាលា។ ដូចគ្នាអីច៊ឹងដែរ សម្រាប់ថ្នាក់បឋមសិក្សា ពួកគេ នឹងត្រូវចុះឈ្មោះចូលរៀនក្នុងសាលាបឋមសិក្សា ក្រោយសាលាត្រៀម (pre-school) ។ សម្រាប់ឳពុកម្តាយ ឬអាណាព្យាបាល ដែលពុំបានបញ្ជូនកូនៗរបស់ពួកគេឲ្យចូលរៀនទេនោះ ពួកគេ អាចមានបញ្ហាធ្ងន់ធ្ងរជាមួយអាជ្ញាធរសិង្ហបុរី ដែលអាចឈានដល់ការបង់ពិន័យជាលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ជាដើម។ ចំណែកឯ ជនជាតិបរទេស ដែលស្នាក់អាស្រ័យក្នុងប្រទេសសិង្ហបុរី ក៏តម្រូវឲ្យនាំកូនៗពួកគេទៅចុះឈ្មោះចូលរៀនផងដែរ។
តួនាទីរបស់ក្រសួងអប់រំ វិទ្យាស្ថានជាតិអប់រំ និងគ្រូបង្រៀនសិង្ហបុរី
ដើម្បីសម្រេចបាននូវប្រព័ន្ធអប់រំកម្រិតខ្ពស់លើពិភពលោក គុណភាពរបស់គ្រូបង្រៀន និងភាពជាអ្នកដឹកនាំ គឺជាប្រភពដ៏មានតម្លៃ និងគ្រោងឆ្អឹងដ៏សំខាន់បំផុតមួយ ដែលពុំអាចខ្វះបាន។ តួនាទីស្នូលរបស់មេដឹកនាំសាលានានា គឺ បំពាក់បំប៉ន់គ្រូបង្រៀនឲ្យមានភាពច្នៃប្រឌិតខ្ពស់ នវានុវត្តន៍ និងប្រកបដោយត្រិះរិះពិចារណា នៅពេលដែលពួកគេបង្ហាត់បង្រៀនសិស្សានុសិស្ស ដែលមានទេព្យកោសល្យខុសៗគ្នា ហើយព្រមទាំងមានសមត្ថភាពបង្កើតបរិយាកាសសិក្សាសម្រាប់សិស្សឲ្យកាន់តែប្រសើរឡើង។ ចំណុចសំខាន់នោះគឺ គ្រូបង្រៀន គឺជាមនុស្សដែលចំណាយពេលជាច្រើនបំផុតជាមួយសិស្ស ហេតុដូច្នេះហើយ ពួកគេ មានឥទ្ធិពលយ៉ាងខ្លាំងលើសិស្សទាំងនោះ។
សិង្ហបុរី ជឿជាក់ថា ភាពជោគជ័យនៃដំណើរការរៀនសូត្រទាំងមូល ពឹងផ្អែកយ៉ាងធំធេងលើសមត្ថភាពរបស់គ្រូបង្រៀនក្នុងការប្រាស្រ័យទាក់ទងជាមួយសិស្សប្រកបដោយប្រសិទ្ធភាព ក៏ដូចជា ការអនុវត្តគរុកោសល្យ ជាឧបករណ៍សម្រាប់ចែករំលែកចំណេះដឹងរបស់ពួកគេ។ ទន្ទឹមនឹងគ្នានេះ ក្រសួងអប់រំសិង្ហបុរី កំពុងវិនិយោគយ៉ាងក្រាស់ក្រែលលើគុណភាពនៃគ្រូបង្រៀន និងបណ្តុះបណ្តាលពួកគេឲ្យសម្របខ្លួនទៅនឹងការប្រែប្រួលរបស់ពិភពលោកក្នុងវិស័យអប់រំ។ ម្យ៉ាងវិញទៀត វិទ្យាស្ថានជាតិអប់រំសិង្ហបុរី ក៏មានកាតព្វកិច្ច ដើម្បីធានាឲ្យបានថា គ្រូបង្រៀនដែលបញ្ចប់ការសិក្សារួច មានសមត្ថភាពក្លាយជាអ្នកអប់រំល្អបំផុតសម្រាប់អ្នកសិក្សាសតវត្សរ៍ទី២១ ។
ការចូលរួមរបស់ឪពុកម្តាយ ឬអាណាព្យាបាល ក្រសួងអប់រំសិង្ហបុរី មានទំនួលខុសត្រូវចម្បងមួយដោយធានាឲ្យបានថា ឪពុកម្តាយនៅសិង្ហបុរី ចូលរួម និងរួមចំណែកយ៉ាងសកម្មក្នុងភាពរីកចម្រើនរបស់កុមារ។ ឪពុកម្តាយ ឬអាណាព្យាបាល មានតួនាទីជួយពង្រឹងបន្ថែមនូវអ្វីដែលគ្រូបង្ហាត់បង្រៀនទាំងចំណេះដឹង និងសីលធម៌។ លើសពីនេះ ឪពុកម្តាយ និងគ្រូបង្រៀន ក៏មានកិច្ចប្រជុំរួមគ្នាផងដែរដើម្បីពង្រឹងការប្រាស្រ័យទាក់ទងរវាងសាលារៀន និងឪពុកម្តាយ៕
Tag:
សិង្ហបុរី
ប្រព័ន្ធអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com