កីឡាជាតិ
ជាតិ
FFC ស្វាគមន៍ជម្រើសជាតិយ៉ាងកក់ក្តៅ ក្រោយឈ្នះទាំងពីរជើងជាប្រវត្តិសាស្ត្រក្នុងវគ្គជម្រុះ World Cup ប្រាក់ មុនីឧត្តម និងក្រុមទាំងមូលទទួលបាននូវការស្វាគមន៍យ៉ាងក្តៅ។ រូបថត ទូច សុវណ្ណឌី
× ឆៃយ៉ាំ! សម្រែកអបអរសាទរ! មនុស្សយ៉ាងច្រើនកុះករ បាននាំគ្នាទៅទទួលស្វាគមន៍ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីពួកគេទទួលបានកៅអីទៅកាន់វគ្គជម្រុះជុំទីពីរនៃពានរង្វាន់ World Cup ឆ្នាំ២០២២។ នេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដែលឈ្នះការប្រកួតទាំងពីរនៅវគ្គជម្រុះ World Cup បើគិតចាប់តាំងពីពួកគេចូលប្រកួតប្រជែងតាំងពីឆ្នាំ១៩៩៧មក។
កាលពីថ្ងៃទី៦ ខែមិថុនា កម្ពុជាបានយកឈ្នះ ២-០ ដែលសម្រេចបានដោយ សៀង ចន្ធា និងគួច សុគម្ភៈ នាជំនួបជើងទីមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រោមការដឹកនាំរួមគ្នាដដែលរបស់លោក Keisuke Honda និងលោក Felix Dalmas កម្ពុជា បានបន្តយកឈ្នះជំនួបជើងពីរ នៅក្រុងដូហា ប្រទេសកាតា ដែលប៉ាគីស្ថានយកធ្វើជាទឹកដី។ សេត រ៉ស៊ីប និង រ៉ឹង ប៊ុនហៀង ជាអ្នកសម្រេចផលឲ្យកម្ពុជា នាជំនួបកាលពីរាត្រីថ្ងៃទី១១ ឈានចូលដល់ថ្ងៃទី១២ ខែមិថុនា ម៉ោងនៅកម្ពុជា។
យើងអាចនិយាយបានថា កម្ពុជា ជាក្រុមដំបូងបំផុតដែលឈ្នះការប្រកួតពាក់ព័ន្ធនឹង World Cup 2022 នៅលើទឹកដីកាតា ដែលជាម្ចាស់ផ្ទះ រៀបចំនារយៈពេល៣ឆ្នាំខាងមុខទៀត តែនេះគឺដោយសារតែប៉ាគីស្ថាន ដែលមានបញ្ហាផ្ទៃក្នុង សម្រេចប្រើប្រាស់ធ្វើជាទឹកដី។ អ្វីដែលជាមោទកភាពនោះ គឺការទទួលជ័យជម្នះទាំងពីរជើងលើកដំបូងបំផុតរបស់កម្ពុជា ក្នុងការប្រកួតជម្រុះ World Cup។
កំណត់ត្រាកន្លងមក ដែលល្អបំផុតរបស់កម្ពុជានោះ គឺការយកឈ្នះម៉ាកាវ ៣-០ នៅក្នុងទឹកដី កាលពីឆ្នាំ២០១៥ ហើយស្មើ ១-១ វិញនៅទឹកដីម៉ាកាវ។ សរុបទាំងពីរជើង នាំឲ្យកម្ពុជាឈានទៅកាន់វគ្គជម្រុះជុំទីពីរ នៃព្រឹត្តិការណ៍ World Cup ជាលើកដំបូង។
ការប្រកួតផ្សេងទៀត បើគិតចាប់តាំងពីឆ្នាំ១៩៩៧មក កម្ពុជាតែងតែរងគ្រោះជាមួយនឹងការធ្លាយគ្រាប់បាល់ដ៏ច្រើន និងធ្លាប់ស្មើឥណ្ឌូណេស៊ី ១-១ នៅឆ្នាំ១៩៩៧ ស្មើម៉ាល់ឌីវ ១-១ ដូចគ្នា នៅឆ្នាំ២០០១។ ប្រវត្តិដ៏ខកចិត្តរបស់កម្ពុជា កើតឡើងនៅឆ្នាំ២០១១ ដោយកាលណោះ កម្ពុជាឈ្នះ ៤-២ នៅក្នុងដី តែបានហាលអាវ ដោយចាញ់ឡាវ ៦-២ វិញ នាម៉ោងបន្ថែម សម្រាប់ការប្រកួតជើងទីពីរនៅក្រុងវៀងចន្ទន៍។
នារសៀលថ្ងៃទី១២ ខែមិថុនា លោក សៅ សុខា ប្រធាន FFC លោក ខៀវ សាម៉េត ដែលជាអនុប្រធាន រួមជាមួយមន្ត្រី ក្រុមហ៊ុនដៃគូ ក៏ដូចជាអ្នកសារព័ត៌មាន ទៅស្វាគមន៍កីឡាករដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយផ្ទាល់។
លោក Keisuke Honda លោក Felix Dalmas និងក្រុមការងារជនជាតិជប៉ុន មិនមានវត្តមានជាមួយក្រុមនោះឡើយ។ បើតាមមន្ត្រីសហព័ន្ធ ពួកគេធ្វើដំណើរផ្ទាល់ពីដូហា ឆ្ពោះទៅប្រទេសជប៉ុន។
ក្រោយបំពាក់កម្រងផ្កា ដល់ក្រុមគ្រូបង្វឹក និងកីឡាករ លោក សៅ សុខា បានប្រគល់កញ្ចប់ប្រាក់ចំនួន៣៧០០០ដុល្លារអាមេរិកដល់ក្រុមទាំងមូល ដោយសមាជិកម្នាក់ៗទទួលបានចំនួន១០០០ដុល្លារអាមេរិក។ ទឹកប្រាក់ទាំងនេះ ជារង្វាន់លើកទឹកចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
Tag:
ជម្រើសជាតិ
World Cup
Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com